• 2021-09-16 00:45:00
  • ព័ត៌មាន

នាយក្រូច បង្ខំ​ឪលក់​គោយក​លុយ​មក​ភ្នំពេញ ពេល​មក​ដល់​គេ​បោក​យក​ម៉ត់

  • 2021-09-16 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះតារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ CTN នាយក្រូច ទម្លាយខ្សែជីវិតជូរចត់ មុនពេលចូលសិល្បៈ បន្ទាប់ពីរូបលោកមានសត្ថភាពសាងកេរ្តិ៍ឈ្មោះល្បីល្បាញ នឹងមានប្រភពការងារ ឥតខ្វះលើអាជីពជាអ្នកសិល្បៈដូចសព្វថ្ងៃ។

ប្រិយមិត្តធ្លាប់តែបានសើចសប្បាយជាមួយនឹងសកម្មភាពកំប្លុកកំប្លែងរបស់ នាយក្រូច ដែលជាតារា កំប្លែងពូកែវោស័ព្ទ គួបផ្សំជាមួយភាពក្រម៉ិចក្រម៉ើមធ្វើឱ្យមហាជនសើចហ៊ាទឹកភ្នែកតែម្ដង។ តាមរយៈ ស្នាដៃ និងសម្ថភាពទាំងនេះហើយធ្វើឱ្យប្រជាប្រិយភាពលោកកាន់តែខ្ទរខ្ទារ ចាប់ជាប់ឱកាសការងារ ណែនដៃតែម្ដង។ ដោយឡែកនៅក្រោយភាពមានបានដូចសព្វថ្ងៃនេះ ជឿជាក់ថាមហាជនជនមិនច្រើន​ទេ ដែលបានដឹងពីប្រវត្តិជូរចត់ មុនជោគជ័យលើវិថីសិល្បៈបែបនេះ។

និយាយរឿងខ្សែជីវិតជូរចត់ នាយក្រូច បង្ហើបប្រាប់កម្មវិធីក្នុងស្រុកមួយពាក់ព័ន្ធដំណើរជីវិតរបស់ខ្លួនថា លោកកើតក្នុងគ្រួសារក្រខ្សត់ខ្លាំង ដោយសារតែភាពក្រធ្វើឱ្យ នាយក្រូចសម្រេចចិត្តលក់គោយកលុយ មកធ្វើការរោងចក្រនៅភ្នំពេញ។ ប៉ុន្តែការតាំងចិត្តរើបម្រះ របស់នាយក្រូច មិនបានជួយអ្នកផ្ទះឱ្យមាន​បាននោះទេ បែរជាធ្វើឱ្យគ្រួសារកាន់តែក្រដុនដាប់ខ្លាំងឡើង ព្រោះកាលណោះលោកចាញ់បោកមេ​ខ្យល់នាំមកធ្វើការរោងចក្រអស់១៥០$លុយលក់គោនេះតែម្ដង។

នាយក្រូច៖”កាលណោះខ្ញុំបង្ខំឪលោកគោយកលុយមកធ្វើការនៅភ្នំពេញ តែពេលមកដល់បានប៉ុន្មាន ថ្ងៃត្រូវមេខ្យល់ធ្វើស៊ីរត់យកលុយខ្ញុំអស់១៥០$ លុយនឹងច្រើនខ្លាំងណាស់សម្រាប់ខ្ញុំព្រោះកាលហ្នឹង គ្រួសារខ្ញុំមិនដែលនឹងស្គាល់លុយ១ម៉ឺនរៀលផង”។

បន្ទាប់ពីត្រូវចាញ់បោកគេអស់លុយពីខ្លួនមក នាយក្រូច បន្តដំណើរជីវិតរស់នៅភ្នំពេញមានលុយតែ ១៥០០រៀលក្នុងខ្លួន គ្មានផ្ទះដេកដើរសុំទឹកគេផឹក អត់បាយហូប ដើរដេកតាមរបងសាលាធ្លាក់ខ្លួនស្គម​ស្គាំងត្រូវគេវាយ ជេរប្រមាថអំឡុងពេលដើររើសអេតចាយ។ ខ្សែជីវិតរបស់នាយ ក្រូច កាន់តែរសាត់ អណ្ដែតរហូតលោកអាចសុំគេចូលធ្វើការរោងចក្រ និងមានលទ្ធភាពទិញម៉ូតូរត់ឌុប។

ហេតុតែមានទេពកោសល្យ និងឈាមជ័រសិល្បៈពីម្ដាយ នាយក្រូច ក៏ចាប់ផ្ដើមរៀនច្រៀងភ្លេងការ រហូតដល់លោក មានឱកាសចូលប្រកួតកំប្លែងនៅស្ថានីយ៍ទូរទស្សន៍ CTN ទទួលបានរង្វាន់ជាទឹកប្រាក់ ១លានរៀល។ ចំណុចនេះ នាយក្រូច លើកឡើងថា”ខ្ញុំមិនដែលគិតទេថា ខ្ញុំហ៊ានទៅប្រលងកំប្លែង ហើយថែមទាំងទទួល បានពានរង្វាន់លុយច្រើនបែបនេះ”។

យ៉ាងណាមិញទាំងនេះគ្រាន់តែជាខ្សែជីវិតជូរចត់នាអតីតកាល របស់តារាកំប្លែងរូប នេះតែប៉ុណ្ណោះបើងាកមកមើលបច្ចុប្បន្នវិញ នាយក្រូច ប្រែវាសនាជាតារាកំប្លែង ល្បីឈ្មោះ មានផ្ទះមានលុយឡានមិនខ្វះឡើយ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់