• 2022-03-20 06:29:41
  • ព័ត៌មាន

កាដូផ្ទាល់ខ្លួន ទេព បូព្រឹក្ស ត្រូវនឹងលក្ខណៈវិនិច្ឆ័យពិសេសឈ្នះពានដល់ទៅ ៣ ពី PMA 2022

  • 2022-03-20 06:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រែកហ៊ោកញ្ជ្រៀវ របស់មហាជន បានលាន់កងរំពងពេញសាលប្រារព្ធកម្មវិធី “Pleng Music Awards 2022” នាសណ្ឋាគារ Garden City។ តាមរយៈកម្មវិធីដ៏អស្ចារ្យកាលពីយប់មិញនេះ បានរកឃើញម្ចាស់ពានរង្វាន់សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំចំនួន១៤រូប។

ក្នុងចំណោមម្ចាស់ជយលាភីទាំង១៤រូប សុទ្ធតែមានឱកាសបានឡើងទទួលពានដោយផ្ទាល់ ព្រមទាំងបាននិយាយពីជីវិតសិល្បៈរបស់ខ្លួនដែលខំលាក់ទុកក្នុងចិត្ដជាយូរណាស់មកហើយនោះ ទៅកាន់អ្នកគាំទ្រទៀតផង។ ពេលឡើងទទួលពាន គេចាប់អារម្មណ៍លើគូស្នេហ៍តារាចម្រៀងល្បីឈ្មោះ១គូ គឺលោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស។

ក្នុងឈុតពណ៌ខៀវលាយលឿងយ៉ាងប្រណីត ដោយដៃទាំងពីកាន់ពានយ៉ាងណែន កញ្ញា ទេព បូព្រឹក្ស បានថ្លែងទាំងអួលដើមកថា ប្រិយមិត្ដភាគច្រើនបានដឹងរួចមកហើយថាដំណើរជីតសិល្បៈរបស់កញ្ញារាងរដាក់រដុប ហើយមានបញ្ហាច្រើនណាស់ តែកញ្ញាក៏អគុណណាស់ដែរសម្រាប់ការគាំទ្របទ “វីរៈនារី” រហូតធ្វើឲ្យកញ្ញាទទួលបានពាននៅថ្ងៃនេះ។

ទេព បូព្រឹក្ស៖ “តាមពិតទៅសម្រាប់បទហ្នឹង ខ្ញុំធ្វើសម្រាប់ជាកាដូខ្លួនឯងទេ ដោយគិតថាថ្ងៃណាមួយខ្ញុំមានលទ្ធភាពខ្ញុំអាចធ្វើវាបាន ទាំងដែលពីមុនគេប្រើពាក្យមកលើខ្ញុំថា “បែកស្លុយ”។ ទោះបីជាខ្ញុំខំធ្វើអីក៏គេមិនដែលមើលឃើញតម្លៃរបស់ខ្ញុំដែរ ប៉ុន្ដែសម្រាប់ពេលនេះ…ឥឡូវនេះ…ខ្ញុំធ្វើវាបានហើយ”។ បន្ថែមពីលើនេះ នាងក៏ថែមទាំងបានអរគុណដល់ Hater ទៀតផង ព្រោះការរិះគន់ និងមើលងាយរបស់ពួកគេ ទើបធ្វើឲ្យនាងស៊ូរហូតមានថ្ងៃនេះ។

តារាចម្រៀងនិយមច្រៀងបទបែបយុវវ័យរូបនេះបញ្ជាក់ថា ទម្រាំខ្លួនឈានដល់ចំណុចនេះ គឺបានជម្នះឧបសគ្គសព្វបែបយ៉ាង ដើម្បីសម្រេចក្ដីស្រមៃ។ កញ្ញា បានអរគុណខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំង ដេវីត ដែលតែងតែលើកទឹកចិត្ដ ហើយមិនដែលស្ដីបន្ទោស ឬជាន់ពន្លិចនាង បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់