• សុក្រ, 4 មីនា 2022 10:22
  • ព័ត៌មាន

តាម​ស្ដាប់ ការងារ​នេះ​ធំណាស់ តន់ ច័ន្ទសីម៉ា សង្ស័យ​ផ្ទុះ​ទៀត​ហើយ!

  • សុក្រ, 4 មីនា 2022 10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង តន់ ច័ន្ទ​សីម៉ា បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​មួយឆាវ​ទៀត​នៅ​រសៀល​នេះ ក្រោយ​លេច​រូប​មួយ​សន្លឹក​ស្លៀក​ឈុត​ទង់ជាតិ​កម្ពុជា​ឈរ​មុខ​អង្គរ ឥឡូវ​នេះ​ដឹង​រឿង​ហើយ។

រូប​ភាព​សន្លឹក​របស់ តន់ ច័ន្ទសីម៉ា ដែល​ស្លៀក​ឈុត​សំលៀកបំពាក់​ច្នៃ​ពី​រូប​ទង់ជាតិ​ខ្មែរ ឆ្លុះ​ពណ៌ ខៀវ ក្រហម ជា​ពណ៌​នៃ​ទង់ជាតិ​ខ្មែឬ ត្រូវ​បាន​តារា​ចម្រៀង​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។ ក្នុង​រូបភាព​នោះ មិន​ត្រឹម​តែ សីម៉ា ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​គេ​ឃើញ​មនុស្ស​ជា​ច្រើន​ទៀត នៅ​ពីក្រោយ​នាង សុទ្ធ​តែ​ស្លៀក​ឈុត​ដូច​ៗ​គ្នា បង្កើត​ជា​សោភណ្ឌ​មួយ​ទាក់​ភ្នែក។

ភ្លាម​ៗ គេ​ជឿ​ថា នោះ​មិន​មែន​រូបភាព​នាង ដើរ​កម្សាន្ត ហើយ​ថត​លេង​តាម​របៀប​យុវវ័យ​នោះ​ទេ តែ​ច្បាស់​ជា​ក្នុង​​កិច្ចការ​សំខាន់​អ្វី​មួយ​មិន​ខាន។ ប៉ុន្តែ​គេ​មិន​ដឹង​ថា កិច្ចការ​នោះ​ជា​អ្វី​ពិត​ប្រាកដ ខណៈ​គេមិន​បាន​ឃើញ​តារា​ចម្រៀង​គូសបញ្ជាក់​ពី​រឿង​នេះ។ ជាមួយ​គ្នា សាមី​ខ្លួន​ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន។

ប៉ុន្តែ​លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra បាន​ប្រាប់​ថា នោះ​ជា​កិច្ចការ​សំខាន់​មួយ​របស់​ផលិតកម្ម គឺ​ថត​វីដេអូ​ចម្រៀង​ថ្មី​មួយ​បទ​របស់​តារា​ចម្រៀង​ស្រី។ លោក​បាន​បន្ត​ថា វា​ជា​ប្រភេទ​គម្រោង​ធំ​មួយ​របស់​លោក ដែល​បទ​នេះ ចំណាយ​ពេល​ផលិត​ច្រើន​ជាង​បទ​ណា​ៗ​ទាំង​អស់ ពោល​គឺ​ជាង កន្លះ​ឆ្នាំ។

តាស្រង់ មិន​បាន​អធិប្បាយ​លម្អិត​នោះ​ទេ ថា​បទ​នេះ គ្រោង​ចេញ​ពេល​ណា ប្រភេទ​អ្វី ឬ​ក៏​ថា​ចំណង​ជើង​អ្វី តែ​លោក​បាន​បង្ហើប​ចុង​ក្រោយ​ថា បទ​នេះ ថត​មិន​ទាន់​ចប់​នៅ​ឡើយ ពោល​គឺ​ត្រូវ​ពេល​ប្រមាណ​ជា ១សប្ដាហ៍​បន្ត​ទៀត។

Galaxy Navatra បាន​ផ្លាស់​ប្ដូរ​ពី​ការ​ផលិត​បទ​លឿន​ដូច​ព្យុះ​កាល​ពី​ឆ្នាំ​មុន មក​ផលិត​មួយ​ៗ ប៉ុន្តែ​ជា​ប្រភេទ​បទ​ដែឡ​មាន​វិនិយោគ​ច្រើន​ទាំង​ថវិកា ពេល​វេលា និង​ចង្វាក់​ផលិតកម្ម។ ជាក់​ស្ដែង​បទ "Lambo Toy” ចេញ​កាល​ពី​ចុង​ឆ្នាំ ២០២១ បាន​ធ្វើ​ឲ្យ​កក្រើក​ទាំង​នៅ​ក្នុង​ស្រុក និងប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ាន។

ដោយ​ឡែក​បទ​ថ្មី​នេះ ដែល​តាម​ការ​បង្ហើប​របស់​នាយក​គ្រប់​គ្រង ថា​បាន​ផ្ដើម​សង្វាក់​ផលិតកម្ម​តាំង​ពី​ជាង កន្លះ​ឆ្នាំ​មុន អាច​នឹង​ផ្ទុះ​សារ​ជា​ថ្មី​ទៀត។ ដូច្នេះ​មាន​តែ​រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា!​

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី