• 2022-02-11 03:28:30
  • ព័ត៌មាន

អស់ពី សាយ សៀរ៉ា ឥឡូវមកដល់ យូ ឌីស្កូ ទៀតហើយ ចេញមុខរិះគន់ម្ចាស់ផលិតកម្ម និងផលិតករ

  • 2022-02-11 03:28:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាប្រុសមានបទពិសោធន៍សម្ដែងម្នាក់ៗប្រមាណ២០ឆ្នាំទៅហើយនោះ បង្ហាញការអន់ចិត្ដស្រដៀងគ្នាចំពោះម្ចាស់ផលិតកម្ម និងផលិតករភាពយន្ដមួយចំនួនដែលនិយមបក្សពួក ហើយផាត់ចោលតារាវ័យជ្រេមួយចំនួន។ តារាទាំងពីរដួងនោះ គឺមានលោក សាយ សៀរ៉ា និងលោក យូ ឌីស្កូ។

លោក សាយ សៀរ៉ា បានលើកពីបញ្ហានេះមុនគេតាមបណ្ដាញសារព័ត៌មាន ហើយកាលពីថ្ងៃទី១០ ខែកុម្ភៈ លេចមុខលោក យូរ ឌីស្កូ ម្នាក់ទៀត បានប្រត្ដិកម្មនឹងដំណើរការផលិតរឿង ឬចម្រៀងMV របស់ផលិតកម្មមួយចំនួន។ លោក យូ ឌីស្កូ លើកឧទាហរណ៍ចំៗថា តារាសម្ដែងល្បីៗជំនាន់មុនដូចជា រូបលោក លោក ហម ឈរ៉ា លោក ញ៉ែម សុគន្ធ និងអ្នកនាង កែវ ពេជ្រពិសី ជាដើម មិនត្រូវបានគេឲ្យតម្លៃ ឬផ្ដល់ឱកាសសម្ដែង ហើយលើកតែតួថ្មីៗដដែលមកសម្ដែង។

លោក យូ ឌីស្កូ៖ “ខ្ញុំជាតួអង្គមួយ ក៏ខ្ញុំអន់ចិត្ដដែរ ខំសម្ដែងលើកស្ទូយតាំងពីដើមៗមក តែឥឡូវនិយមបក្សពួកពេក ធ្វើឲ្យសិល្បៈខ្មែរយើងធ្លាក់ចុះមែនទែន។ ខ្ញុំសង្កេតឃើញ ស្ថានីយ៍ទូរទស្សន៍មួយៗ គាត់យកតួណាសម្ដែង គឺយកតែតួហ្នឹងរហូត ហើយតួណាយកចិត្ដគាត់ គឺគាត់ហៅតែតួហ្នឹងទៅថតហ្មង...អីចឹងធ្វើឲ្យភាពយន្ដខ្មែរយើងធ្លាក់ចុះតែម្ដង"។

តារាប្រុសមានបទពិសោធន៍សម្ដែងជាង២០ឆ្នាំរូបនេះ រំលឹកថា តួមុនៗ សុទ្ធតែបង្កើតកេរ្ដិ៍ឈ្មោះល្បីល្បាញ ឬរហស្សនាមក្នុងខ្សែភាពយន្ដ ឬចម្រៀងMV មួយតែម្ដង។ ដូចជាលោក ស៊ុក សុភា ចេញមក គឺគេស្គាល់លោកថា ជានាយខៀវ ឬនេន ទុំ លោក ញ៉ែម សុគន្ធ ចេញមកគេស្គាល់លោកថា តួឯកសមុទ្ររាម និងអ្នកនាង កែវ ពេជ្រពិសី ជាដើម ពេលចេញសម្ដែងច្បាស់ជាស្គាល់ថា នាងធ្លាប់ជាតួអង្គ សាន ឆាយ ប៉ុន្ដែសម្រាប់តួបច្ចុប្បន្ន គេដឹងថាតួ តែមិនដឹងល្បីក្នុងរឿងអី។

ចំណែកតារាសម្ដែងប្រុស សាយ សៀរ៉ា វិញ ក៏ធ្លាប់បញ្ចេញការរិះគន់ស្រដៀងគ្នានេះដែរកាលពីឆ្នាំ២០២១។ លោកថា ម្ចាស់ផលិតកម្ម ឬផលិតករ បានផ្ដល់ឱកាសដល់ក្មេងជំនាន់ក្រោយខ្លាំងពេក ស្ទើរតែផាត់ចោលតារាសម្ដែងចាស់ៗ ដែលមានសមត្ថភាព ហើយមហាជនធ្លាប់ស្គាល់ច្រើន កំពុងត្រូវការទីផ្សារការងារសិល្បៈដូចក្មេងៗស្រកក្រោយដែរ។

លោក សាយ សៀរ៉ា បង្ហើបថា បច្ចុប្បន្នលោកត្រូវពឹងលើចំណូលពីការLive លក់ផលិតផលឲ្យគេ ធ្វើជាពិធីករ និងចម្រៀងតាមរោងការបន្ដិចបន្ដួចប៉ុណ្ណោះ តែសម្រាប់ទីផ្សារសម្ដែងក្នុងខ្សែភាពយន្ដ ឬស្ពតពាណិជ្ជកម្មមិនសូវមានឡើយ។ លោកយល់ថា ផលិតករ ឬម្ចាស់ផលិតកម្ម នៅតែអាចទទួលយកពួកគាត់ទៅថតបានដូចដើម ដោយគេគ្រាន់តែដាក់តួពួកលោកទៅជា តួបងប្រុស ឪពុក ឬតួផ្សេងៗដែលមានវ័យចំណាស់គឺដាក់បានដូចតែគ្នាឲ្យតែចង់ផ្ដល់ឱកាស។

គិតត្រឹមម៉ោង១០ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ Sabay មិនទាន់អាចទាក់ទងប្រធានសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា ដើម្បីបង្ហាញពីវិធានការលើកកម្ពស់វិស័យសម្ដែងភាពយន្ដ និងឆ្លើយតបទៅនឹងការរិះគន់របស់ តារាសម្ដែងប្រុសទាំងពីរដួងនេះបាននៅឡើយទេ។ ប៉ុន្ដែអតីតប្រធានសមាគមលោក សុះ ម៉ាច ធ្លាប់លើកឡើងថា ផលិតករ ឬម្ចាស់ផលិតកម្ម គឺជាបុគ្គលដ៏សំខាន់ក្នុងការរុញឲ្យវិស័យសិល្បៈរីកចម្រើន និងតារាមានជីវភាពល្អប្រសើរបាន៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម