• 2021-12-28 03:02:40
  • ព័ត៌មាន

ចៀងវាងការភាន់ច្រឡំ បុណ្យភូមិ និងបុណ្យភូមិសៀមរាប អានអត្ថបទនេះនឹងដឹងច្បាស់ហើយ!

  • 2021-12-28 03:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានការប្រកាសរបស់ក្រុមហ៊ុនGalaxy Navatra ថានឹងរៀបចំកម្មវិធីដ៏ធំមួយឈ្មោះថា"បុណ្យភូមិសៀមរាប" នៅថ្ងៃឆ្លងឆ្នាំសកល ២០២១ ខាងមុខនេះ ស្ថាបនិកក្រុមភ្លើងគប់ដែលបានរៀបចំមហោស្រពបុណ្យភូមិមុនគេនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយទាក់ទងនឹងព្រឹត្ដិការណ៍នេះ។

ដើម្បីចៀងវាងការភាន់ច្រឡំពីសំណាក់មហាជន ក្រុមភ្លើងគប់ដែលជាសហស្ថាបនិក រៀបចំមហោស្រពបុណ្យភូមិ នៅថ្ងៃទី២៧ ខែធ្នូ បញ្ជាក់ថា “បុណ្យភូមិសៀមរាប” ដែលនឹងរៀបចំដោយក្រុមហ៊ុនមួយនៅលើទឹកដីស្រុកបន្ទាយស្រី ខេត្ដសៀមរាប នៅថ្ងៃទី៣១ ខែធ្នូ នោះ គឺមិនពាក់ព័ន្ធជាមួយក្រុមភ្លើងគប់ ឬមហោស្រពបុណ្យភូមិដែលខ្លួនតែងតែធ្វើនៅរៀងរាល់ខែមេសា ចាប់តាំងពីឆ្នាំ២០១៤ នោះមកឡើយ។

ការបញ្ជាក់នេះ គឺនៅក្រោយក្រុមភ្លើងគប់សង្កេតឃើញថា បណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានប្រើរូបភាពចាស់ៗ ហើយជាកម្មសិទ្ធិរបស់ក្រុមភ្លើងគប់ដោយពុំមានការអនុញ្ញាតដែលការធ្វើបែបនេះ អាចធ្វើឲ្យមនុស្សម្នាដែលធ្លាប់ចូលរួមកម្សាន្ដសប្បាយជាមួយក្រុមភ្លើងគប់កន្លងទៅមានការភ័ន្ដច្រឡំ។

យ៉ាងណាមិញបន្ថែមលើពីនេះទៀត កញ្ញា រិទ្ធី លំអរពេជ្រ ដែលជាស្ថាបនិកបុណ្យភូមិ បានបឆ្លើយតបមកកាន់ក្រុមការងារ Sabay នៅរសៀលថ្ងៃទី ២៨ ធ្នូ ២០២១ នេះថា អ្វីដែលកញ្ញា និងក្រុមការងារបុណ្យភូមិចង់បាន គឺសូមកុំយករូបភាព និងវីដេអូផ្សេងៗដែលជាកម្មសិទ្ធិរបស់បុណ្យភូមិទៅប្រើប្រាស់ដោយមិនបានសុំការអនុញ្ញាត មិនគោរពកម្មសិទ្ធិបញ្ញា។ មួយវិញទៀត ជុំវិញការប្រើប្រាស់ពាក្យ «បុណ្យភូមិ» ក្នុងសេចក្តីប្រកាសរបស់បុណ្យភូមិ មិនបាននិយាយថាមិនអាចប្រើប្រាស់ឈ្មោះ "បុណ្យភូមិ" នោះទេ។ ក្រុមការងារបុណ្យភូមិចង់បញ្ជាក់ថា "បុណ្យភូមិសៀមរាប" គឺមិនមែនរៀបចំដោយក្រុមការងារភ្លើងគប់ទេ ព្រោះខ្លាចច្រលំដោយសារតែក្នុងវីដេអូនោះបានយកវីដេអូរបស់ "បុណ្យភូមិ" និងផ្លាកសញ្ញាដែលក្រុមការងារភ្លើងគប់បានផលិតយកទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាត។ ដោយឡែកពាក់ព័ន្ធនឹងការរៀបចំបុណ្យភូមិនេះដែរ លំអរពេជ្រ បន្ថែមថា គ្រោងនឹងរៀបចំឡើងនៅក្នុងឆ្នាំ ២០២២ តាមការកំណត់ដូចបណ្ដាឆ្នាំមុនៗដែរ ដោយមានការរៀបចំផ្ទាល់ និងតាមអនឡាញ អាស្រ័យលើស្ថានភាពជំងឺកូវីដ១៩។

ទោះជាយ៉ាងណា នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមភ្លើងគប់ ថានឹងមិនទទួលខុសត្រូវចំពោះហេតុការណ៍ផ្សេងៗ ដែលជាព្រឹត្ដិកាណ៍មួយរៀបចំដោយក្រុមរបស់ខ្លួនឡើយ ហើយព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬសារព័ត៌មានទាំងឡាយណាដែលបានប្រើរូបថត ឬវីដេអូចាស់ក្នុងសកម្មភាពបុណ្យភូមិដែលរៀបចំដោយក្រុមភ្លើងគប់កន្លងមកដោយពុំមានការអនុញ្ញាត ត្រូវដក ឬលុបចេញវិញជាបន្ទាន់៕

ជិន សុភ័ក្ដ្រ

មតិយោបល់