• 2021-09-22 03:05:35
  • ព័ត៌មាន

ទើប​តែ​មាន​ការ​ទម្លាយ​ព្រឹក​នេះ តាម​ពិត​បទ "ភ្លេងមច្ចុរាជ" គឺ​ជាសាច់​រឿង​ពិត​ ១០០% របស់​នាយត្រង់ដឺ

  • 2021-09-22 03:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ដភាគច្រើន ប្រហែលបានលឺ និងបានស្ដាប់យ៉ាងយកចិត្ដទុកដាក់ច្រើនដងលើចម្រៀង១បទរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺបទ“ភ្លេងមច្ចុរាជ” ប៉ុន្ដែប្រិយមិត្ដប្រហែលជាមិនបានដឹងទេថា អត្ថន័យនៅក្នុងបទនេះបង្កប់នូវរឿងរ៉ាវស្នេហាត្រីកោណរបស់អតីតតារាកំប្លែងម្នាក់។

រូបថត៖ នាយវាំងឌឺ កូននាយត្រង់ដឺ

ទំព័រFacebook ចៅកម្ពុជា-Chao Kampuchea បានលាតត្រដាងរឿងរ៉ាវនេះយ៉ាងលម្អិតដោយផ្អែកលើប្រភពគួរឲ្យទុកចិត្ដជាច្រើន។ ទំព័រនេះបញ្ជាក់ថា “ភ្លេងមច្ចុរាជ” គឺជាស្នាដៃនិពន្ធដោយកវី គង្គ ប៊ុនឈឿន ហើយលោក ស៊ីន ស៊ីសាមុត បានច្រៀងរៀបរាប់ពីស្នេហាឈឺផ្សាររបស់លោក យិន បឿន ហៅនាយត្រង់ដឺ យ៉ាងកម្សត់។

លោក យិន បឿន ហៅនាយត្រង់ដឺ បានប្រាប់កវីគង្គ ប៊ុនឈឿន និពន្ធបទនេះឡើងដោយមានខ្លឹមសារទាំងស្រុងថា៖ កុសល គឺជាសង្សារសំណព្វក្នុងដួងចិត្តរបស់បឿន ហើយក៏ជាស្នេហាទីពីររបស់នាយ បន្ទាប់ពីនាងមន្ថា។

នាយត្រង់ដឺ

ដើមឡើយនាយត្រង់ដឺ គឺជាអ្នកលេងល្ខោននៅខេត្តបាត់ដំបងឯណោះទេ លុះក្រោយមកក៏បែកធ្លាយរឿងរ៉ាវស្នេហាសម្ងាត់រវាងលោក និងកូនស្រីថៅកែល្ខោនដែលមានឈ្មោះថានាង "មន្ថា"។ លុះក្រោយមក ថៅកែល្ខោន បានបញ្ជូនបឿនឲ្យមករស់នៅកំពង់ចាមវិញ ដើម្បីរក្សាគម្លាតទំនាក់ទំនងអ្នកទាំងពីរឱ្យដាច់ស្រឡះ។

និយាយឱ្យចំទៅបឿនក៏ជាមនុស្សសាវ៉ាម្នាក់ដែរ ព្រោះពេលបានមកដល់កំពង់ចាម ក៏បានស្គាល់នាងកុសល រហូតមានស្នេហាជាមួយគ្នាទៀតដោយលាក់ជិតមិនឱ្យមន្ថាដឹងទេ។ កុសល គឺជាប្អូនស្រីរបស់អ្នកគ្រូកំសាន្ត ដែលជាគ្រូបង្រៀនអក្សររបស់បឿន។

នាយវាំងឌឺ កូននាយត្រង់ដឺ

ចុងក្រោយបង្អស់ នៃស្នេហាត្រីកោណរបស់បឿន បានក្លាយទៅជារឿងដ៏សែនអភ័ព្វមួយ ប្រៀបបានដូចជា "មាននិស្ស័យ តែគ្មានវាសនា" ពោលថ្ងៃមួយនាងមន្ថាបានដឹងពីទំនាក់ទំនងស្នេហារវាងបឿន និងកុសល នាងខឹងពេកក៏រៀបការជាមួយនឹងគហបតីនៅឯបាត់ដំបង។

រីឯនាងកុសលវិញក៏បានកើតខ្យល់ស្លាប់បាត់បង់ជីវិតនៅឯកំពង់ចាម ដោយបឿនទៅមិនទាន់ដង្ហើមនាងសោះ ព្រោះពេលនោះបឿនមានភារកិច្ចនៅឯបាត់ដំបង ពោលគឺទៅក្នុងគោលបំណងសងប្រាក់ថៅកែល្ខោន ដែលជាឪពុកនាងមន្ថា ដែលបានសរសេរសំបុត្រឲ្យទៅលោកសងបំណុលជាកំហិត ប៉ុន្តែការពិតគឺជាល្បិចកលមួយដើម្បីឱ្យបឿនទៅចូលរួមមង្គលការប្រកបដោយសេចក្ដីចុងឈាមសោះ។

ចំណែកឯមរណៈភាពនាងកុសលឯណោះវិញ គឺកាន់តែធ្វើឲ្យបឿនមានសេចក្ដីអាឡោះអាល័យសោកស្តាយខ្លាំង រហូតលាកំពង់ចាម ទៅធ្វើការនៅឯភ្នំពេញ និងបានក្លាយជាតារាភាពយន្តផ្នែកកំប្លែងតរៀងទៅ។ ដើម្បីបានជ្រាបនូវអត្ថន័យកាន់តែច្បាស់ សូមប្រិយមិត្ដស្ដាប់បទ”ភ្លេងមច្ចុរាជ” ទាំងអសើគ្នា៕

ជិន សុភ័ក្ដ្រ

មតិយោបល់