• 2022-03-21 10:26:32
  • ព័ត៌មាន

ស្រីស្អាត ដួង ម៉ានិច្ច រក​ឃើញ​ដៃគូ​ជំនួញ ប្រុង​លេង​ធំ​មួយ​ចាន​ជាមួយ​គ្នា

  • 2022-03-21 10:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ដួង ម៉ានិច្ច បាន​ហក់​ចូល​ប្រឡូក​ជំនួញ​ប្រមាណ​ជាង ២​ឆ្នាំ​មកហើយ ហើយ​នៅ​ពេល​នេះ​ទៀត​សោត តារា​ស្រី​បាន​បង្ហើប​ពី​គម្រោង​ធំ​មួយ​ក្រោយ​រក​ឃើញ​ដៃគូ​ឆ្នើម​ម្នាក់។

ដៃគូ​ជា​សហគ្រិន​ស្ត្រី​ឆ្នើម​មួយ​រូប​របស់ ម៉ានិច្ច គឺ​អ្នក​នាង ស៊ូ សោភា ស្ត្រី​អ្នក​ជំនួញ​វ័យ​ក្មេង​ដែល​កំពុង​លេច​មុខ​លេច​មាត់។ អ្នក​ទាំង​ពីរ​បាន​ជួប និង​ស្គាល់​គ្នា​ប្រមាណ​ជាង ១​ឆ្នាំ​មក​ហើយ ហើយ​ក៏បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់។ នេះ​បើ​តាម​ការ​អះអាង​របស់​ពួក​គេ​ទាំង​ពីរ​ក្នុង​ថ្ងៃ​សម្ពោធ​ផ្សារ​ធម្មជាតិ​របស់​អ្នក​នាង ស៊ូ សោភា នៅ​បុរី​វិមាន​ភ្នំពេញ​ជ្រោយ​ចង្វារ​កាល​ពី​ចុង​សប្ដាហ៍។

ក្នុង​រយៈ​ពេល​ប្រមាណ​១​ឆ្នាំ​នៃ​ការ​សេព​គប់​គ្នា អ្នក​ទាំង​ពីរ​មើល​គ្នា​ទៅ​វិញ​ទៅមក។ សហគ្រិន​ស្ត្រី ស៊ូ សោភា បាន​អះអាង​ថា ម៉ានិច គឺ​ជា​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ហើយ​អ្នក​នាង​តែង​រក​ឱកាស​ដើម្បី​ភ្ជាប់​ទំនាក់ទំនង ហើយ​បំណង​នេះ បាន​សម្រេច​កាល​ពី​១​ឆ្នាំ​ជាង​មុន និង​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ។ ងាក​មក​ម៉ានិច្ច វិញ​ក៏​ដូច​គ្នា​នាង​ថា តាម​រយៈ​ការ​សេព​គប់​គ្នា​មក​នេះ កញ្ញា បាន​តាម​សម្គាល់​មើល​ស្ត្រី​វ័យក្មេង។

“ខ្ញុំ​ស្គាល់​ឃើញ​ថា គាត់​ជា​ស្ត្រី​ឆ្លាត​ក្នុង​ការ​រកស៊ី និង​ក្លាហាន​ណាស់ និយាយ​រួម គាត់​មាន​ចំណុច​ល្អ​ច្រើន​ទៀត ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ចូល​ចិត្ត​គាត់!”។ ម៉ានិច្ច ថាទំនាក់ទំនង​កញ្ញា និង​ម្ចាស់​ផ្សារ​ធម្មជាតិ ២៤ គឺ​ចាប់​ផ្ដើម​ខ្លាំង​នៅ​រង្វង់​ប៉ុន្មាន​ខែ​ចុង​ក្រោយ ពេល​ដែល​ពួក​គេ​ទាំង​ពីរ​ចាប់​ផ្ដើម​ការ​ពិភាក្សា​អំពី​ការ​រក​ស៊ី​ជាមួយ​គ្នា។

ក្រោយ​ជួប​ពិភាក្សា​គ្នា​អស់​ចំនួន ២​លើក ម៉ានិច្ច ប្រាប់​ថា នាង និង​ដៃគូ​ខាង​លើ សម្រេច​វិនិយោគ​រួម​គ្នា​លើ​គម្រោង​ធំ​មួយ​ដែល​មាន​ទុន​វិនិយោគ​ជា​ច្រើន​ម៉ឺន​ដុល្លារ។ "យើង​សម្រេច​រក​ស៊ី​ជាមួយ​គ្នា តែ​សុំ​អត់​ទាន់​បញ្ចេញ ចង់​ឲ្យ​ពេល​ចេញ Surprise តែ​ម្ដង​ទាំង​ហ្វេន​ខាង​ខ្ញុំ និង​អ្នក​ដែល​ជា​មិត្តភ័ក្តិ រាប់​អាន​គាត់។

មិន​ត្រឹម​ជា​តារា​ស្រី​ល្បី​ឈ្មោះ​ម្នាក់ ដួង ម៉ានិច្ច ក៏​ជា​ពាណិជ្ជករ​មួយ​រូប​កំពុង​មាន​សន្ទុះ​មួយ​រូប​ដែរ។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន គិត​ត្រឹម​ពេល​នេះ នាង​កំពុង​ក្ដោបក្ដាប់​ស្លាកយីហោ​(ម្ចាស់ Brand)​ចំនួន ៣​រួច​ស្រេច​ទី១​មាន អាវ​ហ្គេន​រឹតរាង និង​២មុខ​ទៀត​សុទ្ធ​ជា​ផលិតផល​ផ្នែក​ថែ​រក្សា​សម្ផស្ស។ ដោយ​ឡែក​អ្នក​នាង ស៊ូ សោភា ដែល​ពី​មុន​រក​ស៊ី​ត្រឹម​ជា​ការ​បើក​ហាង​លក់​បន្លែ​ធម្មតា មក​ដល់​ពេល​នេះ បាន​ឈាន​មក​បើក​ជា​ក្រុមហ៊ុន "ផ្សារ​ធម្មជាតិ ២៤" និង​ជំនួញ​មួយ​ចំនួន​ទៀត។

រូបថតសហការី

ត្បិត​ថា​ទាំង​ពីរ​បង្ហើប តែ​មិន​បង្ហើយ​រឿង​អាជីវកម្ម​រួម​គ្នា ប៉ុន្តែ​គេ​សង្ស័យ​ថា គម្រោង​អាជីវកម្ម​របស់​អ្នក​ទាំង​ពីរ​ទំនង​ទៅ​មិន​ឆ្ងាយ​ពី​ការ​វិនិយោគ​ផលិតផល​ផ្នែក​សម្រស់ ត្បិត​ថា គេ​ឃើញ​មាន​ផលិតផល​មួយ​ត្រូវ​បាន​យក​មក​ដាក់​តាំង​នៅ​មាត់​ច្រក​ចូល​កម្មវិធី​កាល​ពី​ចុង​សប្ដាហ៍​មុន​នោះ​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម