• 2022-06-22 02:45:40
  • ព័ត៌មាន

ពូឃ្លាំងប្រាប់មូលហេតុបាត់មុខពីសិល្បៈ ១៥ឆ្នាំ ធ្លាយដល់រឿងលោកសម្ងំធ្វើការងារជាច្រើននៅអាមេរិក

  • 2022-06-22 02:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងវ័យជ្រេ ពូឃ្លាំង ទើបចាប់យកអាជីពចម្រៀងបែបរ៉េបដ៏ល្បីរបស់ខ្លួនឡើងវិញ បន្ទាប់ពីអាក់ខានប្រមាណ ១៥ឆ្នាំ។ តាមរយៈកម្មវិធីជជែកគ្នានៅស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ ពូឃ្លាំងបានប្រាប់ពីមូលហេតុដែលលោកបាត់មុខពីសិល្បៈយ៉ាងយូរ ជាមួយនឹងការភ្ញាក់ផ្អើលនូវសមិទ្ធិផលដែលលោកសម្ងំធ្វើនៅលើទឹកដីសហរដ្ឋអាមេរិក។

ពូឃ្លាំង និយាយថា ហេតុដែលលោកបាត់មុខយូរឆ្នាំពីសិល្បៈដោយសារតែលោកមានគ្រួសារ ហើយត្រូវចំណាយពេលច្រើនលើការមើលថែគ្រួសារ និងមុខជំនួញខ្លះ។ ប៉ុន្ដែនៅអំឡុងពេលនោះលោកក៏មិនភ្លេចស្ពានសិល្បៈដែលនាំមហាជនឲ្យស្គាល់លោកនោះទេ ពោលគឺលោកនៅតែឆ្លៀតផលិតបទចម្រៀងថ្មីៗនៅទីនោះដែរ។

ពូឃ្លាំង រំលឹកថា មុនចេញទៅរស់នៅអាមេរិក លោកក៏មានឈ្មោះបោះសំឡេងក្នុងអាជីពចម្រៀងនៅស្រុកខ្មែរដែរ ហើយពេលទៅដល់អាមេរិក បើទោះបីជាលោកមិនចេះបង្កើតបទភ្លេងដោយខ្លួនឯង ប៉ុន្ដែលោកនៅតែព្យាយាមផលិតបទចម្រៀងជាបន្ដបន្ទាប់ ដើម្បីស្ដាប់ខ្លួនឯង និងផ្ញើមកមិត្ដភក្ដិនៅស្រុកខ្មែរស្ដាប់។ បទខ្លះត្រូវមិត្ដភក្ដិយកទៅចាក់នៅលើវិទ្យុទៀត ហើយទទួលបានការគាំទ្រខ្លាំងនៅស្រុកខ្មែរទៀតផង។ ឃើញដូច្នេះលោកក៏ផ្ញើបទថ្មីៗមកឲ្យមិត្ដភក្ដិទៀតតាមរយៈកាប៉ាល់ ក្នុងតម្លៃ ៦០ដុល្លារ ក្នុងការផ្ញើម្ដងៗ ហើយទម្រាំតែកាស្សែតចម្រៀងនោះ មកដល់ស្រុកខ្មែរ គឺត្រូវចំណាយពេល ១ខែ ឬ៣សប្ដហ៍។

ពូឃ្លាំង កំពុងរស់នៅស្រុកខ្មែរ ហើយបានវិលចូលសិល្បៈវិញតាមរយៈផលិតបទចម្រៀងដោយខ្លួនឯងកាលពីថ្មីៗ។ គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ គេមិនទាន់ឃើញបទចម្រៀងណាមួយដែលលោកទើបផលិតចុងក្រោយនេះ ផ្ទុះការគាំទ្រដូចជាបទមុនៗរបស់លោកកាលជាង ១៥ឆ្នាំមុននោះទេ។ គេនៅចាំបានបទល្បីៗរបស់លោកមុនៗ គឺមានដូចជា៖ បទ "សិល្បៈដូនតា" “ខ្ញុំមានដំណឹងល្អ" "ក្រមុំខ្មែរ" “ស្រវឹងស្រា” “Mr ការលុងបុង” និងបទ“យុវជនខូចចិត្ដ” ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម