• 2021-12-28 01:00:00
  • ព័ត៌មាន

ដោយសារតែរឿងស្រីញី កេរ្តិ៍ឈ្មោះ​​ និងឆ្នាំងបាយសិល្បៈរបស់តារាប្រុសអាស៊ី ៥ រូបត្រូវរលាយ

  • 2021-12-28 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងអាស្រូវស្ថិតក្នុងពិភពសិល្បៈអាស៊ីនៅឆ្នាំ ២០២១ នេះ ពេញ​ដោយភាព​រញ៉េរញ៉ៃ​បន្តកន្ទុយគ្នា តាំងពីស្ថិតក្នុង​ប្រទេសកូរ៉េ និងចិន។ ក្នុងចំណោមរឿងអាស្រូវទាំងអស់ មាន​តារា ៥រូប ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល​ខ្លាំង​នឹង​ព័ត៌មាន​របស់ពួកគេ ដោយសាររឿងរ៉ាវ​ទាំងនោះ ពិតជា​ប៉ះពាល់ទាំងស្រុង​ដល់អាជីពសិល្បៈ រហូត​ខ្លះ​ត្រូវ​បង្ខំ​ចិត្តលាឈប់តែម្ដង។

១. Kris Wu

ឆ្នាំ ២០២១ កំពូលតារា​ប្រុសចិន Kris Wu បាន​បង្កឲ្យគ្រប់គ្នាដែលជាអ្នកគាំទ្រភ្ញាក់ផ្អើលមិនធម្មតា ពេលនារីវ័យក្មេង​ម្នាក់អះអាងថា​លោក​បាន​បោកប្រាស់ចិត្តនាង ដោយកុហកថាសន្យានឹងនាំនាងចូល​សម្ដែងក្នុងវីដេអូបទចម្រៀងជាតួឯកស្រី ប៉ុន្តែវា​គ្រាន់តែជាល្បិចបោកប្រាស់។

Du Meizhu

ក្រៅពីនេះ​ក៏ធ្លាយដំណឹង​បន្ថែម​ទៀតថា Kris បាន​ធ្វើបាប(ផ្លូវភេទ) ទៅលើនារីមិនតិចទេដែល​មាន​អាយុក្រោម ១៨ ហើយក្នុងនោះ​មាន​ម្នាក់អាយុ ១៤ឆ្នាំទៀតផង។ អាស្រូវស្រោចខ្លួនបែបនេះហើយ ទើបគណនីបណ្ដាញសង្គមផ្លូវការទាំងប៉ុន្មានដែលពាក់ព័ន្ធ​នឹង​លោកត្រូវលុបចោលខ្ទេច ហើយបណ្ដាញសង្គមផ្សេងទៀតមាន Weibo, Douyin, Toutiao, Tieba Fandom, Tencent Video ក៏ត្រូវលុប Content ទាំងអស់ដែលមានរូបលោកក្នុងនោះដែរ។

២. Wang Leehom

តារាប្រុសរូបនេះត្រូវ​បាន​គេចាត់ទុកថាជា និមិត្តរូប​ប្រចាំ​វិស័យ​សិល្បៈ ដោយសារកេរ្ត៍ឈ្មោះ​ដែល​លោកបាន​សាងទាំងក្នុងប្រទេស​ចិន និងអាស៊ីទាំងមូលពិតជា​សុសសាយមិនធម្មតាទេ។ ប៉ុន្តែទោះជាយ៉ាងណា ថ្មីៗ​ភាពក្រអូបឈ្ងុយនៃឈ្មោះលោក ត្រូវ​ប្រែប្រួលទាំងស្រុង។នៅថ្ងៃទី១៥ ខែធ្នូ Wang Leehom បាន​ប្រកាសថា​ខ្លួន និងប្រពន្ធ សម្រេច​លែងលះគ្នាហើយ ក្រោយរួមរស់ជាមួយគ្នាជាង ៨ឆ្នាំ។ ពីរថ្ងៃក្រោយ Lee Jinglei ដែលជាភរិយារបស់តារាចម្រៀងរូបនេះក៏បានបង្ហោះលិខិតមួយច្បាប់ និយាយពីរឿងរ៉ាវជីវិតប្ដីប្រពន្ធរយៈពេល​នៅជាមួយគ្នាកន្លងមក។

Wang Leehom និងអតីតភរិយា

Jingfei បាននិយាយថាអតីតប្ដីនាង បាន​បង្ខំ​ឲ្យយកកូនឲ្យបាន​ច្រើន ហើយនេះក៏ជាហេតុផលមួយបណ្ដាល​ឲ្យសុខភាព​នាង​ប្រែជាមិនល្អដែរ។ អ្វី​ដែល​កាន់តែភ្ញាក់ផ្អើល មាន​ការឲ្យដឹងទៀតថាតារា​ប្រុសរូបនេះល្មោភកាមណាស់ ព្រោះស្របពេល​ប្រពន្ធកំពុងពពោះកូន លោកថែមទាំងទិញឧបករណ៍ស៊ិចមកបម្រើចំណង់របស់ខ្លួនទៀត។

មាន​ការឆ្លើយឆ្លងគ្នាទៅមកជា​ច្រើន​លើកពីភាគីទាំងសង្ខាង ប៉ុន្តែចុងក្រោយ Wang Leehom បាន​ត្រឹម​និយាយថាខ្លួនមិនបដិសេធទេ ហើយក៏សុំទោសចំពោះប៉ាម៉ាក់របស់លោក Lee Jinglei និងកូនៗទាំង ៣ផងដែរ។

៣. Lucas (NCT)

តារា​ប្រុសរូបនេះ​ក៏ធ្វើឲ្យអ្នកគាំទ្រ​ស្រងាក​ចិត្តមួយរយៈធំដែរ ពេល​បែក​ធ្លាយព័ត៌មាន​ថាលោកបោកប្រាស់ផ្លូវចិត្តនារីៗ ៣នាក់ ឲ្យលង់ចិត្ត និងផ្គាប់ចិត្តលោកគ្រប់យ៉ាង តែចុងក្រោយ​បែរខាងប្រុសដោះដៃ។ ព័ត៌មាន​ក្រោយមកទៀត ក៏បែកធ្លាយទៀតថា Lucas អស់ភាពកំលោះតាំងពីអាយុ ១៣ឆ្នាំ ដែលកាន់តែធ្វើឲ្យចំនួនអ្នកប្រតិកម្មនឹងចរិតលោក សម្ដែង​ការមិនពេញចិត្តសោះ។ ក្រោយកើតរឿងនេះ Lucas ក៏បាន​ចេញមុខសុំទោសនូវអ្វីដែល​បាន​កើតឡើង ប៉ុន្តែមិនបាន​បកស្រាយលម្អិតថា វាជាការពិតឬយ៉ាងណា​នោះទេ។ លោកត្រូវសំងំ​លាក់មុខ លាក់មាត់យ៉ាងយូរចេះពីពិភពសិល្បៈទាំងក្នុងប្រទេសកូរ៉េ និងចិន។

៤. Kim Jisoo

អំឡុងដើមឆ្នាំ ២០២១នេះ Jisoo មាន​ការងារ​រវល់ជា​ច្រើន ពិសេស​ការងារ​ថតរឿង ប៉ុន្តែ​ដោយសារអាស្រូវផ្ទាល់ខ្លួន រាល់ការងារ​ទាំងឡាយ ត្រូវ​ម្ចាស់គម្រោងលុបចោលកុងត្រាជាមួយលោកចោលគ្មានសល់។

ព័ត៌មាន​របស់លោកនោះគឺ ទាក់ទង​នឹងចរិត​មើលងាយដែល​លោកបញ្ចេញ​កាលពីនៅរៀន ដោយធ្វើបាបទៅលើមិត្តរួមថ្នាក់ ។ បន្ថែមពីលើនេះ កាល​នោះ Jisoo ថែម​ទាំងធ្វើបាន​រាងកាយ​ដាក់អតីតមិត្តស្រី ហើយហ៊ានធ្វើទង្វើមិនសមរម្យក្នុងថ្នាក់ទៀត។ ជាទីបញ្ចប់ សាមីខ្លួន​ក៏បាន​ចេញ​មុខទទួល​កំហុស និង​សុំទោសរាល់អ្វី​ដែល​ខ្លួន​បាន​សាង​ទាំង​មិនបាន​គិតគូរវែង​ឆ្ងាយកាល​ពីក្មេង។

៥. Park Yoochun

សមាជិកក្រុម JYJ រូបនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ប្រុសដែល​ជោគជាំ​ដោយរឿងអាស្រូវជុំទិស តាំងពីករណីផ្លូវភេទ និងគ្រឿងញៀនជាដើម។ ឆ្នាំនេះក៏មិន​ស្ងាត់ព័ត៌មាន​របស់​លោកដែរ ព្រោះ​កាល​ពីខែសីហា ក្រុមហ៊ុនរបស់លោកគឺ Re:Cielo បាន​លើកឡើងថា​ Park Yoochun រំលោភលើកុងត្រាជាមួយនឹង​ក្រុមហ៊ុន ហើយចុះកុងត្រាជាមួយនឹងក្រុមហ៊ុនជប៉ុនមួយទៀត ព្រម​ទាំងចែកចាយព័ត៌មានមិនពិតថា CEO របស់ Re:Cielo បោកលុយ។

មិនអស់ទេ តារា​ប្រុសរូបនេះ​នៅ​បាន​ប្រើលុយក្រុមហ៊ុន យកទៅទិញខោអាវ Brand ថ្លៃៗឲ្យសង្សារ ដល់ថ្នាក់សរុបជា​ទឹក​ប្រាក់អស់ដល់ទៅខ្ទង់ ១០០លានវ៉ុន (ខ្ទង់ ៨៤ ២០២ដុល្លារ) ទៀត។

ដោយសារបញ្ហាជុំទិសរហូតឡើងដល់តុលាការ ទើបតុលាការសម្រេចពិន័យ Park Yoochun និងសម្រេចហាមមិនឲ្យមានវត្តមានរបស់ Park Yoochun ចេញមុខក្នុងពិភពសិល្បៈតទៀតដាច់ខាត ក្នុងនោះរួមមានទាំងការចេញបទចម្រៀង វីដេអូ ការផ្សព្វផ្សាយផ្សេងៗ ពិសេសការបង្ហាញមុខលើទូរទស្សន៍៕

ប្រភព៖ Kenh14

មតិយោបល់
អត្ថបទពេញនិយម