• 2022-06-17 10:41:49
  • ព័ត៌មាន

CSFF ឆ្នាំទី១១ មហោស្រពភាពភាពយន្ត​ខ្លីចតុមុខពន្យាពេល​ទទួល​ស្នាដៃដល់​ថ្ងៃ​ទី​ ១៥ខែកក្កដា​

  • 2022-06-17 10:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារតែ​មាន​ការ​ស្នើ​ពី​សមិទ្ធករជា​ច្រើន​ សុំ​ឱ្យ​ពន្យាពេល​ការ​ទទួល​ស្នាដៃ​​ ទើប​បាន​ជា​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ សម្រេច​ពន្យាពេល​នៃ​ការ​ទទួល​ស្នាដៃភាព​យន្ត​ខ្លី ដើម្បី​​ប្រកួត​ប្រជែង​រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ឆ្នាំ​២០២២​។

ចាប់​តាំង​ពី​ខែ​មីនា មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ (CSFF) លើក​ទី​១១ ឆ្នាំ​២០២២ បានចាប់ផ្តើមប្រកាស​​បើក​ទទួល​ស្នាដៃ របស់​ផលិតករភាពយន្ត ខ្នាតខ្លី រហូតដល់ថ្ងៃទី ១៥ ខែមិថុនា វេលាម៉ោង ២៣:៥៩ (ម៉ោងនៅកម្ពុជា) ប៉ុន្តែ​ពេល​នេះ​ ត្រូវបាន​ ពន្យារពេល​ដល់​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ឯណោះ​។​ ដូច្នេះ​នៅ​សល់​ពេល​ជិត​មួយ​ខែ​ទៀត​ រួស​រាន់​ឡើង​ ដាក់​ស្នាដៃ​របស់ លោក​អ្នក​មក ​កាន់​មហោស្រព​របស់​យើង​ ដើម្បី​ទទួល​បាន​បទ​ពិសោធ​ថ្មី​ៗ ដើម្បី​មាន​ឱកាស​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​សមិទ្ធករ ​ជា​ច្រើន​រូប​ទៀត​ ក្នុង​វិស័យ​ភាព​យន្ត​ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និងនៅ​​បរទេស​។

សូម​រំលឹក​ថា មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ បាន​ធ្វើ​សកម្ម​ភាព​ជា​ច្រើន​ ដើម្បី​គាំ​​ទ្រ​ដល់​វិស័យ​ភាព​យន្ត​នៅ​កម្ពុជា​ ដោយ​មិន​ គ្រាន់​តែ​ធ្វើ​ការ​ទៅ​លើ​ការ​​រៀប​ចំ​កម្ម​វិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់​”មហោស្រព​ភាព​យន្ត​ខ្លី​ចតរុមុខ​”ប៉ុណ្ណោះ​ឡើយ​។ ចាប់​តាំង​ពី​ខែ ​មិនា ឆ្នាំ​២០២២មក​ មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ បាន​អនុវត្ត​គម្រោង​ជា​ច្រើន​ ដូច​ជា​ការ​ចាក់​បញ្ចាំង​ភាព​យន្ត​ខ្លី និង​ភាព​យន្ត ​ឯកសារ ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​ដូច​ជា​នៅ​ខេត្ត​រតនគិរី ក្រចេះ និង​កំពង់​ចាម។ បន្ថែម​ពី​នោះ​ មហោស្រព​ក៏​ បាន​រៀប​ចំ​ កម្ម​វិធី​កិច្ចស្វែង​យល់​ពី​ភាព​យន្ត​ចតុមុខ (Chaktomuk Film Insights) នៅស្ថាប័នវប្បធម៌​ ​ដូច​ជា «ផ្ទះមេត្តា» Ikigai Arts Center និងចុងក្រោយគេនៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈភាពយន្ត និងទទួលថតភាពយន្តបរទេស (Cambodia Film Commission) នៅដើមមិថុនាកន្លងទៅនេះ។ នៅទំព័រFacebook របស់មហោស្រពវិញ ក៏មាន ការផ្សាយពី​​របៀប​បង្កើត​ខ្សែភាព​យន្ត ​សរសេរ​អត្ថបទ​ភាព​យន្ត​ ​ដំណាក់​កាលមុន​ថត ដំណាក់​កាល​ថត និង​ដំណាក់​កាល ​ក្រោយ​ពេល​ថត ដោយ​មាន​ការ​រើស​ទីតាំងថត​ គម្រោង​ចំណាយ​លើ​ការ​ថត​ ការ​រើស​តួសម្ដែង និង​ការ​រៀប​ចំ​ឧបករណ៍ ថត​​ជា​ដើម​។

បន្ថែម​ពី​នោះ មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ ទើប​តែ​បាន​បញ្ចប់​កម្ម​វិធី​ «ឡើង​រោង​កុន​» ដែល​កម្ម​វិធី​នេះ បានចាក់បញ្ចាំង ឡើងវិញនូវ​​ភាព​យន្តខ្លី​ជាប់​ជយលាភី និង​ជាប់​ជម្រើស​កាល​ពី​ឆ្នាំ​មុនៗ។ ក្នុង​កម្ម​វិធី​ដដែល​នេះ​​ ក៏​មាន​ការ​អញ្ជើញ សមិទ្ធករ ​​ម្ចាស់រឿង​ និង​តួសម្ដែង​មក​ចូល​រួម​ដើម្បី​ចែក​រំលែក​បទ​ពិសោធ​​ទាក់​ទង​នឹង​អាជីព​ទាំង​នោះ​ផង​ដែរ​។ ជាពិសេសភ្ញៀវកិតិ្តយសគឺ ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៏ និង វិចិត្រសិល្បៈដែលមានវត្តមានក្នុងកម្មវិធីនេះ ក៏បានមាន ប្រសាសន៍ ទៅកាន់ប្រធានមហោស្រពពេលចប់កម្មវិធីថា៖ «ខ្ញុំមិននឹកស្មានថា ស្នាដៃយុវជនយើងថ្មីថ្មោងនេះ មានគុណភាព ល្អប្រសើរយ៉ាងនេះសោះ។ បើមានកម្មវិធីលើកក្រោយ ខ្ញុំនឹងឆ្លៀតឱកាសចូលរួមចែករំលែកបទពិសោធន៍របស់ខ្ញុំខ្លះ ក្នុងនាម អតីតផលិតករមួយរូបដែរ។»

លោក ស៊ុំ ស៊ីថែន ប្រធាន CSFF 2022 បាន​មានប្រសាសន៍ថា៖ «ការ​ដាក់​ស្នាដៃ​មក​ប្រកួត​ប្រជែង​ក្នុ​ង​មហោស្រព​ ភាព​យន្ត​ខ្លី​ចតុមុខ​ គឺ​ជា​ឱកាស​សម្រាប់​យុវផលិតករ​ថ្មី​ៗ ស្វែង​យល់​ពី​វិស័យ​ភាព​យន្ត និង​ពង្រីក​ចំណេះ​ដឹង​របស់​ខ្លួន​កាន់​តែ ​ខ្លាំង​ឡើង​ថែម​ទៀត ដើម្បី​អភិវឌ្ឍន៍​ស្នាដៃ​របស់​ខ្លួន​ ចូល​ទៅ​ឆាក​អន្តរជាតិ​»។

ដូចឆ្នាំមុនដែរ ក្រៅពីរឿងប្រឌិត និងភាពយន្តឯកសារ CSFF នៅតែបន្តទទួលយកវីដេអូតន្ត្រី និងគំនូរជីវចល ឱ្យតែ រយៈពេលអតិបរមានៃ​វីដេអូ​មិនលើសពី ៣០នាទី។ CSFF-XI នឹងបន្ថែមនូវពានរង្វាន់ថ្មី «ភាពយន្តខ្លី អន្តរ​ជាតិល្អបំផុត» ដែលត្រូវបានវិនិច្ឆ័យដោយមេប្រយោគអន្តរជាតិ។ ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោចជា៥ប្រភេទដូចតទៅ៖

  • ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា

  • ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា

  • ភាពយន្តខ្លីឆ្នើមអន្តរជាតិ

  • រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក

  • រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ

ចាប់តាំងពីចាប់ផ្តើមជំនាន់ទីថ្មីរបស់ខ្លួនមក CSFF ត្រូវបានគាំទ្រជាផ្លូវការដោយក្រសួងព័ត៌មាន រោងភាពយន្ត Legend Cinemas, ផលិតកម្ម Kongchak, Sabay News និង Everything About Cambodia​។

មហោស្រព ក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ជាពិសេសរង្វាន់ជាសាច់ប្រាក់ ដល់ម្ចាស់ជើងឯកដែលសម​នឹង ទទួលបាននាពេលខាងមុខ នៅក្នុងពានរង្វាន់ទាំង5ប្រភេទ។

ប្រសិន​បើ​លោក​អ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀត នៅរាជធានី​ភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់លោកអ្នក ជាមួយទស្សនិកជនឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាម https://filmfreeway.com/CSFFhttp://csff.co/submission/

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលទៅកាន់

ថតរឿងខ្លីឱ្យបានសប្បាយណា៎ អ្នក​ទាំងអស់គ្នា តែសូមរក្សាសុវត្ថិភាពផ្ទាល់ខ្លួនផង!

មតិយោបល់