• 2021-11-16 03:37:05
  • ព័ត៌មាន

បង្ហាញភាពឆ្លាតវៃជាស្ដ្រីមេផ្ទះស្ទើររាល់ថ្ងៃ មានគេសង្ស័យ ណូម័រ ត្រៀមផ្គាប់ចិត្ដម្ចាស់បេះដូងថ្មី?

  • 2021-11-16 03:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីឆ្លងកាត់ស្នេហាភ្លើងចំបើង ហើយវ័យក៏ជ្រេបន្ដិចទៅហើយនោះ តារាសម្ដែង អន រ៉ាស៊ីសុមេត្ដា ហៅណូម័រ បានបញ្ចេញសកម្មភាពជាស្ដ្រីមេផ្ទះឆ្លាតវៃស្ទើររាល់ថ្ងៃ។ ការ្យនេះ បានធ្វើឲ្យអ្នកគាំទ្រនឹកគិតថា ណូម័រកំពុងរៀបឬកពារ ឬបង្កើនស្នាដៃស្ដ្រីមេដៃ ដើម្បីត្រៀមទទួលយកម្ចាស់បេះដូងថ្មី។

ប៉ុន្ដែអ្វីដែលគេឯង កំពុងគិតនោះគឺផ្ទុយស្រឡះ។ ណូម័រ បានបញ្ជាក់តាមរយៈSabay ក្នុងឱកាសដែលនាងចូលរួម និងធ្វើជាពិធីការិនីសម្ពោធគម្រោងផ្ទះលំហែរមួយកាលពីពេលថ្មីៗនេះថា ការធ្វើម្ហូប អាហារសម្រាប់ញ៉ាំជុំគ្នាជាមួយម៉ាក់បានក្លាយជាចំណូលចិត្ដ ស្ទើរខានមិនបានបើទោះបីជានាងរវល់នឹងការងារសិល្បក៏ដោយចុះ តែនេះមិនមែនជាសកម្មភាពត្រៀមទទួលអ្នកណាទេ។

ណូម័រ៖”បើនិយាយរឿងស្នេហានៅតែឈឺចាប់បង! មិនមែនឈឺចាប់ដោយសោកស្ដាយទេ តែឈឺចាប់រាងចាល ខ្លាចវាហ្មង។ ពេលនេះ ខ្ញុំដាក់ខ្លួនឯងឲ្យនៅទំនេរ មិនទាន់បើកបេះដូងទៀត គឺសុខចិត្ដនៅទំនេរមួយរយៈទៀតសិន”។

តារាសម្ដែងស្រីវ័យជ្រេ តែរូបសម្ផស្សនៅតែស្រស់ស្អាតនេះ បន្ថែមថា សម្រាប់ការងារជាស្ដ្រីមេផ្ទះ គឺជាការងារដែលនាងចូលចិត្ដ ហើយការបង្កើនសកម្មភាពជាស្ដ្រីមេផ្ទះនេះក៏ដូចជាបន្ថែមរសជាតិជីវិតដូច្នោះដែរ។ មុខម្ហូបភាគច្រើន គឺនាងចេះពីម្ដាយ ព្រោះនាងតែងតែសង្កេតមើលម្ដាយពេលធ្វើម្ហូបម្ដងៗ ហើយពេលនេះនាងជាអ្នកទទួលបន្ទុកធ្វើម្ហូបសម្រាប់ម៉ាកវិញម្ដង។

បើតាម ណូម័រ មុខម្ហូបដែលនាងចូលចិត្ដចម្អិនបំផុតនោះ គឺបុកទឹកគ្រឿង អន្លក់ខ្ចីៗ និងមាន់ដុតជាមួយCocacola ព្រមទាំងមុខម្ហូបជាច្រើនទៀតដែលប្រើបន្លែច្រើន សម្រាប់ញ៉ាំខ្លួនឯង និងម្រាប់ម៉ាក់។ ណូម័រ ធ្លាប់ជាស្ដ្រីមេផ្ទះម្នាក់ ដោយបានរៀបការជាមួយ VJ សុភា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ ហើយរស់នៅជាមួយគ្នាបានមួយរយៈពេលខ្លី ក៏សម្រេចចិត្ដលែងលះគ្នាទៅវិញ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម