• 2022-03-17 00:00:00
  • ព័ត៌មាន

អតីតអ្នកទោសនៅមន្ទីរ១៥ ប្រាថ្នាឃើញខ្សែភាពយន្ដមួយបង្ហាញពីជីវិតចុងក្រោយរបស់ ស៊ីន ស៊ីសាមុត

  • 2022-03-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក កែវ ចំណាប់ ដែលអះអាងថាលោក គឺជាអ្នកទោស១រូប ក្នុងរបបខ្មែរក្រហម ហើយបានជាប់ឃុំជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នៅមន្ទីរឃុំឃាំង១៥ ចំណុះឲ្យតំបន់២៥ ប្រាថ្នាឃើញខ្សែភាពយន្ដមួយបង្ហាញពីដំណើរជីវិតចុងក្រោយលោក ស៊ីន ស៊ីសាមុត ផ្ទុះឡើងក្នុងសង្គមបច្ចុប្បន្ន។

ក្នុងបទសម្ភាសន៍ជាមួយSabay កន្លងមក លោក កែវ ចំណាប់ បញ្ជាក់ថា ត្បិតលោកពុំមានលទ្ធភាពផលិតរឿងនេះដោយខ្លួនឯង ប៉ុន្ដែលោកនៅចាំរឿងរ៉ាវសព្វបែបយ៉ាង ហើយត្រៀមជួយផលិតករជានិច្ចក្នុងការចង្អុលបង្ហាញភស្ដុតាំង ឬរៀបរាប់ពីដំណើរជីវិតចុងក្រោយរបស់លោក ស៊ីន ស៊ីសាមុត គ្រានោះ។

កែវ ចំណាប់៖ “បើមានផលិតកម្មខ្មែរ ឬបរទេសណាមួយចេញមុខផលិតរឿងនេះ ខ្ញុំធានាថាល្បី ហើយខ្ញុំពេញចិត្ដសហការ ហើយខ្ញុំជាអ្នកទៅចង្អុលកន្លែងបងស៊ីសាមុត ជាប់ឃុំជាមួយខ្ញុំ ហើយរឿងរ៉ាវកើតឡើងចំពោះគាត់ និងអ្នកជាប់ឃុំនៅទីនោះយ៉ាងម៉េច ខ្ញុំនឹងលម្អិតហ្មង”។

សាក្សីរស់រូបនេះ និយាយទាំងអួលដើមកថា លោកមិនអាចថ្លែងពីទំហំឈឺចាប់ និងទុក្ខវេទនាដែលរូបលោក និងលោក ស៊ីន ស៊ីសាមុត បានជួបឲ្យមហាជនបានដឹង ឬជឿទាំងស្រុងនោះទេ ប៉ុន្ដែលោកថាទិដ្ឋភាពគ្រានោះដូចនរក៩ជាន់ជាគ្នា។ ទិដ្ឋភាពដ៏សង្វេគទាំងនេះហើយ ទើបលោកចង់ឃើញសមិទ្ធផល នៃខ្សែភាពយន្ដមួយត្រូវបានរំលេចឡើងដោយផ្ដោតលើជីវិតចុងក្រោយរបស់លោក ស៊ីន ស៊ីសាមុត។

បើតាមលោក កែវ ចំណាប់ រូបលោក បានជាប់ឃុំជាមួយលោក ស៊ីន ស៊ីសាមុត រយៈពេល៥ខែ ដោយកាលណោះលោក ស៊ីន ស៊ីសាមុត ត្រូវទាហានខ្មែរក្រហមចាប់ពីម្ដុំព្រែកឯង មកដាក់ឃ្នាងជើងក្នុងគុក ឬមន្ទីរឃុំឃាំង១៥ ក្នុងខេត្ដកណ្ដាល នាឆ្នាំ១៩៧៥។

មុនមេរនុក ហៅឈ្មោះលោក និងអ្នកទោស៧នាក់ផ្សេងទៀងទៅវាយចោលក្បែរនោះព្រមគ្នា លោក ស៊ីន ស៊ីសាមុត ទទួលរងនូវការធ្វើទារុណកម្ម ត្រូវមេរនុកវាយក្បាលលោក ហើយត្រូវបង្ខំចិត្ដហូបគល់ចេកលាយកន្ទក់រាល់ថ្ងៃ តាមការកំណត់របស់ខ្មែរក្រហម៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម