• 2021-11-25 06:45:48
  • ព័ត៌មាន

ខេមរៈ សិរីមន្ដ ធ្លាប់ដាច់បាយស្គមស្ទើស្លាប់ ដោយសារប្រាក់ខែ៩០ ទៅកុហកម៉ែថា ៣០០ដុល្លារ

  • 2021-11-25 06:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលមកដល់យុគ្គសម័យទំនើបនេះ គេសង្កេតឃើញអ្នកមានធនធាន ឬជោគជ័យក្នុងជីវិត ចាប់ផ្ដើមលាតត្រដាងពីអតីតកាល នៃភាពក្រខ្សត់របស់ខ្លួន រីឯអ្នកមានល្មមៗ ឬមិនទាន់ជោគជ័យវិញ គឺចាប់ផ្ដើមសម្ញែងទ្រព្យសម្បត្ដិ និងការហូបចុក។

ជាក់ស្ដែងតារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មរស្មីហង្សមាស គឺលោក ខេមរៈ សិរីមន្ដ ដែលមានវីឡា ឡានទំនើបៗជិះ ហើយគេជឿថាមានលុយរាប់សិបម៉ឺនដុល្លារក្នុងដៃនោះ បានបង្ហាញពីជីវិតតោកយ៉ាក និងអត់អាហារហូបចុកគ្រប់គ្រាន់កាលពីខ្លួនមិនទាន់ល្បី ឬជោគជ័យក្នុងមុខជំនួញ។

តារាចម្រៀងរូបនេះ បានរំលឹកអតីតកាលរបស់ខ្លួនតាមបណ្ដាញសង្គមថា នៅពីក្រោយភាពជោគជ័យរបស់លោកមានការតស៊ូច្រើនណាស់ តែបើលោកមិនទាន់ជោគជ័យដល់កម្រិតណាមួយ ហើយលោកលើករឿងនេះមកនិយាយក៏មិនទាន់សម។ ប៉ុន្ដែពេលនេះត្បិតលោកមិនទាន់ជោគជ័យខ្លាំង តែលោកមានជីវភាពសមរម្យ ទើបលើកមកនិយាយ ដើម្បីផ្ដល់ជាគំរូដល់បងប្អូន។

ខេមរៈ សិរីមន្ដ៖”ខ្ញុំ មិនមែនស្គមពីកំណើតទេបងប្អូន គឺខ្ញុំស្គមដោយអត់អាហារ! កាលណោះខ្ញុំធ្វើការនៅកន្លងខ្ញុំហ្នឹងប្រាក់ខែតែ៩០ដុល្លារទេ បើឈប់១ថ្ងៃគេកាត់១ថ្ងៃទៀត តែខ្ញុំប្រាប់អ្នកផ្ទះថាខ្ញុំបានដល់៣០០ដុល្លារ ហើយខ្ញុំសល់តិចតួចឆ្លៀតផ្ញើឲ្យគាត់ទៀត ដើម្បីកុំគាត់បារម្ភ ហើយណាមួយខ្ញុំខ្លាចគាត់ហៅខ្ញុំទៅផ្ទះវិញ”។

បញ្ហាធ្វើការងារហត់នឿយ ដេកមិនគ្រប់ និងហូបអាហារមិនឆ្អែត បានធ្វើឲ្យលោកស្រកគីឡូខ្លាំងស្ទើឪពុក-ម្ដាយនៅឯស្រុកកំណើតមើលមិនស្គាល់ ហើយពួកគាត់តែងតែស្ដីបន្ទោសបងប្រុសដែលរស់នៅជាមួយលោកថាមិនចេះមើលថែប្អូនបណ្ដាលឲ្យស្គមដូច្នេះ។ ប៉ុន្ដែលោក មិន​ប្រាប់ថាការងារដំបូងរបស់លោក​នោះ​ជា​អ្វី​នោះ​ទេ តែរូបលោក និងបងប្រុសខំលាក់រឿងនេះ ដោយរកបានប៉ុន្មានហូបប៉ុណ្ណោះមិនរំខានដល់ឪពុក-ម្ដាយឡើយ។

លោក ខេមរៈ សិរីមន្ដ បន្ថែមថា ក្រោយពីតស៊ូក្នុងជីវិតតោកយ៉ាកនៅភ្នំពេញជាច្រើនឆ្នាំ រូបលោកក៏ចាប់ផ្ដើមមានឱកាសបានច្រៀងតាមកម្មវិធីប្រគំតន្ដ្រីកាន់តែច្រើន ហើយមានក្រុមហ៊ុន និងផលិតកម្មទាក់ទងឲ្យលោកចូលច្រៀងនៅក្នុងផលិតកម្មគេជាហូរហែ។ ចាប់ពីពេលនោះហើយដែលជីវិតសិល្បៈ និងការរកស៊ីរបស់លោកកាន់តែរីកចម្រើន ហើយការហូបចុកក៏តាមនោះដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់