• 2021-11-05 03:32:51
  • ព័ត៌មាន

ចូលវ័យក្បែរ៧០ ឆ្នាំ តាចេក ចាប់ផ្ដើមនឿយណាយនឹងការលក់ដូររសាត់អណ្ដែត ឥឡូវពឹងលើផ្ទះមួយកន្លែង

  • 2021-11-05 03:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមឆ្នាំ២០២១ តារាកំប្លែង ឈុំ ប៊ុនឈឿន ហៅតាចេកមានវ័យ ៦៧ឆ្នាំហើយ។ ក្នុងវ័យជរានេះ លោកចាប់នឿយណាយនឹងការចល័តទីតាំងលក់ដូរ ហើយចង់បានតូបលក់ដូរពិតប្រាកដខ្លួនឯង១បន្លែងនៅក្នុងផ្សារ នាស្រុកកំណើតខេត្ដតាកែវ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារដែលមានចៅចំនួន៨នាក់ក្នុងបន្ទុក។

តារាកំប្លែងរូបនេះ បានប្រាប់Sabay នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ថា សព្វថ្ងៃលោកកំពុងជួលតូបគេ២តូបជាប់គ្នា ដើម្បីលក់ផ្លែឈើ និងភេសជ្ជៈផ្សេងៗនៅតាមបណ្ដោយផ្លូវចូលទៅលេងរមណីយដ្ឋានគិរីរម្យ។ លោកថា ការលក់ដូរនោះមិនសូវដាច់ទេ សម្រាប់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ហើយនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ លក់គ្រាន់ដាច់ខ្លះ ដោយមានភ្ញៀវឡើងទៅលេងទឹកនៅតំបន់ធម្មជាតិនេះ។

តាចេក៖”លក់មួយថ្ងៃកាត់មួយថ្ងៃកោរក្មួយអើយ! មកលក់អីចេះពិបាកណាស់ មកនេះចោលនោះ ទៅនោះចោលនេះ បើលក់ផ្ទះនៅកណ្ដាលស្ទឹង(ស្រុក)ដាច់ អ៊ុំទិញតូបលក់ដូរនៅមួយកន្លែងហើយ ណាមួយវ័យកាន់តែចាស់ ឈឺជង្គង់ ថ្ងៃខ្លះទ្រមខ្លួន ងើបលក់មិនចង់កើត"។

ដើមឡើយ តាចេក បានចាប់ផ្ដើមមុខរបរលក់ទឹកសុទ្ធ និងនំបន្ដិចបន្ដួចនៅលើចិញ្ចើមផ្លូវ ក្បែររង្វល់មូលគួរស្រូវ រាជធានីភ្នំពេញ។ ក្រោយមកទីតាំងដែលលោកធ្លាប់លក់ដូរនោះ ត្រូវគេអភិវឌ្ឍ លោកក៏ដឹកអីវ៉ាន់ទៅលក់នៅតាមផ្លូវចូលទៅរមណីយដ្ឋានគិរីរម្យវិញម្ដង។ នៅទីនោះលោកបានបន្ថែមទំនិញរបស់ខ្លួនមានដូចជា៖ដូង និងផ្លែឈើជាដើម ដើម្បីតម្រូវតាមភ្ញៀវ។

បើតាមតារារូបនេះ ផ្ទះនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាលនោះ លោកដាក់លក់តម្លៃ១០ម៉ឺនដុល្លារ ជាយូរមកហើយ តែមិនទាន់លក់ដាច់។ លោកថា បើលក់បាន១០ម៉ឺនមែន លោកនឹងយកលុយនោះទៅបង់ផ្ដាច់ធនាគារលោកជំពាក់ចំនួន២ម៉ឺនដុល្លារ ហើយសល់ប៉ុន្មានលោកត្រូវចាត់ចែងទិញដី ឬផ្ទះតូចល្មម ព្រមទាំងតូបលក់ដូរតូចមួយនៅផ្សារព្រៃល្វា ស្រុកព្រៃកប្បាស់ ខេត្ដតាកែវ។

ខណៈដែលតាចេក កំពុងរកស៊ីលក់ដូរស្ទើរគ្មានពេលសម្រាក ដើម្បីសន្សំលុយបង់ធនាគារបណ្ដើៗ ទម្រាំលក់ផ្ទះដាច់នោះ នៅដើមខែវិច្ឆិកាដែលប្រទេសកម្ពុជាបើកដំណើរការសេដ្ឋកិច្ចឡើងវិញ តាចេកបានអំពាវនាវដល់អ្នកគាំទ្រ ឬប្រិយមិត្ដដែលមានកូន-ចៅរៀបពិធីមង្គលការ អាចទាក់ទងលោក ដើម្បីទៅកាត់សក់បង្កក់សិរីតាមរយៈទូរស័ព្ទលេខ ០១២ ៧០៤ ៣៧២៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី