• 2022-02-18 02:09:57
  • ព័ត៌មាន

រំភើបជំនួសយាយ! អតីតភរិយាតារាសម្ដែងទសវត្ស៦០ ណុប ណែម សម្រេចបំណងជីវិតចុងក្រោយហើយ

  • 2022-02-18 02:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតភរិយារបស់តារាសម្ដែងល្បីឈ្មោះនាទសវត្សទី៦០ គឺលោកយាយ ដួងតា ណុបណែម ដែលជាទុរគតជនរស់នៅក្នុងជីវភាពក្រលំបាក និងពុំមានទីជម្រកពិតប្រាកដ ឥឡូវនេះលោកយាយទទួលបានដំណោយជាផ្ទះ និងសម្ភារៈប្រើប្រាស់មួយចំនួនពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីសម្រេចក្ដីប្រាថ្នា នៃជីវិតចុងក្រោយរបស់លោកយាយហើយ។

យោងតាមគណនីFacebook ផ្លូវការរបស់អភិបាលខេត្ដកំពង់ស្ពឺ គឺលោក វ៉ី សំណាង បានឲ្យដឹងថា រូបលោកទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់តំណាងឲ្យសម្ដេចទាំងទ្វេក្នុងការប្រគល់ផ្ទះមួយខ្នងនេះជូនលោកយាយនៅថ្ងៃទី១៧ ខែកុម្ភៈ។ លោកថា ផ្ទះនេះ មានទំហំ៥ គុណនឹង១០ម៉ែត្រ មានបន្ទប់សម្រាក ផ្ទះបាយ និងសំយ៉ាបផ្ទះ សម្រាប់លោកយាយអង្គុយលេងទៀតផង។

លោក វ៉ី សំណាង៖ “ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ជាទីបំផុត ក្នុងនាមតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីប្រគល់ផ្ទះ ជាអំណោយដ៏មហាសប្បុរសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនលោកយាយ ដួង ដារា ណុប ណែម ដែលជាទុរគតជន រស់នៅជាមួយបងប្អូនប្រជាពលរដ្ឋ ហើយត្រូវម្ចាស់ផ្ទះរាប់អានជាជីដូនបង្កើត”។

រូបថត៖ Facebook វ៉ី សំណាង

លោកយាយ ដួងតារា ណុប ណែម កំពុងរស់នៅជាមួយអ្នកស្គាល់គ្នាតាំងពីសម័យប៉ូលពត ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទេង ខេត្ដកំពង់ស្ពឺ។ ដំណឹងនៅរស់រានមានជីវិត ស្ថិតនៅក្នុងស្ថានភាពដ៏លំបាករបស់លោកយាយនេះ ត្រូវបានបែកធ្លាយតាមរយៈអ្នកតាមដានប្រវត្ដិសិល្បករ-សិល្បការិនីខ្មែរមួយក្រុម ព្រមទាំងមានបណ្ដាញផ្សព្វផ្សាយយ៉ាងទូលាយ ទើបដំណឹងនេះបានធ្លាយដល់ប្រមុខរាជរដ្ឋាភិបាល៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី