- 2022-05-09 03:40:03
- ព័ត៌មាន
ខាត់ សុឃីម សម្ងំធ្វើផ្ទះនៅឧដុង្គ ត្រៀមដំណើរការអាជីវកម្មមួយចំណាយទុន ៥០ម៉ឺនដុល្លារ
- 2022-05-09 03:40:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាត់ សុឃីម សម្ងំធ្វើផ្ទះនៅឧដុង្គ ត្រៀមដំណើរការអាជីវកម្មមួយចំណាយទុន ៥០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
តារាស្រីពហុជំនាញ ខាត់ សុឃីម បង្ហើបគម្រោងរកស៊ីថ្មីមួយទៀត បន្ថែមលើអាជីពសិល្បៈដ៏មមាញឹករបស់ខ្លួន ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់។ មិនទាន់ដំណើរការអាជីវកម្ម១០០% ប៉ុន្ដែតារារូបនេះ ថាខ្លួនបានត្រៀមប្រាក់ចន្លោះពី៤០ ទៅ៥០ម៉ឺនដុល្លារ ដើម្បីដំណើរការវាឲ្យបានរលូន។
អ្នកនាង ខាត់ សុឃីម បានប្រាប់Sabay ថា ការដាក់ទុនប្រមាណ៥០ម៉ឺននេះ គឺនៅមិនទាន់គិតបញ្ចូលថ្លៃធ្វើផ្ទះនៅស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ដែលជាទីតាំងសម្រាប់ដំណើរការអាជីវកម្មនោះទេ។ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២២ នេះ ទីតាំងធ្វើអាជីវកម្ម ឬអាចនិយាយបានថាផ្ទះដែលអ្នកនាងរស់នៅ គឺសម្រេចបានប្រហែល២០% ហើយសង្ឃឹមថា ទាំងទីតាំង និងអាជីវកម្ម អាចដំណើរការបាននៅដំណាច់ឆ្នាំ២០២២។
ខាត់ សុឃីម៖ “បងអត់ទាន់ចង់ប្រាប់អូន ថាវាជាស្អីទេ…ព្រោះបងចង់ចាំឲ្យវាចេញជារូបរាងសិន បងនឹងអញ្ជើញគ្រប់អ្នកសារព័ត៌មានទៅដល់ហ្នឹងហ្មង។ វាជាលក្ខណៈអាជីវកម្មផ្ទាល់ខ្លួន តែវាចំណាយទុនច្រើនគួរសម ហើយបងសង្ឃឹមថាជោគជ័យច្រើន មិនដូចគម្រោងខ្លះពីមុនមកទេ”។
ទាក់ទងនឹងការបង្កើតមុខជំនួញថ្មីៗ បន្ថែមលើអាជីពសិល្បៈរបស់តារាស្រីរូបនេះ គឺធ្លាប់បរាជ័យដ៏ធំម្ដងរួចមកហើយ ដោយកាលពីដើមខែសីហា ឆ្នាំ២០២០ បានធ្លាយរឿងអ្នកនាងចាញ់បោកគេអស់ប្រាក់ចំនួន ៧៩ម៉ឺនដុល្លារ។ កាលណោះអ្នកនាងជឿជាក់ថា អាចនឹងដំណើរការរកស៊ីបាន១០០% ហើយចង់ឲ្យគេឯងលាន់មាត់ថា៖“ចុមដាដុមឆែប…ខាត់ សុឃីម” ប៉ុន្ដែអ្វីៗបានបរាជ័យនៅពេលដែលគម្រោងជិតបើកដំណើរការ ទើបក្រោយមកធ្លាយរឿងចាញ់បោកគេនេះតែម្ដង។
បរាជ័យកាលណោះ ធ្វើឲ្យ ខាត់ សុឃីម ស្ទើរឆ្ងួតចិត្ដ ហើយទម្លាក់ចោលការងារគ្រប់យ៉ាង។ ប៉ុន្ដែអ្នកនាង បានក្រោកឈរ ដោយភាពជឿជាក់ បន្ទាប់ពីមានការលើកទឹកចិត្ដពីស្វាមី ទើបអ្នកនាងមិននៅស្ងៀមក្នុងការបង្កើតមុខជំនួញ ឬគម្រោងរកស៊ីថ្មីៗបន្ដទៀត។ បច្ចុប្បន្នអ្នកនាងក៏មានក្រុមហ៊ុនលក់ផលិតផលមួយឈ្មោះ Mochy និងគម្រោងលក់ដីឡូត៍ ហើយបើគម្រោងថ្មីមួយនេះបានដំណើរការទៀត នោះគេឃើញអ្នកនាង និងស្វាមី មានមុខជំនួញធំៗក្នុងដៃចំនួន ៣ទៅហើយ៕