• 2021-11-12 03:04:43
  • ព័ត៌មាន

សេដ្ឋកិច្ច​អាមេរិក​ដើរ​វិញ ចុង​ឆ្នាំ​នេះ ហង្ស ឈា ចាប់​ផ្ដើម​ត្រូវ​ប៉ាន់​បណ្ដោយ

  • 2021-11-12 03:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សហរដ្ឋ​អាមេរិក ប្រទេស​ដែល​រង​គ្រោះ​ដោយ​វិបត្តិ​កូវីដ១៩ លំដាប់​ទី​១​ក្នុង​លោក​នោះ បាន​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ​ស្ទើរ ១០០%​នោះ ​សេដ្ឋកិច្ច​ផ្ដើម​មាន​សន្ទុះ​ដែរ ខណៈ​ដែល​លោក ហង្ស ឈា បច្ចុប្បន្ន​ជា​នយោជក​មួយ​រូប​នៅ​លើ​ដី​ប្រទេស​អំណាច​នេះ អះអាង​ថា អាជីវកម្ម​របស់​លោក​ផ្ដើម​មាន​សន្ទុះ​ទៅ​មុខ​គួរ​ឲ្យ​មោទកភាព។

លោក ហង្ស ឈា ត្រូវ​បាន​គេ​ដឹង​ថា បាន និង​កំពុង​គ្រប់​គ្រង​អាជីវកម្ម​ចំនួន​២​បន្ត​ពី​បង​ប្រុស​របស់​ខ្លួន​អស់​រយៈ​ពេល​ប្រមាណ ១០​ឆ្នាំ​មក​ហើយ។ អាជីវកម្ម​ទី​១​របស់​លោក គឺជំនួញ​ហាង​លក់​ភេសជ្ជៈ​យីហោ Boba Tea និង​ទី​២ គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បម្រើ​សេវាកម្ម​ពលកម្ម​សម្រាប់​តម្រូវ​កិច្ចការ​ងារ​ផ្សេង​ៗ។

អាជីវកម្ម​១​ក្នុង​ចំណោម​២​នេះ បាន​រង​ផល​ប៉ះពាល់​រហូត​ដល់​សម្រេច​កាត់​បន្ថយ​បុគ្គលិក ៥០% អំឡុង​ពេល​កូវីដ១៩ វាយ​ប្រហារ​ខ្លាំង​លើ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន អាមេរិក​ដែល​ជា​ម្ចាស់​ផលិត​វ៉ាក់សាំង​មាន​ការ​ទទួល​​ស្គាល់​គុណភាព​ខ្ពស់​នោះ បាន​មាន​ព្រាប​លើ​សត្រូវ​លាក់​មុខ​មួយ​នេះ ហើយ​អ្វី​ៗ​បាន​វិល​ត្រឡប់​ដូច​ដើម​វិញ​ស្ទើរ ១០០%។

ហង្ស ឈា ថ្លែង “អ្វី​ៗ​ត្រឡប់​មក​ដូច​ដើម​វិញ ច្រើន​ខែ​ហើយ ហើយ​សេដ្ឋកិច្ច​ចាប់​ផ្ដើម​ស្ទុះ​ឡើង​វិញ​ខ្លាំងដែរ"។ ស្ថានភាព​នេះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​តាំង​ពី​កម្រិត​តូច មធ្យម និង​ក្រុមហ៊ុន​យក្ស ផ្ដើម​សង្វាក់​ផលិតកម្ម និង​ផលិតភាព​ឡើងវិញ​ធម្មតា ហើយ​អាជីវកម្ម​ទាំង​ពីរ​របស់​លោក​ក៏​ដូច​គ្នា។

ទន្ទឹម​នឹង​ការ​បង្ហើប​នេះ ថ្មី​ៗ​នេះ គេ​ឃើញ​បញ្ចេញ​ពី​សង្វាក់​ផលិតកម្ម​នៃ​ក្រុមហ៊ុន​របស់​លោក​លើ​ការ​ផលិត​ដើម​ផ្កា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ពិធី​បុណ្យ​ណូអែល ដោយ​លោក​បាន​ប្រកាស​ជ្រើស​រើស​កម្លាំង​ពលកម្ម​ជា​ច្រើន​នាក់។ អតីត​តារា​ចម្រៀង និង​សម្ដែង បញ្ជាក់​ថា លោក​បាន​ទទួល​ការ​កុម្ម៉ង់​យ៉ាង​គំហុក​ទីផ្សារ។

លោក​ថា តួលេខ​នៃ​ការ​កុម្ម៉ង់​ពី​ទីផ្សារ គឺ​មាន​ការ​កើន​ឡើង​ទ្វេរដង​បើ​ធៀប​នឹង​មុន និង​អំឡុង​ពេល​ប្រទេស​រង​វិបត្តិ​ដោយ​កូវីដ១៩។ យ៉ាង​ណា លោក​សុំ​មិនបញ្ចេញ​ពី​តួលេខ និង​ប្រាក់​ចំណូល​ជាក់​ស្ដែង។

សេវា​ផ្គត់ផ្គង់​ដើម​ឈើ​នូអែល​របស់ ហង្ស ឈា បាន​ដំណើរ​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ការងារ​នេះ បាន​ផ្ដល់​ការងារ​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​មាន​ចំណូល​បន្ថែម​ប្រមាណ​ជាង ៥០នាក់ ក្នុង​នោះ សម្រាប់​ឆ្នាំ​នេះ លោក​ថា កម្លាំង​ពលកម្ម​របស់​លោក​មាន​បង​ប្អូន​ខ្មែរ​ជាង ២០នាក់ និង​ពលរដ្ឋ​អាគាំង(សហរដ្ឋ​អាមេរិក) ប្រមាណ​ជាង ២០​នាក់​បន្ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម