
- ព្រហស្បតិ៍, 5 ឧសភា 2022 04:57
- ព័ត៌មាន
ហេតុផលប៉ាម៉ាក់របស់ Jackson Wang មិនចង់ឲ្យចូលសិល្បៈពីដំបូង ព្រោះខ្លាចគេចាប់កូនញាត់រូងភ្នំ
- ព្រហស្បតិ៍, 5 ឧសភា 2022 04:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលប៉ាម៉ាក់របស់ Jackson Wang មិនចង់ឲ្យចូលសិល្បៈពីដំបូង ព្រោះខ្លាចគេចាប់កូនញាត់រូងភ្នំ
បង្ហាញមុខក្នុងកម្មវិធី The Kelly Clarkson Show លើកដំបូងនៅពេលនេះ Jackson Wang ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី Kelly ក៏ដូចជាភ្ញៀវកិត្តិយសដូចគ្នា គឺ តារាសម្ដែង/ផលិតករអាមេរិក Jake Johnson និង តារាកំប្លែងអាមេរិក Natasha Leggero។
ចេញមុខភ្លាម Kelly មិនទុកឲ្យ Jackson ទំនេរមាត់យូរទេ ដោយនាងបានសំណេះសំណាលច្រើន និងសួរសំណួរជាច្រើន ដោយទទួលត្រឡប់ទៅវិញនូវចម្លើយដ៏ក្បោះក្បាយដូចគ្នាពី Jackson។ Kelly នៅមិនភ្លេច សរសើរពីប្រវត្តិរបស់សមាជិក GOT7 រូបនេះ ដោយដឹងថាលោកគឺជាអតីតកីឡាករគុនដាវផង។
Jackson ក៏បានរៀបរាបថា គ្រួសាររបស់លោក សុទ្ធសឹងជាអ្នកអត្តពលិក ដោយមានឪពុកជា អ្នកគុនដាវ និងម្ដាយជាអត្តពលិក។ បន្ថែមពីលើនោះ លោកក៏មានឱកាសបានទទួលអាហារូបករណ៍ទៅរៀននៅសាកលវិទ្យាល័យ Stanford ទៀត ប៉ុន្តែលោកបោះបង់ឱកាសនេះ ដោយសារប្រឡងជាប់ពីការប្រកួតចូលជាតារារបស់ JYP កាលនោះ។
យ៉ាងណាមិញ ពីដំបូងឪពុកម្ដាយរបស់លោក បដិសេធមិនចង់ឲ្យកូនចូលទេ គឺហេតុផលដំបូង ពួកលោកចង់ឲ្យកូនក្លាយជាអត្តពលិកដ៏ជោគជ័យសិន។ ហេតុផលបន្ទាប់គឺ លោកទាំង ២ ខ្លាចនិងបារម្ភថាប្រសិនបើចូលសិល្បៈ កូនប្រុសម្នាក់នេះអាចនឹងត្រូវគេចាប់ជំរិត ឬចាប់ចូលរូងភ្នំ ឬប្រឈមនឹងបញ្ហាផ្សេងៗទៀត ប៉ុន្តែគ្រប់យ៉ាងគឺសុទ្ធតែជាការបារម្ភទាំងអស់ ណាមួយកូនត្រូវឃ្លាតឆ្ងាយពីផ្ទះតែឯងបែបនេះទៀត។
ប៉ុន្តែហេតុតែចិត្តស្រឡាញ់ទប់លែងបាន Jackson ក៏អង្វរឪពុកម្ដាយ ដោយលើកហេតុផលច្បាស់ៗថា នេះជាក្ដីសុបិនរបស់លោក និងជាអ្វីដែលលោកស្រឡាញ់ពិតប្រាកដ។ ទម្រាំតែអ្នកមានគុណចិត្តទន់ ព្រមតាម Jackson ត្រូវអង្វរទាំងយប់ទាំងថ្ងៃដល់ទៅ ៨ខែ ឯណោះ។
រហូតពេលនេះ Jackson បានធ្វើឲ្យឪពុកម្ដាយមានមោទកភាពពេញទំហឹង ព្រោះទីបំផុតលោកអាចស្វែងរកភាពជោគជ័យ និងជម្នះឧបសគ្គបានអស់ហើយ មានន័យថាក្ដីស្រមៃជាតារាក៏សម្រេចបាន ហើយក៏បានធ្វើជាកូនល្អលើកកិត្តិយសឲ្យអ្នកមានគុណរបស់លោកទាំង ២ដែរ៕
ទស្សនាវីដេអូខាងក្រោម៖