• 2022-05-31 06:37:40
  • ព័ត៌មាន

យឹម តាស្រង់ កំពុងកាន់ជំនួញធំៗដល់ទៅ៣ តែមានមួយប្លែកពីគេនៅស្រុកខ្មែរ

  • 2022-05-31 06:37:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក យឹម តាស្រង់ កាន់តែធ្វើឲ្យមហាជនស្ញើចសរសើរចំពោះសមត្ថភាពរបស់លោកក្នុងការរលាស់ខ្លួនបានយ៉ាងលឿនពីអ្នកនិពន្ធធម្មតាម្នាក់ ទៅជាអ្នកនិពន្ធដ៏ល្បី ហើយមានជំនួញធំៗ៣នៅក្នុងដៃ។ យប់មិញលោកបានបង្ហើបមុខជំនួញចំនួន២ ក្នុងចំណោម៣ ដែលលោកត្រូវគ្រប់គ្រងដោយផ្ទាល់ ក្រោយផ្ដាច់ខ្លួនពីក្រុមហ៊ុន Galaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

នៅអំឡុងពេលឈរជជែកលេងជាមួយអ្នកយកព័ត៌មាន មុនកម្មវិធីបើករកស៊ីជាផ្លូវការដ៏ធំមួយចាប់ផ្ដើមនៅសណ្ឋាគារ សូហ្វីតែលកាលពីយប់មិញ លោកបង្ហើបថា លោកជាអគ្គនាយក និងជាតំណាងចែកចាយធំរបស់ក្រុមហ៊ុន EEW9 នៅស្រុកខ្មែរ ហើយមួយទៀតលោកកំពុងគ្រប់គ្រងក្រុមហ៊ុនអលនទ្រព្យ ដោយទទួលទិញ និងលក់ដីខ្នាតធំៗចាប់ពីកន្លះហិកតារឡើង។

យឹម តាស្រង់៖ “ខ្ញុំគ្រប់គ្រងនៅនេះ(EEW9) និងកាន់ខាងអលនទ្រព្យ តែខាងអលនទ្រព្យខ្ញុំ អត់ពុះឡូត៍តូចៗដូចគេទេ ឥឡូវទីផ្សារចង្អៀត…ហួសសម័យហើយ។ មុខរបរមួយទៀតដឹងតែប្លែកពីគេម៉ាស្រុកខ្មែរហ្មង អត់ចង់និយាយច្រើនមុន ចង់ធ្វើឲ្យឃើញហ្មង ហើយហៅពួកយើង(អ្នកសារព័ត៌មាន) ទៅមើល"។

យឹម តាស្រង់ មានជំនឿថាលោកនឹងទទួលបានជោគជ័យលើជំនួញទាំងនេះ ដោយប្រើយុទ្ធសាស្ដ្រ គួបផ្សំនិងការខិតខំប្រឹងប្រែងរបស់លោក។ លោករំលឹកថា ដើមឡើយលោកជាអ្នកនិពន្ធដែលធ្វើបទចម្រៀងធម្មតាៗ ឬមិនសូវល្បីម្នាក់ ហើយលោកក៏ខឹងខ្លួនឯងដែលធ្វើមិនបានប្លែកពីគេ រហូតដល់ខាំដៃខ្លួនឯងជាការដាស់ស្មាតីឲ្យប្រឹងប្រែងបន្ថែមទៀត។

ទីបំផុតស្នាមធ្មេញនៅលើដៃដែលធ្លាប់ខាំដោយកំហឹងនោះ ក៏បានជាសះស្បើយបាត់ស្នាម ខណៈលោកក៏ទទួលបានជោគជ័យលើការផលិតបទចម្រៀង៕

ជិន សុភ័ក្ដ្រ

មតិយោបល់