• 2021-09-10 03:21:03
  • ព័ត៌មាន

ចម្រៀង​១​បទ​នេះ​ហើយ ធ្វើ​ឲ្យ ម៉េង កែវពេជ្ជតា ក្ដៅ​ឆេវ​នៅ​មិន​សុខ​កាល​ពី​ម្សិលមិញ

  • 2021-09-10 03:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង ម៉េង កែវពេជ្ជតា ដែល​កន្លង​មកមិន​សូវ​អើពើ​នឹង​រឿង​ក្នុង​សង្គម​សិល្បៈ​ទូទៅ​នោះ នៅ​ថ្ងៃ​ម្សិលមិញ​បានចេញ​មក​ប្រតិកម្ម​ជុំវិញ​ការ​ប្រើ​ប្រាស់​បទ​ចម្រៀង​មួយ​បទ​របស់​តារា​ចម្រៀង ឬ​អ្នក​ច្រៀង​តាម​នានា។

បទ​ចម្រៀង​មួយ​បទ​នោះ មាន​ចំណង​ជើង​ថា "ជំនោរ​ដើម​ខែ"។ តាម​តារា​ចម្រៀង​រៀម​ច្បង ចម្រៀង​មួយ​បទ​នេះ មាន​ប្រភពពី​អ្នកចម្រៀងរៀមច្បងជំនាន់​សាធារណៈរដ្ឋ​ប្រជាមានិតកម្ពុជា​ (​ ១៩៧៩-៨៩​ ) គឺលោកស្រី​ ម៉ម​ សុខា ប្រគំ​ភ្លេងដោយក្រុមតន្ត្រី​ វិទ្យុជាតិកម្ពុជា ។ ប៉ុន្តែ​អ្នក​នាង បាន​បានកែសម្រួលជាថ្មីខ្លះដេីម្បីតម្រូវតាមតថភាពសង្គមសម័យព្រះរាជាណាចក្រកម្ពុជា​ គឺប្តូរពីបទចម្រៀងបែប​នយោបាយមកជាបែបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរទូទៅវិញ។

យ៉ាង​ណា​ក៏​ដោយ ម៉េង កែវពេជ្ជតា លើក​ឡើង​ថា អ្នក​នាង​បានប្រេីពេល​ប្រេីគំនិត​ និងដាក់អារម្មណ៍បញ្ចូលតួខ្លាំងណាស់ ទំរាំបទនេះ ក្លាយជាបទចម្រៀងមានអត្ថន័យសមស្រប​ និងកាន់តែពេញនិយមសម្រាប់អ្នក​ស្តាប់​គ្រប់ស្រទាប់។ ប៉ុន្តែមក​ដល់​បច្ចុប្បន្ន ចម្រៀង​មួយ​នេះ បាន​លេច​ឡើង​នៅ​លើ​ប្រព័ន្ធយូធូប​ដែល​ច្រៀង​ដោយ​តារា​ចម្រៀង​អាជីព និង​មិន​អាជីព​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​អ្នក​គាំទ្រ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។

នៅ​ក្នុង​សកម្មភាព​នោះ មិន​ឃើញ​មាន​ការ​ផ្ដល់​ការ​គោរព​ ឬ​ឲ្យ​តម្លៃ​ទៅ​លើ​អ្នក​នាង​ជា​អ្នក​ដែល​បាន​ប្រើ​គំនិត​បញ្ញា​កែខៃ​បទ​នេះ​រហូត​មាន​ភាព​ពេញ​និយម​នោះ​ទេ។ បញ្ហា​នេះ តារា​ចម្រៀង​សំឡេង​ផ្អែម សង្កត់​ធ្ងន់​ថា រាល់​ការ​យក​ទៅ​ច្រៀង​ឡើង​វិញ គួរ​តែ​មាន​ការ​ដាក់​បញ្ជាក់​ម្ចាស់​ដើម​ច្បាស់​លាស់ ក្រៅ​ពី​ពាក្យ​ថា "មរតក​ដើម"។

"បេីមិនស្គាល់លោកស្រី​ ម៉ម​ សុខា​ ព្រោះគ្មានសំឡេងគាត់​នៅ​ ក៏គួរតែស្គាល់សំឡេង​ និងស្គាល់មុខរបស់ពេជ្ជតា​ ស្គាល់អាខោន​ពេជ្ជតា​ ដែរ​ ម្តេចមិនឆាតសួរ​ ព្រោះថាពួកគេច្រៀងតាមនាងពេជ្ជតា​ ក្នុងផលិតកម្មឆ្លងដែន​ទេតេី…!”។

ម៉េង កែវ​ពេជ្ជតា បាន​ចោទ​សួរ​បន្ត​ថា ការ​ដែល​មិន​ដាក់​បញ្ជាក់​ម្ចាស់​បទ​ដើម មាន​ចេតនា​ផ្សេង​ឬ​យ៉ាង​ណា។ អ្នក​នាង ចោទ​ជា​សំណួរ​ថា "ខ្លាចម្ចាស់ដេីមល្បីជាង​ ? ខ្លាចគេថាខ្លួនអន់​ ?​ ចង់បំបាត់ឈ្មោះម្ចាស់ដេីម​ ? ឬចង់អោយជំនាន់ក្រោយច្រលំ​ ? តេីវាពិបាកជាងម្ចាស់ស្នាដៃខ្លាំងណាស់មែនទេដែលគ្រាន់តែដាក់ឈ្មោះអោយគេដោយមិនចំណាយលុយមួយជ្រុងសេនផង​?”.

បន្ទាប់​មាន​ប្រតិកម្ម​បែប​នេះ គេ​ឃើញ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​សាទរ ប៉ុន្តែ​ក្រុម​មនុស្ស​ផ្សេង​ក៏​បាន​វាយ​ប្រហារ​អ្នក​នាង​ដែរ​ថា ការ​ចេញ​មុខ​អ្នក​នាង​នា​ពេល​នេះ មាន​ចរិត​ច្រណែន ដោយ​សារ​ឃើញ​រលក​ក្រោយ​ល្បី​ជាង។

យោង​តាម​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល ដែល​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​អោយ​ប្រើ​ប្រាស់​តាំង​ពី​ថ្ងៃ​ទី ៣១ មករា ២០០៣ នោះ ការ​ទាមទារ​របស់​អ្នក​នាង ម៉េង កែវពេជ្ជតា សិ្ថត​ក្នុង​​​សិទ្ធិ​សីលធម៌ ដែល​ជា​សិទ្ធិ​មួយ​ក្នុង​ចំណោម​២ធំ​ៗ​ក្នុង​ច្បាប់ "សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល។

តាម សិទ្ធិ​សីលធម៌ បាន​ចែងថា​៖ គឺ​ជា​សិទ្ធិ​ដែល​ទាម​ទារ​ការ​ទទួល​ស្គាល់​របស់​ម្ចាស់​សិទ្ធិ ឬ​អ្នក​​និពន្ធ មាន​ន័យ​ថា អ្នក​ប្រើ​ប្រាស់​ស្នាដៃ​នានា នឹង​ត្រូវ​តម្រូវ​ឲ្យ​​ដាក់​ឈ្មោះ​អ្នក​និពន្ធ ឬ​ម្ចាស់​សិទ្ធិ​ជា​ដើម​ជា​ចាំបាច់ ហើយ​ខុស​ពី​សិទ្ធិ​បេតិកភណ្ឌ សិទ្ធិ​ប្រភេទ​នេះ មិន​មាន​អាយុកាល​នោះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់