• 2021-11-04 09:51:17
  • ជីវិតតារា

តារាខ្មែរ-ថៃ ជួបជុំគ្នាក្នុងឆ្នាំ១៩៧០ បានផ្ដល់ឱកាសឲ្យ ឌី សាវ៉េត ចាប់ដៃគូច្រៀងជាមួយ ស៊ីន ស៊ីសាមុត

  • 2021-11-04 09:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជើងចាស់ ឌី សាវ៉េត ដែលគេប្រសិទ្ធនាមថា”បុប្ផារីកគ្រប់រដូវ” ដោយសារតែចាប់តាំងពីដើមទសវត្ស៦០ ដែលលោកស្រីប្រឡូកក្នុងវិស័យសិល្បៈតាមរយៈអាជីពសម្ដែង រហូតដល់បច្ចុប្បន្ននេះ គឺលោកស្រីនៅតែជាបុគ្គលសំខាន់ក្នុងវិស័យសិល្បៈខ្មែរ។ បច្ចុប្បន្នលោកស្រី កំពុងរស់នៅស្រុកខ្មែរ ហើយតែងតែឡើងចុះប្រទេសបារាំងផងដែរ។

ថ្ងៃនេះ Sabay សូមរំលឹកគ្រាមួយដែលតារាភាពយន្ដខ្មែរជើងចាស់រូបនេះ ចេញទៅប្រទេសថៃជាលើកដំបូងក្នុងទសវត្ស៧០ ដើម្បីធ្វើទស្សនៈកិច្ចសិក្សាមួយពីវិស័យសិល្បៈភាពយន្ដខ្មែរ និងថៃ ថាតើមានលក្ខណៈពិសេសខុសគ្នាកម្រិតណា? ការរំលឹកឡើងវិញនេះ គឺផ្អែកលើសម្ដីរបស់លោកស្រីផ្ទាល់ដែលធ្លាប់ផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួន។

តាមពិតទៅលោកស្រី ឌី សាវ៉េត គឺជាតារាសម្ដែងម្នាក់ក្នុងចំណោមតារាល្បីឈ្មោះពីរបីនាក់ទៀត គឺមានដូចជាលោក ជា យុទ្ធថន លោក សម្បត្ដិ មេធានី និងតារាចម្រៀង ស៊ីន ស៊ីសាមុត ជាដើម បានចេញទៅទស្សនៈកិច្ចជាមួយគ្នានៅប្រទេសថៃ។ តាមរយៈដំណើរទស្សនៈកិច្ចនេះហើយ ដែលធ្វើឲ្យ ឌី សាវ៉េត មានឱកាសច្រៀងជាមួយលោក ស៊ីន ស៊ីសាមុត ក្នុងបទ”ស្នេហ៍ឆ្លងវេហារ”។

ឌី សាវ៉េត៖”ពេលដែលទៅឃើញប្រទេសគេ(ថៃ) មានការជឿនលឿនដែរជំនាន់ហ្នឹង តែមើលចុះមើលឡើងវិស័យសិល្បៈគេ និងយើង ឃើញថាយើងល្អជាង។ ដូច្នេះហើយបានជាយើងមានគំនិតថា បើសិនជាយើងរួមគ្នាធ្វើអ្វីមួយប្រទេសយើងជិតខាងដូចផ្ទះយើងជិតខាងគ្នាអីចឹង យើងអាចប្ដូរជាគំនិត ប្រាជ្ញាគ្នា ហើយតួយើងក៏ថៃស្គាល់ ហើយតួថៃក៏យើងស្គាល់”។

នៅក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសថៃជាច្រើនថ្ងៃ តារាភាពយន្ដខ្មែរ និងថៃ បានរួមគ្នាសរសេររឿងមួយឡើង គឺរឿង”ជីវិតផ្សងព្រេង” ដោយនៅក្នុងរឿងនេះមានបញ្ចូលបទ“ស្នេហ៍ឆ្លងវេហារ” ទៀតផង ដោយបទនេះ គេឃើញមានច្រៀងទាំងភាសារខ្មែរ និងភាសារថៃ។

បើតាមតារាសម្ដែង ឌី សាវ៉េត ខ្លឹមសារ នៃរឿង”ជីវិតផ្សេង” គឺអ្នកនិពន្ធបានសរសេររំលេចនូវមនោសញ្ចេតនាជ្រាលជ្រៅរវាងស្វាមី-ភរិយាមួយគូ ដោយស្វាមីជាជនជាតិថៃ និងភរិយា ជាជនជាតិខ្មែរ។ ជាអកុសល្យអ្នកទាំងពីរបានរួមរស់ជាមួយគ្នាបានកូន១ ក៏បែកគ្នាទៅវិញ ដោយស្វាមីរត់ទៅស្រុកថៃវិញ ទុកឲ្យកូនតូច និងភរិយា រស់នៅយ៉ាងកន្ដោចកន្ដែងនៅក្នុងខេត្ដជាប់ទល់ដែនខ្មែរ-ថៃ មួយ។

លោកស្រីបន្ថែមថា ដំណក់ឈាមរួមគ្នារវាងម្ដាយខ្មែរ និងឪពុកថៃ បានជម្រើនវ័យក្រមុំ ហើយមានអ្នកជិតខាងសួរនាំ ហើយពេបជ្រាយថាជាកូនអត់ឪពុក។ លុះថ្ងៃមួយកូនស្រីក៏រត់ចូលទៅស្រុកថៃ ដើម្បីស្វែងរកឪពុករបស់ខ្លួន តែនៅតាមផ្លូវទៅរកឪពុកនោះ គឺត្រូវជនខិលខួចចាប់ល្បួងនាងក្នុងគោលបំណងយកទៅវាយធ្វើបាប និងរំលោភ តែកុំបានប៉ូសិលថៃជួយទាន់ពេល។

ក្រោយជួយសង្គ្រោះរួចផុតពីក្រញាំបិសាចតណ្ហា បុរសដែលជាប៉ូសិសជួយសង្គ្រោះនាងនោះ ក៏ចាប់ផ្ដើមមានចិត្ដលើនាង ហើយបានស្រឡាញ់គ្នាតែម្ដង។ ដំណឹងនេះ បានដឹងឮដល់ឪពុករបស់នាងដែលជាជនជាតិថៃ កំពុងរស់នៅជាមួយប្រពន្ធក្រោយនោះ ក៏បានជួបនាងតែម្ដង។ លោកស្រី ឌី សាវ៉េត បញ្ជាក់ថា តួឯកស្រី ក្នុងរឿង”ជីវិតផ្សេងព្រេង”នោះ គឺលោកស្រីជាអ្នកដើរតួដោយផ្ទាល់។

ក្រៅពីរឿង”ជីវិតផ្សេងព្រេង” នេះ លោកស្រីក៏ធ្លាប់បានសម្ដែងជាតួអង្គឯក និងតួអង្គសំខាន់ក្នុងរឿងប្រមាណ៦៥រឿងផ្សេងទៀត។ ក្នុងនោះមានដូចជា៖ រឿង”ក្បូនជីវិត”ក្នុងឆ្នាំ១៩៦២ រឿង”ត្រើយជីវិត”ក្នុងឆ្នាំ១៩៦៣ និងរឿង”បុប្ផាអង្គរ” ក្នុងឆ្នាំ១៩៧២ ជាដើម។

យើងងាកមកសង្ខេបប្រវត្ដិរបស់លោកស្រី ឌី សាវ៉េត វិញម្ដង។ មុនទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញលើវិស័យភាពយន្ដក្នុងទសវត្ស៦០ និងដើមទសវត្ស៧០ លោកស្រី ឌី សាវ៉េត បានប្រឡងបវរកញ្ញាជាប់លេខ១ ក្នុងឆ្នាំ១៩៦១។

លោកស្រីកើតនៅឆ្នាំ១៩៤៤ នាសង្កាត់លេខ៦ រាជធានីភ្នំពេញ(ម្ដុំសួនច្បារសម្ដេចហ៊ុន សែន សព្វថ្ងៃ)។ លោកស្រីមានឪពុកឈ្មោះ ឌី ណយ ជាស្មៀនរបស់ជីតាដែលជាចាងហ្វាងសាលាឧទ្ធរណ៍ មានស្រុកកំណើតនៅខេត្តតាកែវ។ ម្តាយឈ្មោះ សាត់ រិន ជាកសិករនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកស្រី ឌី សាវ៉េត មានបងប្អូនទាំងអស់៦នាក់ ក្នុងនោះមានបងស្រីច្បងឈ្មោះ ឌី ស្រីមុំ បងស្រីទី២ឈ្មោះឌី សាវ៉ៃ បងប្រុសទី៣ ឈ្មោះ ឌី ស៊ីណយ បងប្រុសទី៤ឈ្មោះ ឌី ស៊ីណូ និងបងស្រីទី៥ឈ្មោះ ឌី សាវ៉ាន់។ ប៉ុន្ដែសព្វថ្ងៃនេះ មានបងប្អូនស្រីនៅរស់តែពីរនាក់ប៉ុណ្ណោះ គឺរូបអ្នកស្រីផ្ទាល់ និងបងស្រីទី២ ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសបារាំង។

កាលពីវ័យកុមារលោកស្រី បានសិក្សានៅសាលាបឋមសិក្សាសម្ដេចសុធារស ហើយក្រោយមកបន្តនៅវិទ្យាល័យចតុមុខ។

ចំពោះស្ថានភាពរស់នៅក្នុងនាមជាប្ដី-ប្រពន្ធវិញ លោកស្រី ហាក់មានការលាក់លៀម ដោយលោកស្រីថាមិនចង់រំលឹក ឬបញ្ចេញឈ្មោះស្វាមី។ តែប្រភពខ្លះបង្ហើបថា ស្វាមីរបស់លោកស្រី គឺជាតារាសម្ដែង និងជាផលិតករភាពយន្ដ ហ៊ុយ គឹង។ លោកស្រីបានភ្ជាប់ដំណក់ឈាមរួមគ្នានូវកូនចំនួន២នាក់ គឺទី១មានឈ្មោះហ៊ុយ ឌីណា និងទី២ឈ្មោះ ហ៊ុយ ឌីលី។

ក្រោយមកអ្នកស្រី និង ស្វាមីបានបែកបាក់គ្នាក្នុងឆ្នាំ១៩៧៤ មុនពេលដែលលោកស្រីភៀសខ្លួនទៅរស់នៅឯប្រទេសបារាំង។ នៅឆ្នាំ១៩៩៣ លោកស្រីបានវិលត្រលប់មកកាន់មាតុភូមិវិញដោយមកជួលផ្ទះនៅម្ដុំផ្សារកាប់គោ។ ក្រោយមកទៀត ទើបមានខាងទូរទស្សន៍ជាតិអញ្ជើញលោកស្រីទៅសម្ភាសន៍ និងមានអ្នកទាក់ទងលោកស្រីឱ្យជួយបង្ហាត់សិល្បៈភាពយន្តតាមក្លឹប អង្គការ និងស្ថានីយ៍ទូរទស្សន៍នានា។

នៅអំឡុងឆ្នាំ១៩៩៧ ដល់១៩៩៨ លោកស្រីបានបើកក្លឹប MSL ជាមួយលោក ហ៊ុយ សាន់ អតីតតារាភាពយន្តរួមជំនាន់ ទទួលបង្ហាត់បង្រៀនរាំ ដើរម៉ូត សម្ដែង និងច្រៀង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីបានសហការជាមួយទូរទស្សន៍ជាតិកម្ពុជាបង្កើតនូវកម្មវិធីជាច្រើនទៀតផង៕

អត្ថបទ៖ Chin Sopheak

មតិយោបល់