• 2021-10-18 03:17:05
  • ព័ត៌មាន

ម្ដង​នេះ យឹម តាស្រង់​ឆ្លើយ​ចំពោះ​ចម្ងល់​ថា ពេល​ណា​ធ្វើ​បទ​កាច​ៗ​ឲ្យ ព្រាប សុវត្ថិ

  • 2021-10-18 03:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាន​មក​រួម​រស់​ជាមួយ Galaxy Navatra លោក ព្រាប សុវត្ថិ ក្នុង​នាម​ជា​កំពូល​តារា ផលិតកម្ម​បាន​ធ្វើ​បទ​ជា​ច្រើន​រួច​មក​ហើយ ហើយ​ក៏​មាន​បទ​មិន​តិច​ដែរ ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដូច​ជា​បទ "ពេល​ណា​ជួប​គេ​ម្ដង​ទៀត" ជា​ដើម។ ប៉ុន្តែ​ក្នុង​ចំណោម​នោះ គេ​មិន​ទាន់ឃើញ​មាន​បទ​តុងខ្ពស់ ដែល​ជា​សក្ដានុពល​របស់​លោក​កាល​ពី​អតីត​កាល​នោះ​ទេ។

ចំពោះ​បញ្ហា​នេះ ប្រិយមិត្ត​ជា​ច្រើន​បាន​ចោទ​ជា​សំណួរ​ទៅ​ថ្នាក់​ដឹកនាំ Galaxy ថា​ពេល​ណា ទើប​ធ្វើ​បទ​មួយ​ប្រភេទ​ដែល​ពួក​គេ​ហៅ​ថា ជា​បទ "កាច​ៗ" ឬ ប្រភេទ​បទ​តុងខ្ពស់​នោះ។ លោក យឹម តាស្រង់ ដែល​ជា​អ្នក​គ្រប់​គ្រង​ទូទៅ បាន​លើក​ឡើង​ថា Galaxy Navatra មាន​ផែន​ការ​ច្រើន​សម្រាប់​កំពូល​តារា​ចម្រៀង​ប្រុស ក៏​ដូច​ជា​តារា​ចម្រៀង​ផ្សេង​ទៀត​ក្នុង​ផលិតកម្ម។

យ៉ាងណា ក្នុង​តំណាក់​កាល​បន្ទាប់​នេះ ផលិតកម្ម​កំពុង​រៀបផែនការ​មួយ​ចំនួន​សម្រាប់​លោក ព្រាប សុវត្ថិ។ ដោយ​ឡែក ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​របស់​ក្រុម​អ្នក​គាំទ្រ​កំពូល​តារា​ចម្រៀង​ប្រុស ក៏​ដូច​ជា​ផលិតកម្ម លោក​ថា លោក​ដឹង អ្នក​គាំទ្រ​កំពុង​ទន្ទឹង​រង់ចាំ​អ្វី​ដែល​ពួក​គេ​ធ្លាប់​ស្ដាប់ ហើយ​នោះ​ជា​រឿង​អតីតកាល​ដែល​ក្រុម​អ្នក​គាំទ្រ​ធ្លាប់​មាន​ជាមួយ​អាយដល​របស់​ពួក​គេ។

យ៉ាង​ណា លោក​​ថា លោក​ចង់​ផ្ដល់​រសជាតិ​ថ្មី​ទៀត ទៅ​អ្នក​គាំទ្រ​របស់​លោក ព្រាប សុវត្ថិ នា​ពេល​បច្ចុប្បន្ន។ ដូច​នឹង​ពាក្យ​ថា អភិរក្ស តែ​ក៏​មិន​ភ្លេច​អភិវឌ្ឍ យឹម តាស្រង់ បញ្ជាក់​ថា ប្រិយមិត្ត​នឹង​បានឃើញ និង​ទទួល​យក​បន្តិច​ម្ដង​ៗ ចំពោះ​ ព្រាប សុវត្ថិ នា​ពេល​បច្ចុប្បន្ន និង​ត​ទៅ​អនាគត។ បែប​នេះ​ក្ដី ប្រភេទ​បទ​រសជាតិ​ដែល​ប្រិយមិត្ត​ធ្លាប់​ទទួល​បាន​ពី​អតីតកាល ក៏​នឹង​មាន​ដូច​គ្នា។

“និយាយ​ទៅ មាន​បង នឹង​មាន...តែ​ខ្ញុំ​មិន​អាច​និយាយ​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ណា​ទេ ប៉ុន្តែ​វា​នឹង​មាន​ខ្លះ…!”។ យឹម តាស្រង់ បញ្ជាក់។

គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល ១​ឆ្នាំ​ហើយ ដែល​លោក ព្រាប សុវត្ថិ បាន​មក​រួម​រស់​ជាមួយ Galaxy Navatra របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា។ ក្នុង​រយៈ​ពេល​នេះ ផលិតកម្ម​បាន​ធ្វើ​បទ​ឲ្យ​លោក​ជា​ច្រើន ពិសេស​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ ត្បិត​ថា កម្មវិធី​ប្រពៃណី​មិន​បាន​ប្រារព្ធ​ឡើង ដោយ​សារ កូវីដ១៩ ប៉ុន្តែ​លោក ព្រាប សុវត្ថិ គេ​ឃើញ​ចេញ​បទ​ដូច​ទឹក​បាក់​ទំនប់ ដើម្បី​​អបអរ និង​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ខ្មែរ​នេះ។

បទ​ទាំង​នោះ សុទ្ធ​ជា​ប្រភេទ​ប្រជាប្រិយ ហើយ​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មិន​ធម្មតា។ ក្រៅ​ពី​នេះ លោក​ក៏​មាន​បទ​មនោសញ្ចេតនា​ជា​ច្រើន​បទ​ទៀត ក្នុង​នោះ​បទ​ទាំង​មាន​បទ "ពេលណា​ជួប​គេ​ម្ដង​ទៀត" “ស្ដាយ​អារម្មណ៍" ជា​ដើម សុទ្ធ​ជា​បទ​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង ដោយ​លោក​មិន​ចាំ​បាច់​ស្រែក​ខ្លាំង​ឲ្យ​រំខាន​ដល់​បំពង់ក។

ចំណុច​នេះ ហើយ យឹម តាស្រង់ ប្រិយមិត្ត​ផ្ដើម​ទទួល​បាន​រសជាតិ​ថ្មី​របស់​លោក ព្រាប សុវត្ថិ នា​ពេល​បច្ចុប្បន្ន ហើយ​ពួក​គេ​នឹង​ទទួល​បាន​អារម្មណ៍​ថ្មី​ៗ​ទៀត​នា​ពេល​ខាង​មុខ។ ប៉ុន្តែ​យ៉ាង​នេះ លោក​បញ្ជាក់​ដដែល​ថា អភិវឌ្ឍ ក៏​មិន​ភ្លេច​អភិរក្ស​ដែរ៕

តោះ...រំលឹក​បទ​ល្បី​ខ្លាំង​របស់ ព្រាប សុវត្ថិ ក្នុង Galaxy ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម