• 2022-05-16 01:55:32
  • ព័ត៌មាន

បន្ទាប់ពីយំឱបបងជំនួសម្ដាយ ថ្ងៃនេះ ឆន សុវណ្ណរាជ ដេកគ្រែពេទ្យបន្ដោកសេរ៉ូមបាត់

  • 2022-05-16 01:55:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បីថ្ងៃមុន តារាចម្រៀងប្រុសរបស់ផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណរាជ បានពោលពាក្យថាលោកហត់គ្រប់យ៉ាង ស្រាប់តែនៅព្រឹកថ្ងៃទី១៦ ខែឧសភា នេះ លោកធ្លាក់ខ្លួនឈឺរហូតដល់បន្ដោកសេរ៉ូមនៅមន្ទីរពេទ្យតែម្ដង ដោយអះអាងថានេះជាលទ្ធផល នៃការធ្វើការងារលើសកម្លាំង។

រាជ បានបញ្ចេញរូបថតបន្ដោកសេរ៉ូម អមដោយសំណេរខ្លីមួយថា ទោះបីជាម៉ាស៊ីនក៏ចេះខូចដែរ លោកទប់លែងជាប់ហើយ ដោយសារធ្វើការហួសកម្លាំង ប៉ុន្ដែលោកនៅស៊ូទ្រាំបាន មិនធ្ងន់ធ្ងរពេកទេ លោកថាបន្ដិចទៀតលោកនឹងលែងអីហើយ។ បើទោះបីលោកប្រាប់ថាមិនអី ប៉ុន្ដែមានមិត្ដភក្ដិក្បែរខ្លួនលោក និងអ្នកគាំទ្រមិនតិចទេបារម្ភពីលោក។

គិតត្រឹមម៉ោង៨កន្លះព្រឹកថ្ងៃទី១៦ ខែឧសភា Sabay មិនទាន់អាចទាក់ទងលោក ឆន សុវណ្ណរាជ ដើម្បីលម្អិតព័ត៌មាននេះនៅឡើយទេ ខណៈដែលលោកមិនបានបង្ហើបពីបញ្ហាសុខភាព ឬប្រភេទជំងឺដែលលោកកំពុងជួប។ បន្ទាប់ពីបញ្ចេញដំណឹងនេះក៏មានមិត្ដសិល្បៈ និងអ្នកគាំទ្រជូនពរឲ្យលោកឆាប់បានជាសះស្បើយ ហើយកុំឲ្យប្រឹងធ្វើការងាររហូតដល់លើសកម្លាំងបែបនេះ ព្រោះវាបានត្រឹមតែធ្វើបាបខ្លួនឯងប៉ុណ្ណោះ។

នៅពេលដែលតារាចម្រៀងរូបនេះ នឿយហត់ខ្លាំង តែងតែពោលពាក្យនឹកម្ដាយដែលបានស្លាប់ទៅ ឬពាក្យលួងចិត្ដខ្លួនឯងជាញឹកញាប់។ ជាក់ស្ដែងកាលពីបីថ្ងៃមុនលោកឱបបងស្រីជំនួសម្ដាយដោយក្ដីអាល័យ ហើយពោលពាក្យថា៖ "បងហាស ខ្ញុំនឹកម៉ាក សុំអោបបន្តិចមកបង ខ្ញុំហត់ហាស ហត់គ្រប់យ៉ាង”៕

ជិន សុភ័ក្ដ្រ

មតិយោបល់