• 2022-06-17 02:45:34
  • ព័ត៌មាន

នាយពាក់មី បង្ហើបពីគម្រោងធ្វើការងារជាក្រុមក្រោយដើរចេញពីទ្រនំចាស់ ធ្លាប់ផ្ដល់កំណើតសិល្បៈដ៏កក់ក្ដៅ

  • 2022-06-17 02:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនដើរចេញពី CTN ដែលជាទ្រនំផ្ដល់កំណើតសិល្បៈនៅដើមខែកក្កដា ឆ្នាំ២០២២ នាយពាក់មី បានបោះមួយជំហ៊ានមុនបាត់ទៅហើយក្នុងការបង្កើតវីដេអូកំប្លែងខ្លីៗ ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រជាមួយក្រុមការងារចាស់ដែលគ្រោងនឹងចេញពីCTN ដូចគ្នា។ នាយបញ្ជាក់ថា រូបលោក និងសមាជិកក្រុម មិនទាន់ចូលបម្រើការងារក្នុងនាមជាអ្នកកំប្លែងឲ្យក្រុមហ៊ុនណានៅឡើយទេ។

កាលពីដើមសប្ដាហ៍នេះ នាយពាក់មី បានប្រកាសចេញពីដើរចេញពីទ្រនំចាស់របស់ខ្លួនជាផ្លូវការ ហើយថានឹងទៅរស់នៅស្រុកកំណើតនាខេត្ដស្វាយរៀង ដើម្បីធ្វើសំណង់ ឬផលិតវីដេអូកំប្លែងសម្រាប់ទស្សនិកជន។ ប៉ុន្ដែក្រោយពីការប្រកាសបែបនេះ គេឃើញលោកចេញវីដេអូ និងរូបថតបែបកំប្លែងមួយចំនួនហើយ ដោយអ្នកកាន់កាមេរ៉ាឲ្យលោក គឺជានាយក្រូច។

ពាក់មី បានប្រាប់Sabay ថា លោកមិនបង្កើតក្រុមកំប្លែងថ្មីនោះទេ គឺគ្រាន់តែក្រុមការងារចាស់នៅមានទំនាក់ទំនងល្អ ហើយសម្រេចថាដើរទៅណាគឺទៅនោះទាំងអស់គ្នា។ សម្រាប់ពេលនេះលោកព្យាយាមផលិតវីដេអូថ្មី និងប្លែកៗ ដើម្បីផ្ដល់សំណើចជូនអ្នកគាំទ្រ ប៉ុន្ដែគេមិនទាន់ឃើញមានការសម្ដែងរួមគ្នារបស់សមាជិកក្រុមដែលគ្រោងនឹងដើរចេញពីទ្រនំចាស់ដែលមានដូចជានាយគ្រឿន នាយក្រូច និងលោកតាវ៉ិចទ័រនោះទេ។

នាយពាក់មី បញ្ជាក់ថា សម្រាប់រូបលោកច្បាស់ហើយថានឹងចេញពី CTN ជាផ្លូវការនៅអំឡុងថ្ងៃទី៧ ឬទី៨ ខែកក្កដា ឆ្នាំ២០២២។ រយៈពេលប៉ុន្មានថ្ងៃមកនេះ គេឃើញលោកបង្កើតវីដេអូកំប្លែងខ្លីបានពីរបាត់ទៅហើយ ក្នុងនោះមានវីដេអូ “បង្រៀនស្រីស្អាតឲ្យផ្លុំស្លឹកឈើឲ្យចេញជាភ្លេង” និងទី២ លោកលាបធ្យូងលើខ្លួន និងផ្ទៃមុខឡើងខ្មៅនិល ដើម្បី Prank ឆ្កែរបស់លោក៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី