• 2022-04-08 03:09:48
  • ព័ត៌មាន

១០ ចំណុចដកស្រង់ពីខ្សែជីវិតពិតរបស់ Jonghyun និមិត្តរូបម្នាក់ប្រចាំ K-POP

  • 2022-04-08 03:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងទៅរយៈពេល ៥ឆ្នាំហើយ ដែល Jonghyun (SHINee) បាន​លាចាកលោកនេះ ទៅកាន់ទីដ៏សែនស្ងប់ ហើយទោះបីឃ្លាតទៅឆ្ងាយទៅហើយក្ដី ក៏លោកនៅតែ​ស្ថិតក្នុងដួងចិត្តរបស់អ្នកគាំទ្រគ្រប់គ្នាដែរ។

ជាក់ស្ដែងសម្រាប់សមាជិក​ SHINee វិញ ក៏តែងចាត់ទុកថា​ក្រុមមានសមាជិក ៥នាក់ដដែល មិនផ្លាស់ប្ដូរឡើយ។ ស្រមោល​របស់ Jonghyun នៅតែនៅជាប់គ្រប់គ្នា អមជាមួយ​នឹងនឹងអនុស្សាវរីយ៍ល្អៗបំភ្លេចមិនបាន។

ពេលនេះសូមលើកយក​រឿងរ៉ាវល្អៗ និងចំណុច​មួយ​ចំនួនរបស់តារា​ប្រុសសំឡេង​ខ្ពស់បំផុតប្រចាំផលិតកម្ម SM

១. Kim Jonghyun កើតនៅ​ថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩០ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោកមាន​បងស្រី​ម្នាក់ឈ្មោះ Kim Song Dam។

២. តាមពិតទៅ Jonghyun ជា​មនុស្ស​ដែល​កម្របង្ហាញពីជីវិតឯកជន​ណាស់ ប៉ុន្តែ​តាម​ការ​ឲ្យដឹងពីបណ្ដាញសារព័ត៌មានកន្លងមក Jonghyun ធំដឹងក្ដីក្រោម​ការមើលថែទាំងស្រុងពីម្ដាយ និងបងស្រី។ ម្យ៉ាងពេល​ចេញ​មុខ​ក្នុង​កម្មវិធី ជាទូទៅលោកកម្រនិយាយដល់ឪពុកណាស់ ប៉ុន្តែក៏មាន​ម្ដង Jonghyun បាន​បង្ហើបថាឪពុកលោកជា​មនុស្សតឹងរឹងណាស់។ ជាក់ស្ដែង​ម្ដាយ និងបងស្រី តែង​បង្ហាញ​ក្ដីស្រឡាញ់ទៅកាន់កូន/ប្អូនម្នាក់នេះ ដោយឧស្សាហ៍ចំណាយពេល​ទៅគាំទ្រ ឬទៅមើល Concert ផ្ទាល់ មិនថា​ការប្រគំតន្ត្រីក្រុម ឬ​ទោលទេ។

៣. លោកបោះបង់ការសិក្សាថ្នាក់ទី ១០ ដើម្បីបន្តអាជីពសិល្បៈ ប៉ុន្តែលោកបាន​រៀននៅសាកលវិទ្យាល័យ Chungwoon មុនចូល​សាកលវិទ្យាល័យ Myongji ជាកន្លែងដែលលោកបាន​ទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកភាពយន្ត និងតន្ត្រី។

៤. Jonghyun មិនត្រឹម​តែពូកែ​ខាងច្រៀង និងរាំទេ ប៉ុន្តែលោកក៏ចំណាប់ខាងលេងឧបករណ៍តន្ត្រីដែរដូចជា ហ្គីតា បាស និងព្យ៉ាណូ។

៥. សមាជិក SHINee ម្នាក់នេះឧស្សាហ៍​ច្រឡំទិសណាស់ ហើយវង្វេងញឹកញាប់ទៀតផង។

៦. លោកចូលចិត្តមើលរឿង​ខ្មោច ឬរឿង​បែប​ភ័យរន្ធត់ ហើយរឿងដែល​ចូលចិត្តមើលជាងគេគឺ «Phone Booth»។

៧. ទម្លាប់របស់ Jonghyun គឺថា​ឲ្យតែពេលភ័យបុកពោះរឿងអ្វីមួយ លោកទៅជានិយាយញាប់ ប៉ុន្តែដោយសារលោកជាមនុស្ស​និយាយ​ច្រើន​ស្រាប់ ទើបគ្មានអ្នកណាចាប់អារម្មណ៍ពីទម្លាប់មួយនេះ។

៨. បើមាន​ពេល​ទំនេរ Jonghyun ចូលចិត្តមើលរឿង រាំលេង តែង​បទចម្រៀង និងលេង​ព្យ៉ាណូ។

៩. Jonghyun គឺជា​មនុស្ស​ម្នាក់ដែលរ៉ូមែនទិកបំផុត ងាយប៉ះទង្គិចផ្លូវអារម្មណ៍ ហើយងាយយំណាស់។ បុរសម្នាក់នេះ​គឺជា​មនុស្សដែលចូលចិត្តរៀបចំអ្វីគ្រប់យ៉ាង​ឲ្យមាន​សណ្ដាប់ធ្នាប់ និងចាត់ចែងការងារហើយអស់ មុន​ចំណាយពេល​លេង​កម្សាន្តអ្វីមួយ។

១០. ឈានដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៧ Jonghyun សម្រេច​លាចាកឆ្ងាយពីគ្រប់គ្នា​លើពិភពលោកនេះ​ទៅទីដ៏សែន​ឆ្ងាយលែងវិលត្រឡប់មកវិញជារៀងរហូត។ លោកបាន​ស្លាប់ដោយសារឥទ្ធិពល​ផ្សែងពុលមួយ​ប្រភេទ។ មូលហេតុធំ ដែល​ត្រូវបាន​គេ​រកឃើញ គឺ​បណ្ដាលមកពីទំហំ​នៃ​ជំងឺបាក់ទឹកចិត្ត វាយប្រហារមកលើលោកខ្លាំងពេក៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី