• 2022-05-18 07:15:36
  • ព័ត៌មាន

លម្អិតទាំងស្រុង! ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យម៉ាក់ និងប៉ារបស់ សុវត្ថិឌី ធារិកា ស្លាប់

  • 2022-05-18 07:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីស្លាប់របស់ប៉ា និងម៉ាក់របស់តារាចម្រៀងស្រី សុវត្ថិឌី ធារិកា បានក្លាយជារឿងដ៏រន្ធត់ក្នុងរង្វង់សិល្បៈខ្មែរ ហើយបណ្ដាញផ្សព្វផ្សាយព័ត៌មានបានចុះនៅទំព័រមុខ ឬដាក់ជាអត្ថបទសំខាន់ស្ទើរគ្រប់ស្ថាប័ន។ ករណីគ្រោះថ្នាក់ដែលកើតឡើងតាំងពីរសៀលថ្ងៃទី១៧ ខែឧសភា បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ និង៣នាក់ទៀតរបួសស្រាល នៅស្រុកឆែប ខេត្ដព្រះវិហារ នៅតែជារឿងដ៏ចាប់អារម្មណ៍របស់មហាជន។

ព័ត៌មានបឋមពីជនរងគ្រោះ និងអ្នកឃើញហេតុការណ៍ឲ្យដឹងថា គ្រួសាររបស់តារាចម្រៀង សុវត្ថិឌី ធារិកា ក្នុងនោះមានប៉ា ម៉ាក់ ជីដូន ប្អូនប្រុស ព្រមទាំងធារិកា ផ្ទាល់ បានធ្វើដំណើរក្នុងឡានតែមួយជាមួយគ្នាចេញពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ពិធីបុណ្យអុំទូក និងសិល្បការផ្សេងៗ ស្ថិតនៅភូមិកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ ស្រាប់តែមកដល់ពាក់កណ្ដាលផ្លូវក៏ជួបគ្រោះថ្នាក់។ ពេលនោះប៉ារបស់នាង បានបើកឡានចូលចាក់សាំង ហើយបើកចេញមកវិញភ្លាមក៏ជ្រុលចង្កូតក្រឡាប់ធ្លាក់ទឹកតែម្ដង។

បន្ទាប់ពីជួបគ្រោះថ្នាក់ មនុស្សទាំង ៥នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឆែប ប៉ុន្ដែជាអកុសលប៉ា និងម៉ាក់របស់ធារិកា បានផុតដង្ហើមបាត់ទៅហើយ។ រីឯដូនចាស់ និងធារិកា ព្រមទាំងប្អូនប្រុសដែលរបួសស្រាល ត្រូវបានគ្រូពេទ្យលាងរបួស និងដាក់សេរ៉ូម។ ធារិកា បានសម្រេចដឹកសពប៉ា និងម៉ាក់តាមរថយន្ដពេទ្យមកតម្កល់ និងធ្វើបុណ្យតាមប្រពៃណីនៅវត្ដចង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ រាជធានីភ្នំពេញទាំងយប់។ សព បានដឹកមកដល់ម៉ោងប្រមាណ ១០យប់ ក្នុងថ្ងៃកើតហេតុដដែលនោះ ដោយមានញាតិមិត្ដ និងអ្នកសិល្បៈស្និទ្ធជាមួយតារាចម្រៀងស្រីរូបនេះរង់ចាំទទួលជាច្រើននាក់។

គិតត្រឹមរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ គេឃើញមានការជួយទំនុកបម្រុងខាងស្មារតី និងចូលបច្ច័យធ្វើបុណ្យធំៗមានដូចជា៖ តារាចម្រៀង ព្រាប សុវត្ថិ តារាសម្ដែង ដួង ម៉ានិច អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា ហើយចុងក្រោយនេះ ក៏មានការបរិច្ចាគពីកាកបាទក្រហមកម្ពុជាតាមរយៈឯកឧត្ដម ឌួង អេលីត ចំនួន ២០លានរៀលដែរ។

ពិធីបុណ្យឈាបនកិច្ចនេះ នឹងធ្វើរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩។ សព នឹងបូជានៅម៉ោង ៤រសៀល ថ្ងៃទី១៩ ខែឧសភា នៅវត្ដសង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ រាជធានីភ្នំពេញ។ វត្ដមានរបស់តារាល្បីៗក្នុងពិធីបុណ្យនេះ ត្រូវបានគេមើលឃើញថា ជាការចូលរួមរំលែកទុក្ខដ៏ធំ ក្នុងរង្វង់អ្នកសិល្បៈនៅពាក់កណ្ដាលឆ្នាំ២០២២ នេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់