• 2021-09-02 02:44:42
  • ព័ត៌មាន

គ្មានទោសសោះ តែតារាចម្រៀងអាហ្វហ្គានីស្ថានម្នាក់បែរត្រូវក្រុមតាលីបង់អូសទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃ

  • 2021-09-02 02:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រពៃណីអាហ្វហ្គានីស្ថានម្នាក់ដែ​លមាន​ឈ្មោះ​ថា​ Fawad Andarabi ត្រូវ​បាន​ក្រុម​តាលីបង់អូសយក​ទៅសម្លាប់ចោល នៅ​ខេត្តមួយ​នៅ​តំបន់ភ្នំភាគខាងជើងទីក្រុង Kabul កាល​ពីថ្ងៃសុក្រ សប្ដាហ៍មុន។ នេះ​បើតាម​អ្នកកាសែតក្នុងស្រុកម្នាក់ រាយការណ៍ប្រាប់ CNN

ដោយឡែក​បើ​យោងតាម កូនប្រុស​របស់ជនរងគ្រោះខាងលើ ដែលមាន​ឈ្មោះថា Jawad ក៏បាន​ប្រាប់​សារព័ត៌មាន The Associated Press ដែរថា​ តារា​ចម្រៀងជើងចាស់ Fawad Andarabi ត្រូវ​បាន​គេ​បាញ់ចំក្បាល ក្នុង​ដី​ចម្ការរបស់គ្រួសារ ក្នុង​ Andarab Valley ខេត្ត Baghlan ភាគខាងជើង

កូនប្រុស​ដដែល​បាន​និយាយថា​ «គាត់​គ្មាន​ទោសកំហុសអ្វីទេ ហើយគាត់ត្រឹម​ជា​អ្នកចម្រៀងដែល​កំដរអារម្មណ៍ប្រជាជន​ទូទៅប៉ុណ្ណោះ»។

កាសម្លាប់នេះ កាន់តែបង្កការ​ព្រួយបារម្ភអំពីការវិលត្រឡប់ទៅរក ការរឹតបន្តឹងច្បាប់ដែលក្រុមតាលីបង់បាន​ដាក់ដូចកាល​ពីគ្រប់គ្រង អាហ្វហ្គានីស្ថាន កាល​ពីឆ្នាំ ១៩៩៦ ដល់ ២០០១

ក្នុងបទសម្ភាសជាមួយ The New York Times កាល​ពីថ្ងៃពុធ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabiullah Mujahid បាន​និយាយថា​ «តន្ត្រីត្រូវ​បាន​ហាមឃាត់នៅក្នុងសាសនាឥស្លាម»។ បន្ថែម​ពីលើនេះ លោកនៅ​បាន​បន្ថែម​ថា ក្រុមតាលីបង់សង្ឃឹមថា ពួកគេ​អាច​បញ្ចុះបញ្ចូលប្រជាជន ឈប់ធ្វើ​រឿង​បែបនេះ​ទៀត ជាជាងដាក់សម្ពាធ​លើ​ពួកគេ។

ទាក់ទងព័ត៌មាន​នៃការ​ស្លាប់របស់លោក Andarabi ពិត​ជាបង្ក​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​លោកស្រី Karima Bennoune  ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួល​បន្ទុកសិទ្ធិវប្បធម៌។ ក្នុងនោះលោកស្រី បាន​បង្ហោះ​លើ​ Twitter កាល​ពី​ថ្ងៃសៅរ៍ថា​ «យើងសូមអំពាវនាវឲ្យបណ្ដាប្រមុខរដ្ឋាភិបាល ទាមទារឲ្យក្រុមតាលីបង់គោរពសិទ្ធិរស់នៅរបស់តារាៗផង»៕​

ប្រភព៖ CNN ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់