• 2022-06-20 02:03:23
  • ព័ត៌មាន

ក្រោយលែងលះប្ដី មានខ្លួនតែមួយ ហើយត្រូវរ៉ាប់រងការងារទាំងនេះ ទើប លី ច័ន្ទសីហា ពិបាកវិលចូលសិល្បៈវិញ

  • 2022-06-20 02:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រី លី ច័ន្ទសីហា សម្រេចចិត្ដឈប់ទទួលថតស្ពត និងខ្សែភាពយន្ដតាំងពីអំឡុងឆ្នាំ២០១៩ ស្របពេលដែលអ្នកសិល្បៈស្ទើរគ្រប់ទម្រង់បាត់ឱកាស និងប្រាក់ចំណូលពីការងារសិល្បៈដោយសារបញ្ហាជំងឺកូវីដ-១៩។ សម្រាប់តារាសម្បូរទឹកភ្នែកនេះវិញ អះអាងថាកាលណោះនាងក៏នៅមានក្រុមហ៊ុន និងផលិតកម្មខ្លះបានទាក់ទងទងនាងដើម្បីថតដែរ តែនាងប្រកែក។

រហូតមកដល់ស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ហើយការងារសិល្បៈចាប់ផ្ដើមងើបឡើងវិញ ក៏អ្នកនាង លី ច័ន្ទសីហា មិនទាន់រវីរវល់នឹងការវិលចូលសិល្បៈវិញដែរ។ ក្នុងឱកាសចូលរួមសម្ពោធខ្សែភាពយន្ដខ្នាតធំមួយរបស់អ្នកស្រី ពាន់ ភួងបុប្ផា នៅផ្សារទំនើប ជីប ម៉ុង សែនសុខ កាលពីពេលថ្មីៗនេះ ច័ន្ទសីហា បានប្រាប់Sabay ថា សម្រាប់ពេលនេះនាងពិបាកនិងវិលចូលតសិល្បៈវិញណាស់ ដោយសារតែអ្នកនាងជាប់មើលថែកូនស្រី ហើយម្យ៉ាងក៏មានមុខជំនួញចំនួនពីរទៀតនៅក្នុងដៃ។

លី ច័ន្ទសីហា៖ “គេហៅហ្នឹង សុទ្ធតែជារឿងភាគបង…ត្រូវចេញថតវាស់ៗល្ងាច យើងអត់អាចឆ្លៀតមកមើលអាជីវកម្មយើងទេ។ ពីរបីឆ្នាំមកនេះ ខ្ញុំរវល់ខ្លាំងនិងការងារលក់ផលិតផលតាមអនឡាញ ហើយឥឡូវក៏តែរវល់ទៀត ព្រោះខ្ញុំទើបចាប់បើកលក់គម្រោងដីឡូត៍ឡើងវិញ”។

បើតាមតារាស្រីរូបនេះ មុខជំនួញទាំងពីរ អាចធ្វើឲ្យគ្រួសាររស់នៅបានស្រួល ដោយអាចប្រលែងដៃពីការងារសិល្បៈទាំងស្រុងក៏បាន ប៉ុន្ដែស្ថិតនៅក្នុងដំណាក់កាលនេះអ្នកនាងក៏នៅពិចារណាថានឹងទទួលការងារខ្លះមកវិញដែរ គឺជាការងារដែលអាចឆ្លៀតបាន ឬប្រើពេលថតខ្លីៗ ដើម្បីនាងមានឱកាសច្រើនគ្រប់គ្រង់មុខជំនួញ និងមើលថែកូនស្រីដែលកំព្រាលឪពុក ហើយទើបមានអាយុ ៤ឆ្នាំ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម