• 2022-02-02 04:40:01
  • ព័ត៌មាន

ព្រឹកនេះ ភ្ញាក់ផ្អើល ចន ច័ន្ទលក្ខិណា ធ្វើពិធីក្រុងពាលីឡើងវីឡាដ៏ស្កឹមស្កៃ

  • 2022-02-02 04:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ នេះ អ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមី គឺលោក ហេង ឡុង បានបង្កើតភាពភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ បន្ទាប់ពីអ្នកនាងបានបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញពីពិធីក្រុងពាលីនៅក្នុងវីឡាដ៏ស្កឹមស្កៃមួយ។

គេនៅមិនទាន់ដឹងថា តើការក្រុងពាលីនេះ ធ្វើឡើងដើម្បីឡើងផ្ទះថ្មី ឬដើម្បីថតរឿងនោះទេ? ប៉ុន្ដែនៅលើគណនីFacebook ចន ច័ន្ទលក្ខិណា បានបង្ហោះរូបថតដោយមានភ្ជាប់សារខ្លីមួយថា៖ “ថ្ងៃនេះជាថ្ងៃដ៏ពិសេស 02.02.2022 ចំថ្ងៃចូលឆ្នាំចិនថ្ងៃទី02ទៀត រាប់ពាន់ឆ្នាំទើបមានម្តង សូមឲ្យគ្រួសារខ្ញុំមានសុខភាពល្អ រកសុីមានបាន លុយហូរចូលដូចទឹកបាក់ទំនប់ និងជោគជ័យគ្រប់ភារកិច្ច”។

Sabay បានព្យាយាមទាក់ទងអ្នកនាង ចន ច័ន្ទលក្ខិណា ដើម្បីលម្អិតព័ត៌មាននេះដែរ ប៉ុន្ដែពុំទាន់មានការឆ្លើយតបពីប្រធានសមាគមសិល្បករខ្មែរ និងជាអតីតតារាសម្ដែងស្រីល្បីឈ្មោះរូបនេះនៅឡើយ គិតត្រឹមម៉ោងជាង១១ព្រឹក ថ្ងៃទី២ ខែកុម្ភៈ នេះ។

ក្រោយពីបង្ហោះសារដោយមានភ្ជាប់រូបថតជាច្រើនសន្លឹកនៅព្រឹកនេះ មានអ្នកគាំទ្រ និងមិត្ដសិល្បៈជាច្រើនបានចូលរួមអបអរសាទរ និងខ្លះងឿងឆ្ងល់ ថាតើនេះជាពិធីឡើងគេហដ្ឋានថ្មីរបស់អ្នកនាង ឬគ្រាន់តែជាការថតរឿងប៉ុណ្ណោះទេ? ប៉ុន្ដែនៅក្នុងចំណោមComment ទាំងអស់ គេទើបតែឃើញអ្នកនាងចូលឆ្លើយតបនឹងសារជូនពររបស់លោកជំទាវ ហ៊ុន ស៊ីណាត មួយគត់។

នៅក្នុងសារនោះលោកជំទាវ ហ៊ុន ស៊ីណាត បានសរសេរថា៖ “សូមឲ្យកូនបានសុខ ចម្រើន"។ រីឯអ្នកនាង ចន ច័ន្ទលក្ខិណា បានតបដោយខ្លីវិញថា៖ “សាធុ សាធុ សាធុ អ្នកម្ដាយជាទីគោរព”៕

ជិន សុភ័ក្ដ្រ

មតិយោបល់