• 2022-02-24 00:30:00
  • ព័ត៌មាន

ក្រឡេកមើលក្រោយឆាកទើបដឹងថា ងិន ម៉ារ៉ាឌី មានអ្នកពិសេសអមស្ទើរគ្រប់ជំហាន

  • 2022-02-24 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នម្ចាស់ជយលាភីគ្រងមកុដ “Miss Universe Cambodia 2021” ងិន ម៉ារ៉ាឌី មានទីផ្សារការងារសិល្បៈច្រើនគួរឲ្យកត់សម្គាល់។ ទន្ទឹមគ្នានេះកញ្ញា ក៏មានជំនួយការពិសេសដែរ ដើម្បីជ្រោមជ្រែងលើការងារផ្ទាល់ខ្លួន ដើម្បីឲ្យមានការរៀបរយខ្លួនប្រាណមុនឡើងឆាក ឬចេញថតម្ដងៗ។

តារាម៉ូដែលរូបនេះ ត្រូវបានគេសង្កេតឃើញឪពុក និងម្ដាយដើរតាមជាប់ជានិច្ចមិនថានៅកម្មវិធីតូច ឬធំឡើយ។ ជាក់ស្ដែងក្នុងកម្មវិធីជំនួបបវរកញ្ញាចក្រវាលទាំង៤ជំនាន់ដែលរៀបចំ​ដោយ​លោក ម៉ែន និមលរតន៍ នៅផ្សារទំនើបអូឡាំព្យា កាលពីខែមុន ម្ដាយរបស់កញ្ញា ងិន ម៉ារ៉ាឌី គឺជាអ្នកមើលការខុសត្រូវលើការតែងខ្លួនកូនស្រី​ដោយ​ផ្ទាល់។

មុនឡើងលើតុវេទិកាចែករំលែកបទពិសោធន៍ និងអនុស្សាវរីយ៍ដើរម៉ូដ នាថ្ងៃនោះ ងិន ម៉ារ៉ាឌី មានបញ្ហារោមភ្នែកដែលពាក់នោះរបូតធ្លាក់បណ្ដាលឲ្យចាក់ភ្នែកបាកបើកភ្នែក និងហៀរទឹកភ្នែក។ ភ្លាមនោះ ម្ដាយរបស់កញ្ញាបានប្រវេប្រវាអូសដៃអ្នកផាត់មុខឲ្យចូលដោះរោមភ្នែកដែលពាក់នោះ​ចេញហើយពាក់ឡើងជាប្រញាប់ ក្រោមក្រសែភ្នែកយកចិត្ដទុកដាក់បំផុតពីលោកស្រី។

ម្ដាយ ងិន ម៉ារ៉ាឌី៖ “ខ្ញុំ និងប៉ាវា មិនដែលចោលកូនទេ ជាពិសេសក្រែងចំពេលមានបញ្ហាអីចឹងៗនែក...ខ្ញុំពីរនាក់ផ្ដាល់ប្ដូរគ្នារហូត ប៉ុន្ដែភាគច្រើនខ្ញុំជា​អ្នក​ដើ​រតាមកូន ព្រោះប៉ាវារវល់ការងារមន្ដ្រីរាជការនោះផង ហើយមើលការខុសត្រូវអាផាមិនជួលឲ្យគេនោះទៀត"។

កញ្ញា ងិន ម៉ារ៉ាឌី គឺជាកូនស្រីច្បងក្នុងចំណោមបងប្អូនបង្កើត៣នាក់ រស់នៅក្នុងគ្រួសារធូរធាមួយ ដោយមានឪពុកជាវេជ្ជបណ្ឌិត​ បម្រើការងាររដ្ឋ និងម្ដាយជាស្ដ្រីមេផ្ទះ។ ក្នុងវ័យ២៣ឆ្នាំនេះ កញ្ញា ម៉ារ៉ាឌី ទទួលបានការមើលថែពីឪពុក-ម្ដាយកាន់តែខ្លាំងជាងបងប្អូនបង្កើតផ្សេងទៀត បន្ទាប់ពីកញ្ញាទទួលបានការគាំទ្រកាន់តែច្រើនពីមហាជន ព្រោះតែគ្រួសារកញ្ញា គឺមានតែកញ្ញាម្នាក់គត់ដែលបានក្លាយជាតារាសម្ដែងតាមរយៈជំនាញដើរម៉ូដ និងជាពិធីការិនីរបស់ខ្លួន៕

ជិន សុភ័ក្ដ្រ

មតិយោបល់