• 2022-05-13 02:09:13
  • ព័ត៌មាន

សួស វីហ្សា ប្រាប់មូលហេតុជាប់មុខក្នុងរូបថតជាមួយក្រុមជនសង្ស័យ

  • 2022-05-13 02:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស សួស វីហ្សា បដិសេធថាខ្លួន និងស្វាមីមិនដែលស្គាល់ក្រុមជនសង្ស័យដែលបន្លំខ្លួនធ្វើជាមន្ដ្រីពន្ធដារនោះទេ ហើយស្នើឲ្យថ្នាក់ដឹកនាំ នៃអគ្គនាយដ្ឋានពន្ធដារដករូបនាងចេញពីក្រុមទាំងនោះ បើមិនដូច្នោះទេអ្នកនាងចេញមុខLive និយាយរឿងនេះរហូត។

រូបថត៖ ហ្វេសប៊ុក សួស វីហ្សា

បន្ទាប់ពីមានប្រតិកម្មពីតារាចម្រៀងរូបនេះ តាមរយៈវីដេអូLive កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ស្រាប់តែនៅលើទំព័រផ្លូវការ នៃអគ្គនាយកដ្ឋានពន្ធដារដែលបង្ហោះរូបជនសង្ស័យដោយទាំងរូប សួស វីហ្សា ផងនោះ ត្រូវបានគេដកចេញវិញហើយព្រោះនៅព្រឹកថ្ងៃទី១៣ ខែឧសភា នេះ គេមិនឃើញរូបនោះទៀតទេ។ រីឯវីដេអូLive របស់អ្នកនាង សួស វីហ្សា ម្សិលមិញក៏លែងឃើញនៅលើបណ្ដាញសង្គមទៀតដែរ។

រូបថត៖ អគ្គនាយកដ្ឋានពន្ធដារ

ការដែលលេចមុខនាង និងស្វាមីនៅកណ្ដាលចំណោមជនសង្ស័យ ត្រូវបាន សួស វីហ្សា បកស្រាយថា រូបនាង និងស្វាមី បានទៅអង្គុយហូបគុយទាវនៅហាងមួយ ក្បែរព្រលានយន្ដហោះពោធិ៍ចិនតុង ហើយក៏លេចមុខក្រុមនោះមកសុំនាងថតជាមួយ ដោយនិយាយថា នាង និងស្វាមី គឺជាIdol របស់ពួកគេ ហើយនាងក៏យល់ព្រមឲ្យថតជាមួយ។ ដោយទីតាំងចង្អៀត ហើយមនុស្សច្រើន ក្រុមនោះក៏បានស្នើឲ្យរូបនាង និងស្វាមីឈរនៅចំកណ្ដាលពួកគេ ដើម្បីថតទុកជាអនុស្សាវរីយ៍តែម្ដងទៅ។

តារាស្រីរូបនេះ យល់ថា បើខាងអគ្គនាយកដ្ឋានពន្ធដារ មិនព្រមលប់រូបនេះចេញពីក្រុមជនសង្ស័យនោះទេ អាចធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រនាងយល់ច្រឡំ ដោយគិតថារូបនាង និងស្វាមីជាបក្សពួកជនសង្ស័យដែរ។ ប៉ុន្ដែតាមពិតទៅនាង និងស្វាមីមិនស្គាល់ជនទាំងនោះសោះ ហើយបើគេថាIdol ទៅហើយរូបនាងជាមនុស្សរបស់មហាជនទៀត បើមិនឲ្យគេថតជាមួយទៅក្លាយគេថាវាយរឹក ហើយពេលខ្លះអនុញ្ញាតឲ្យថតជាមួយទៅអាចមានរឿងដូចជាករណីនេះជាដើម។

សូមរំលឹក​ថា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​មុខជនសង្ស័យ​ដែល​បន្លំ​ខ្លួន​ជា​មន្ដ្រី​ពន្ធដារ ដើម្បី​ប្រព្រឹត្ដបទល្មើស​តាម​ខេត្ដ​ជា​ច្រើន ហើយ​សមត្ថកិច្ច​ទើប​វែកមុខ។ សូមអានសេចក្ដីជូនដំណឹងពិស្ដាររបស់អគ្គនាយកដ្ឋានពន្ធដារ៖

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម