• 2021-09-29 02:55:24
  • ព័ត៌មាន

មួយ​រឿង​ខ្លី​នេះ ហ៊ុយ យ៉ាឡេង កាច ហើយ​អាក្រក់​ទៀត ខែ​បុណ្យ​ទាន​ផង

  • 2021-09-29 02:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ៊ុយ យ៉ាឡេង ដែល​ទំនេរ​ច្រើន​ពី​ការងារ​ផលិត​កុន​អំឡុង​កូវីដ​នោះ កើត​រោគ​អផ្សុក​ក៏​ធ្វើ​រឿង​ខ្លី​មួយ​ដើរ​តួ​​ខ្លួន​ឯង សម្ដែង​ជា​តួកាច និង​អាក្រក់​មួយ​រូប។

កន្លង​មក គេ​ធ្លាប់​បាន​ឃើញ​ផលិតករ អ្នកនិពន្ធ និង​ជា​អ្នក​ដឹកនាំ​រឿង​រូប​នេះ សម្ដែង​តួកាច​ម្ដង​ម្កាល​ដែរ ដូច​គ្នា​វីដេអូ​ចម្រៀង​របស់​អ្នកនាង ទូច ស្រីលក្ខណ៍ មួយ​បទ​មាន​ចំណង​ជើង​ថា "សុភមង្គល​មិន​មែន​ស្ថិត​លើ​លុយ​មួយ​មុខ" កាល​ពី​ឆ្នាំ ២០១៨។ ប៉ុន្តែ​ឆ្នាំ​នៃ​ការ​រីករាលដាល​ជំងឺ​កូវីដ១៩​នេះ គឺ​ជា​លើក​ទី​១ ដែល​គេ​ឃើញ​ថា ជា​វេលា​ដែល​គេ​ឃើញ​លោក​សម្ដែង​ជា​តួកាច សំដី​អាក្រក់​ថែម​ទៀត។

រឿង​នេះ​មាន​ចំណង​ជើង​ថា "បាប និង​បុណ្យ" ដែល យ៉ាឡេង សម្ដែង​ជា​ប្ដី​មិន​បាន​ការ កូន​អត់​ពូជ មិន​ស្ដាប់​ទូន្មាន​របស់​អ្នក​មាន​គុណ ធ្វើ​បុណ្យ​មិន​ចំ​ធ្វើ​បុណ្យ ទៅ​វត្ត​យក​ចង្ហាន់​ប្រគេន​លោក ត្រឡប់​មក​វិញ​លួច​ស្បែក​ជើង​គេ​ពី​វត្ត​មក​វិញ។

លោក ហ៊ុយ យ៉ាឡេង សើច ពេល​សួរ​អំពី​ចំណុច​នេះ។ លោក​ថា ក្នុង​រឿង​នេះ​លោក​ពិត​ជា​កាច​បន្តិច​មែន ព្រោះ​បាន​ដាក់​លោក​ចូល​តួ​ប្រភេទ​នេះ​ឲ្យ​ដល់​កម្រិត ដើម្បី​រំលេច​ឲ្យ​ឃើញ​ពី បាប និង​បុណ្យ ល្អ និង​អាក្រក់។ លោក​ថា រឿង​នេះ លោក​បាន​សរសេរ​វា​ឡើង​ជាង ១​ឆ្នាំ​ហើយ ហើយ​ទើប​យក​មក​ថត​នៅ​ឆ្នាំ​នេះ ដើម្បី​កំដរ​ដៃ ដែល​មិន​អាច​ចេញ​ផលិត​រឿង​ធំ​ពេញ​លេញ​បាន។

ម្យ៉ាង​ក៏​ដើម្បី​ទុក​ជា​ចំណង​ដៃ សម្រាប់​វេលា​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ​នេះ​តែម្ដង។ លោក​ថា កូន​ៗ ទាំង​ឡាយ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្វល់ខ្វាយ​ពី​សាច់​ញាតិ​ដែល​ចែក​ឋាន ហើយ​ភ្លាត់​ខ្លួន​ជា​ប្រែត ត្រូវ​យមបាល ព្រលែង​ឲ្យ​មក​ទទួល​បាន​ចំណី​ម្ហូបអាហារ​ពី​សាច់​ញាតិ​ដែល​នៅ​ខាង​ក្រោយ​នេះ ក្នុង​១​ឆ្នាំ​មាន​តែ​ម្ដង​ប៉ុណ្ណោះ។

ដូច្នេះ​សូម​រៀប​ចំ​ខ្លួន យកចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ឧទ្ទិស​ផ្សាយ​ជូន​ទៅ​ញាតិ​ការ​ទាំង ៧សន្ដាន​កុំ​បីខាន។ ពេល​ពួក​គេ​បាន​ទទួល​បាយ​សម្ល​យក​ពិសា​ឆ្អែត ឆ្ងាញ់​មាត់​ហើយ ក៏​តាំង​ងាក​ក្រោយ​ឲ្យ​កូន​ចៅ​រកទទួល​ទាន​មាន​បាន​គ្រប់​ៗ​ក្រុម​គ្រួសារ។ ប៉ុន្តែ​បើ​កូន​រវល់​តែ​នឹង​រឿង​អបាយមុខ​នានា មិន​រវីរវល់​និង​ពួក​គាត់​ដែល​កំពុង​ស្រេក​ឃ្លាន ក៏​គង់​បាន​ការ​ដាក់​បណ្ដាសារ​ដោយ​ការ​ខឹង​ក្រោធ ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ៗ ជួប​តែ​ភាព​អត់ឃ្លាន​ដូច​ដែល​ពួក​គាត់​ដែរ​មិន​ខាន។

ប៉ុន្តែ​បុណ្យ​នោះ មិន​មែន​ធ្វើ​តែ​តាម​រយៈ​ព្រះសង្ឃ​នោះ​ទេ ព្រះរស់​ដែល​នៅ​នឹង​ផ្ទះ គឺ​សំខាន់​ជាង​ទៅ​ទៀត។ ដូច្នេះ​ហើយ កុំ​ភ្លេច​ព្រះ​រស់…!

តោះ...ទស្សនា​រឿង​ខ្លី​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម