• 2022-01-27 07:50:59
  • ព័ត៌មាន

កូន​លាភ! ចាប់​កំណើត​ភ្លាម ហង្ស ឈា ពង្រីកបាន​អាជីវកម្ម១ ហើយ​កំពុង​ស៊ីញ៉េកុងត្រា​១​ទៀត!

  • 2022-01-27 07:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហង្ស ឈា ដែល​បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​អាជីវកម្ម​មួយ​ចំនួន​២ស្រាប់​នៅ​អាមេរិក​នោះ ឥឡូវ​បាន​ពង្រីក​ឲ្យ​កាន់​តែ​ធំ ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃកូន​ស្រី​ពៅ​របស់​លោក​បាន​ចាប់​កំណើត។

កូន​ស្រី​ពៅ​លោក ហង្ស ឈា មាន​ឈ្មោះ ហង្ស ពេជ្រនិលលី ប្រសូត​នៅ​ថ្ងៃ​សប្ដាហ៍​មុន ស្រប​ពេល​ញាតិមិត្ត​ជា​ច្រើន​បាន​អះអាង​ពី​ភិតភាគ​ដូច​នឹង​ឪពុក​បេះបិត។ ស្ថានភាព​នេះ បានធ្វើ​ឲ្យ​អតីត​តារាចម្រៀង និង​សម្ដែង លង់ចិត្ត​ជា​ខ្លាំង។ “និយាយ​មែន​រាល់ថ្ងៃ មក​ធ្វើ​ការ​អារម្មណ៍​នៅ​តែ​នឹង​មុខ​កូន ទៅ​ណា​មក​ណា​នឹក​តែ​កូន ផុត​ម៉ោង​ការងារ ចង់​តែ​ធ្វើ​ម៉េច​ឲ្យ​តែ​ឆាប់​មក​ដល់​ផ្ទះ(សើច!)”។ ហង្ស ឈា ថ្លែង។

ក្រៅ​ពី​អំណោយ​ផល​មុខ​មាត់​ស្រដៀង​ខ្លាំង​នឹង​ឪពុក ប៉ុន្តែ​កូន​ទី​៣​នេះ បាន​ផ្ដល់​អំណោយ​ផល​ល្អ​លើ​ការងារ​មុខ​របរ​រក​ទទួល​ទាន​របស់​លោក​ផង​ដែរ។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ថា ចាប់​តាំង​ពី និលលី មក​តាំងគភ៌​ក្នុង​ពោះ​ម្ដាយ មុខ​អាជីវកម្ម​របស់​លោក​ក៏​លេច​ចេញ​សញ្ញា​ល្អ​បន្តបន្ទាប់ បើ​ទោះ​កូវីដ​នៅ​ជា​ឧបសគ្គ​ខ្លះ​ក៏​ដោយ ​ក្នុង​នោះ​មាន​ការ​ស្នើ​សុំ​ទិញ Franchise អាជីវកម្ម​លោក​ហូរហែ។

ចុង​ក្រោយ​នេះ លោក​ទើប​នឹង​ជោគជ័យ​ក្នុង​ការ​ដំណើរ​ការ​អាជីវកម្ម Boba Tea របស់​លោក​សាខា​ថ្មី ដែល​បាន​បើក​សម្ពោធ​នៅ​ថ្ងៃ​ម្សិលមិញ គឺ​ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ និលលី ចាប់​កំណើត។ "អាជីវកម្ម​របស់​យើង រាល់​ថ្ងៃ​ដំណើរ​ល្អ ដោយ​ពង្រីកបាន ៣សាខា​ហើយ ហើយ​សាខា​ទី៣ ទើប​បាន​សម្ពោធ​បើក​នៅ​ម្សិលមិញ​នេះ​ឯង ក្រៅ​ពី​ហ្នឹង​យើង​ក៏បាន​​លក់ Franchise ឲ្យ​ទៅ​គេ​ច្រើន​ដែរ នៅ​បណ្ដា​រដ្ឋ​នៅ​ឆ្ងាយ​ៗ តែ​យើង​មិន​បាច់​រាប់​ទេ រាប់​តែ​របស់​យើង គឺ​៣សាខា​នេះ"។

មិន​ត្រឹម​ប៉ុណ្ណឹង តាម​ការ​បញ្ជាក់ អាជីវកម្ម​ខាង​ផ្នែក​ភេសជ្ជៈ​មួយ​នេះ ក៏​ត្រៀម​នឹង​បើក​ដំណើរ​សាខា​ទី​៤​ថែម​ទៀត ក្នុង​វេលា​ឆាប់​ៗ​ខាង​មុខ។ លោក ហង្ស ឈា ជា​អតីត​សិល្បករ​ម្នាក់ ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​នាម​ជា​និយោជក​មួយ​នៅ​លើ​ដីសហរដ្ឋ​អាមេរិក ​ដោយ​លោក​កំពុង​គ្រប់​គ្រងអាជីវកម្ម​ចំនួន​ ២ ក្នុង​នោះ​ទី១ ជំនួញ​ហាង​លក់​ភេសជ្ជៈ​យីហោ Boba Tea និង​ទី​២ គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បម្រើ​សេវាកម្ម​ពលកម្ម​សម្រាប់​តម្រូវ​កិច្ចការ​ងារ​ផ្សេង​ៗ។

ទិដ្ឋភាពកាល ហង្ស ឈា សម្ពោធ​ហាង​ទី១

Boba Tea ហាក់​មាន​សន្ទុះ​ល្អ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​អាច​ពង្រីក​សាខា និង​លក់​ឲ្យ​គេ​យក​ធ្វើ​អាជីវកម្មបន្ត បាន​ជា​ច្រើន​កន្លែង​ទៀត។ ស្ថានភាព​នេះ គេមើល​ឃើញលោក ហង្ស ឈា ​រស់​ក្នុង​ជីវភាព​យ៉ាង​សមរម្យ​​នៅ​លើ​ដី​ប្រទេស​មហាអំណាចសេដ្ឋកិច្ច​លេខ​១។ ជាមួយ​គ្នា អាជីវកម្ម​ទាំង​២​របស់​លោក ក៏​បាន​ផ្ដល់​ការងារ​ដល់​និយោជិក​ជា​ច្រើន​នាក់​ទៀត ទាំង​ខ្មែរ និង​ពលរដ្ឋ​អាមេរិកាំង៕

រូបភាព៖ ផ្ដល់​ដោយ ហង្ស ឈា

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម