• 2022-01-25 04:40:19
  • ព័ត៌មាន

ធ្លាយរឿង រ៉េត សារីតា មានសង្សារជាអ្នកជំនួញបរទេសម្នាក់ ទើបនាំគ្នាទៅផ្អែមល្ហែមនៅប្រទេសបារាំង

  • 2022-01-25 04:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងបង្ហាញម៉ូដ កំពុងមានឈ្មោះបោះសំឡេងទាំងនៅលើឆាកអន្ដរជាតិ និងថ្នាក់ជាតិ រ៉េត សារីតា បង្ហើបថា រូបកញ្ញាពិតជាមានសង្សារមែន ហើយថែមទាំងមានពេលវេលាឯកជនដ៏អស្ចារ្យមួយថែមទៀតកាលពីពេលថ្មីៗនេះនៅប្រទេសបារាំង។

អ្នកនិយមតាមដានពីជីិវិតឯកជនរបស់តារាល្បីៗ បានដឹងថា សារីតា ចេញទៅបារាំងជាមួយសង្សារដែលជាអ្នកជំនួញជនជាតិអាមេរិកកាំងម្នាក់ ដោយស្ងាត់ៗកាលពីពេលថ្មីៗ ដើម្បីបង្កើតអនុស្សាវរីយ៍ជាមួយគ្នាក្នុងថ្ងៃខួបកំណើតរបស់កញ្ញា គម្រប់វ័យ២៧ឆ្នាំ។ កញ្ញា ទទួលស្គាល់ដំណឹងនេះថាជាការពិត ប៉ុន្ដែចំពោះទំនាក់ទំនងស៊ីជម្រៅកម្រិតណា ហើយមានគម្រោងចូលរោងការនៅថ្ងៃណានោះ ត្រូវនាងបដិសេធផ្ដល់ចម្លើយ។

ក្នុងឱកាសចូលរួមកម្មវិធីជំនួបបវរកញ្ញាចក្រវាល៤ជំនាន់ នាផ្សារទំនើបអូឡាំព្យា កាលពីថ្ងៃទី២៣ ខែមករា កញ្ញា រ៉េត សារីតា បានផ្ដល់បទសម្ភាសន៍ខ្លីមួយជាមួយSabay ថា មុនកញ្ញាចេញទៅប្រទេសបារាំង កញ្ញាបានធ្វើកម្មវិធីសប្បុរសធម៌មួយដោយចែកអំណោយដល់ពលរដ្ឋក្រីក្រជាង២០០គ្រួសារ ប៉ុន្ដែក្នុងឱកាសខួបកំណើតនោះដែរ កញ្ញាក៏បានធ្វើពិធីតូចមួយទៀតសម្រាប់តែសង្សារ និងក្រុមគ្រួសារពីរបីនាក់នៅបារាំង។

រ៉េត សារីតា៖ “គាត់(សង្សារ) ជាជនជាតិអាមេរិក យើងមានពេលវេលាសម្រាប់ខ្លួនឯង និងពេលវេលានៅក្បែរគ្នា ហើយនិយាយទៅគាត់ជាមនុស្សម្នាក់ផ្ដល់តម្លៃឲ្យយើង។ គាត់មិនមែនជាអ្នកសិល្បៈទេ អ្នកធ្វើការ ហើយគាត់ជិតដល់អាណត្ដិទៅស្រុកវិញហើយ។ ឥឡូវ…ខ្ញុំចង់ផ្ដោតលើការងារច្រើនជាង ដោយសារឆ្នាំនេះមានឱកាសល្អធំមែនទែនសម្រាប់ខ្ញុំ ហើយរឿងស្នេហាអីហ្នឹង ខ្ញុំសុំទុកមួយឡែកសិន”។

ចំពោះសំណួរ ថាតើហេតុអ្វីបានជា សារីតា មិនទៅធ្វើខួបកំណើតនៅអាមេរិក ដោយមានសង្សារជាជនជាតិអាមេរិកស្រាប់នោះ? កញ្ញា ឆ្លើយតបដោយខ្លីថា កញ្ញាធ្លាប់ទៅអាមេរិកទាំងក្នុងនាមជាបវរកញ្ញាតំណាងឲ្យជាតិកម្ពុជាទៅប្រកួតនៅទីនោះ និងទៅជាលក្ខណៈឯកជនបានច្រើនដងហើយ ទើបខួបកំណើតរបស់កញ្ញាក្នុងឆ្នាំ ចង់ផ្លាស់ប្ដូរបរិយាកាសទៅប្រទេសបារាំងវិញម្ដង៕

ជិន សុភ័ក្ដ្រ

មតិយោបល់