• 2021-10-28 02:10:47
  • ព័ត៌មាន

ដល់កហើយ! Taeyeon ត្រូវក្លាយជាជនរងគ្រោះខាតលុយអស់ទទេៗរាប់លាន ព្រោះចាញ់បោកឈ្មួញអចលនទ្រព្យ

  • 2021-10-28 02:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្តីរាយការណ៍ឲ្យដឹង​ថា​ Taeyeon (Girls’ Generation) ត្រូវ​ក្លាយជា​ជនរងគ្រោះ​ម្នាក់ក្នុង​ចំណោម​ជនរងគ្រោះជា​ច្រើន​នាក់ផ្សេង​ទៀត​ ដែលជាប់ពាក់ព័ន្ធ​នឹង​ករណី​បោកប្រាស់អចលនទ្រព្យ ចំនួន ២៥០ពាន់លានវ៉ុន (ខ្ទង់ ២១៣លានដុល្លារ) ហើយសម្រាប់​តែខ្លួន​នាង​ម្នាក់គឺ ត្រូវ​ខាត​អស់ ១,១០ពាន់លានវ៉ុន (ខ្ទង់៩៣៨,០០០ដុល្លារ)

បើយោងតាមព័ត៌មាន​ចេញ​ផ្សាយ​ពី​ Tenasia បាន​បញ្ជាក់​ថា​ Taeyeon បាន​ទិញ​ដី​នៅ​ស្រុក Hanam ខេត្ត Gyeonggi កាល​ពីឆ្នាំ ២០១៩ ពីក្រុមហ៊ុនអចលនទ្រព្យ​ធំ​មួយ​ ក្នុង​តម្លៃ ១,១០ពាន់លានវ៉ុន (ខ្ទង់ ៩៣៨,០០០ដុល្លារ)។ ទោះជា​យ៉ាងណា​ ដីដែល​នាង​បាន​ទិញ​នោះស្ថិតក្នុងតំបន់​ភ្នំត្រូវ​បាន​គេ​កំណត់​ថា មិន​ស័ក្តិសម​សម្រាប់​ការ​អភិវឌ្ឍទេ​ លើក​លែង​តែ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា​ ឬជាគ្រឹះស្ថាន​សាធារណៈ។ នៅ​ក្រោម​ច្បាប់​អភិរក្ស​ព្រៃឈើ​ ដី​ដែល​ចោទ​សួរ​ គឺស្ទើរ​តែ​មិន​អាច​អភិវឌ្ឍ​បាន​ ដោយសារ​វា​ជា​តំបន់​ដី​ដែល​ត្រូវ​អភិរក្ស។

ក្រុមហ៊ុនអចលនទ្រព្យ បាន​ទិញ​ដី​នេះ​ក្នុង​តម្លៃ ៤០០លានវ៉ុន (ខ្ទង់៣៤១,០០០ដុល្លារ) ហើយ​៣ខែក្រោយ ក្រុមហ៊ុន​ក៏បាន​លក់ឲ្យទៅ Taeyeon ក្នុងតម្លៃ ១,១០ពាន់លានវ៉ុន (ខ្ទង់ ៩៣៨,០០០ដុល្លារ) ប៉ូលីសជឿជាក់ថា​ ក្រុមហ៊ុនអចលនទ្រព្យនេះ​បាន​បំបែក​ដី​ភ្នំនោះ ទៅជា​កំណាត់តូចៗ ហើយលក់ដីឡូត៍ទៅឲ្យ មនុស្សជាង ៣០០០ នាក់ ដោយ​បញ្ឆោត​ពួកគេ​ដោយ​និយាយ​ថា ពួកគេ​មាន​ព័ត៌មាន​អ្នកអភិវឌ្ឍ​ខាង​ក្នុង​អំពី​តំបន់​ថ្មី​បន្ទាប់​ ​​ដែលនឹង​ត្រូវ​បាន​អភិវឌ្ឍ​ឡើងវិញ។ ក្រុមហ៊ុន​ថែម​ទាំង​បាន​ផ្សាយ​ពាណិជ្ជកម្ម​តាម​កញ្ចក់​ទូរទស្សន៍ ហើយ​តារា​កំប្លែង​ដ៏​ល្បី​ម្នាក់​គឺជា​ Salepeople របស់ពួកគេ។

ទាក់ទង​នឹង​បញ្ហា​នេះ ក្រុមហ៊ុន SM បាន​បដិសេធ​ សុំ​មិនធ្វើ​ការបកស្រាយ​អ្វី​ទាំងអស់ ដោយបញ្ជាក់​ថា​នេះ​ គឺ​ជា​ជីវិតឯកជន​ និងទ្រព្យសម្បត្តិ​របស់​​​ Taeyeon ទើបពួកគេ​មិនចង់​បញ្ចេញ​មតិ​អ្វី​ច្រើន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម