• 2022-06-03 03:09:04
  • ព័ត៌មាន

ស្ដាប់មតិ សុខ រ៉ាស៊ី និងឡុង លីគ័ង្គ បេក្ខជន ទុំ សុវត្ថិ ពិតជាមានលាភក្នុងគ្រោះ?

  • 2022-06-03 03:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលជិត ១សប្ដាហ៍ហើយដែលមហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គមព្យាយាមវែកញែករកខុសត្រូវលើបេក្ខជន ទុំ សុវត្ថិ ជាមួយគណៈកម្មការទាំង ៤រូប របស់កម្មវិធី“Cambodian Idol” រដូវកាលទី៤ វគ្គ Judge Audition ។

បន្ទាប់ពីគណៈកម្មការ សម្រេចជម្រុះបេក្ខជន ទុំ រដ្ឋា ហៅទុំ សុវត្ថិ ចេញពីកម្មវិធីនៅក្នុងវគ្គនេះ ដោយសំឡេងគាំទ្រ២ និងមិនគាំទ្រ២ ក៏ស្រាប់តែផ្ទុះការរិះគន់កម្មវិធីលំដាប់ពិភពលោកនេះ ជាពិសេសចំពោះគណៈកម្មការ ឆន សុវណ្ណរាជ និងឱក សុគន្ធកញ្ញា ដែលមិនបានផ្ដល់សំឡេងគាំទ្រ។ ប្រិយមិត្ដខ្លះលើកឡើងថា សំឡេង ទុំ សុវត្ថិ ច្រៀងពីរោះ ហេតុអ្វីបានជាឲ្យលោកធ្លាក់។ ភ្លាមៗ ក៏មានការចេញមុខបកស្រាយពីភាគីគណៈកម្មការ និងមហាជនដែលគាំទ្រ ទុំ សុវត្ថិ ជាបន្ដបន្ទាប់។

ថ្ងៃនេះ Sabay សូមលើកយកមតិចំនួនពីរចេញពីមនុស្សក្រៅសហ្វៀន ឬអ្នកដែលមិនគាំទ្រភាគីណាមួយ ប៉ុន្ដែពួកគេបានលើកហេតុផលមួយចំនួនគួរពិចារណា។

១/លោក សុខ រ៉ាស៊ី។ ដ្បិតលោកជាពិធីកររបស់ស្ថានីយទូរទស្សន៍ ហង្ស មាស ប៉ុន្ដែការបកស្រាយរបស់លោកលើភាពចម្រូងចម្រាសគ្នារវាងគណៈកម្មការ ជាមួយមតិមហាជនដែលគាំទ្របេក្ខជន ទុំ សុវត្ថិ មានភាពច្បាស់លាល់ ហើយបានលើកហេតុផលមកបញ្ជាក់យ៉ាងច្បាស់ទៀតផង។

លោក សុខ រ៉ាស៊ី និយាយថា វគ្គ Judge Audition គឺផ្ដោតលើការច្រោះចេញ ឬប្រៀបធៀបសមត្ថភាពរបស់បេក្ខជន-បេក្ខនារីក្នុងចំណោមអ្នកខ្លាំងដូចគ្នា ដូច្នេះគណៈកម្មការមានសិទ្ធិសម្រេចទុក ឬជម្រុះបេក្ខជនដោយថ្លឹងថ្លែងលើចំណុចល្អជាងរបស់បេក្ខជន-បេក្ខនារីនីមួយៗ ពោលគឺមិនអាចទុកទាំងអស់នោះទេ ព្រោះខុសលក្ខណ្ឌដែលបានកំណត់។

២/កុមារា ឡុង លីងគ័ង្គ។ ប្អូនមិនបានវិនិច្ឆ័យថាភាគីខាងណាខុស ឬត្រូវនោះទេ ប៉ុន្ដែអ្វីដែលសំខាន់ប្អូនមិនគាំទ្រការកាត់វីដេអូខុសការពិតលើការបកស្រាយរបស់គណៈកម្មការ បន្ទាប់ពីផ្ទុះរឿងនេះឡើង។ ទោះជាយ៉ាងណា លីគ័ង្គ សង្ឃឹមថា អ្វីៗនឹងប្រសើរឡើងវិញ ហើយសូមឲ្យបងប្អូនបើកបេះដូងទូលាយទាំងអស់គ្នា ដោយការវែកញែកហេតុផល ជាជាងការជេរ ឬកាត់តវីដេអូមិនពិត។

សម្រាប់កុមារា ឡុង លីគ័ង្គ បេក្ខជន ទុំ សុវត្ថិ ពិតជាមានលាភ ក្នុងគ្រោះ។ ប្អូនលើកឡើងថា៖ “បើក្រឡេកមកមើលជ្រុងម្ខាងទៀត គាត់ធ្លាក់ក៏ពិតមែន តែទទួលបានការស្រឡាញ់ និងមានគេស្គាល់គាត់ច្រើន លាភក្នុងគ្រោះ"។ ស្រដៀងនឹងការលើកឡើងរបស់ លីគ័ង្គ បច្ចុប្បន្នអតីតបេក្ខជន ទុំ សុវត្ថិ បានក្លាយជាIdol របស់មហាជន ហើយថែមទាំងមានការគាំទ្រថវិការ និងឱកាសបានផលិតបទចម្រៀងជាមួយតារាល្បីមួយចំនួនទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់