• 2022-06-03 07:34:13
  • ព័ត៌មាន

តម្រុយមួយបង្ហាញថា យឹម តាស្រង់ ជិតទទួលបានងារជាឧកញ៉ាម្នាក់ទៀតហើយ

  • 2022-06-03 07:34:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២២ មានអ្នកសិល្បៈដល់ទៅ ៣រូប បានក្លាយជាឧកញ៉ា ហើយចាប់ផ្ដើមរីកដុះដាលទាំងធនធានផ្ទាល់ខ្លួ និងលទ្ធភាពជួយសង្គម និងពង្រីកមុខរបរផ្នែកអចលនទ្រព្យ។ លោកឧកញ៉ាទាំង ៣រូប គឺលោក ខេមរៈ សិរីមន្ដ លោក ព្រាប សុវត្ថិ និងលោក ហេង ឡុង។

ក្រោយទទួលបានគោរមងារជា“ឧកញ៉ា” បន្ដកន្ទុយគ្នា ស្រាប់តែថ្មីៗនេះធ្លាយដំណឹងថ្មីមួយទៀតថា អតីតអ្នកគ្រប់គ្រងនៅផលិតកម្មGalaxy និងជាអ្នកនិពន្ធល្បីៗឈ្មោះ យឹម តាស្រង់ កំពុងត្រៀមខ្លួនទទួលងារជា“ឧកញ៉ា”ម្នាក់ទៀត ខណៈដែលលោកដកឃ្លាពីការងារសិល្បៈ ហើយងាកមកក្ដោបយ៉ាងណែននូវមុខជំនួញធំៗចំនួនបី។

ប្រភពសុំមិនបញ្ចេញឈ្មោះមួយបានបង្ហើបថា លោក យឹម តាស្រង់ នឹងទទួលបានគោរមងារជា “ឧកញ៉ា”ក្នុងពេលឆាប់ៗនេះ ប៉ុន្ដែលោកព្យាយាមលាក់មហាជន ដោយសារជំនួញទាំងបីក្នុងនោះមានផ្នែកអចលទ្រព្យខ្នាតធំផង កំពុងដំណើរការ តែមិនទាន់បានជោគជ័យធំធេងដែលជាពេលវេលាមួយលំបាកសម្រាប់លោកនិយាយរឿងងារ"ឧកញ៉ា"។

ទាក់ទងរឿងនេះលោក យឹម តាស្រង់ អល់អែកក្នុងការបញ្ជាក់លើចម្លើយ ថាវាពិត ឬមិនពិតភ្លាមៗ។ ប៉ុន្ដែក្នុងឱកាសដែលលោកចូលរួមក្នុងពិធីតែងតាំងកញ្ញា តន់ ចន្ទសីម៉ា ជាទូសុច្ឆន្ទៈរបស់ក្រុមហ៊ុននាំចូល និងចែកចាយផលិតផលថែសម្រស់ពីប្រទេសកូរ៉េមួយដែលមានលោកជាអគ្គនាយក កាលពីពេលថ្មីៗនេះ លោកបានញញឹម ហើយបង្ហើបដោយខ្លីថា៖ “បើមុខរបរ និងជីវភាពខ្ញុំសមប្រកបនឹងគោរមងារនេះខ្ញុំនឹងយក”។

តាមការសង្កេត អ្នកឈរជើងលើវិស័យសិល្បៈយូរឆ្នាំដូចជាលោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ដ និងលោក ហេង ឡុង សុទ្ធតែដកឃ្លាបន្ដិចពីការងារសិល្បៈ ហើយលូកកាន់តែជ្រៅលើវិស័យអចលនទ្រព្យ រហូតមានលទ្ធភាពសល់លុយកាន់តែច្រើន ដើម្បីជួយការងារសង្គម។

ចំពោះយុទ្ធសាស្ដ្រធ្វើជំនួញរបស់អ្នកនិពន្ធ យឹម តាស្រង់ វិញ ហាក់ខុសគេបន្ដិច។ ជាក់ស្ដែងជំនួញខាងអចលនទ្រព្យ ត្រូវបានលោកបោះចោលគម្រោងពុះដីឡូត៍តូចៗ ព្រោះលោកយល់ថាទីផ្សារបែបនេះចាប់ផ្ដើមចង្អៀត ឬលែងសូវមានអ្នកចាប់អារម្មណ៍។ ដូច្នេះលោកមានគម្រោងលក់ និងទទួលទិញខ្នាតធំៗតែម្ដង ពោលគឺចាប់ពីកន្លះហិកតារឡើង។

ក្រោយចេញពីផលិតកម្ម Galaxy លោក យឹម តាស្រង់ ប្រកាសថារូបលោកមានជំនួញចំនួនបីនៅក្នុងដៃ។ ប៉ុន្ដែបច្ចុប្បន្នមានជំនួញ២ ប៉ុណ្ណោះដែលលោកបានបង្ហាញជាសាធារណៈ គឺជាទី១ លោកគឺជាអគ្គនាយកក្រុមហ៊ុន EEW9 ប្រចាំនៅកម្ពុជា និងទី២ ក្រុមហ៊ុនអចលនទ្រព្យដែលមានទទួលទិញ និងលក់ដីខ្នាតធំ។ ចំណែកមុខជំនួញមួយទៀតនោះ មិនទាន់ត្រូវបានលោកបញ្ចេញនៅឡើយទេ ប៉ុន្ដែលោកថាជំនួយក្រោយគេនេះវាពិតជាប្លែកគេនៅស្រុកខ្មែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់