• 2022-07-10 02:01:00
  • ព័ត៌មាន

មាន​អ្នក​យល់​ខុសមិន​តិច​ រឿងបុរស​អាថ៌កំបាំងស្និទ្ធជាមួយ ទ្រី ដាណា ថា​ជា​ពូម៉ៅ តាម​ពិត​គឺ​ជា​តារា​ប្រុស​ម្នាក់សោះ!

  • 2022-07-10 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មិន​តិច​ទេ ដែល​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ខុស ដោយ​កាត់​យល់​ថា បុរស​​អាថ៌កំបាំង​ដែល​ឧកញ៉ា ទ្រី ដាណា បង្ហាញ​នោះ អាច​ជា​តួ​ជំនួស ពូម៉ៅ ប៉ុន្តែ​តាម​ពិត​មិន​មែន​ទេ គឺ​គេ​នោះ​ជា​តារា​ប្រុស​ដ៏​ស្រស់​សង្ហា​ម្នាក់។

នៅ​មុន​នេះ​បន្តិច ឧកញ៉ា ទ្រី ដាណា បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ក្រោយ​បាន​ទម្លាយ​វីដេអូ​ខ្លី​ថត​ជាមួយ​បុរស​សង្ហា​ម្នាក់​ក្នុង​របៀប​ថត​ពី​ក្រោយ ហើយ​ឲ្យ​អ្នក​គាំទ្រ​របស់​ជំទាវ​ឧកញ៉ា ធ្វើ​ការ​​ទស្សន៍ទាយ និង​រង់​ចាំ​ការ​បើក​កកាយ​អត្តសញ្ញាណ​បុរស​អាថ៌កំបាំង​រូប​នោះ។ ដោយ​សារ​តែ​បែប​នេះ មាន​អ្នក​ខ្លះ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា បុរស​អាថ៌កំបាំង គឺ​ជា​ពូម៉ៅ ដែល​ជា​អតីតស្វាមី​របស់​ជំទាវ។

ការ​សន្និដ្ឋាន​បែប​នេះ ដោយ​សារ​មនុស្ស​មួយ​ចំនួន នៅ​តែ​មិន​ទាន់​ជឿ​ថា ជំទាវ​ឧកញ៉ា ទី្រ ដាណា និង​ពូម៉ៅ​ចែក​ផ្លូវ​គ្នា​ពិត​ប្រាកដ ពោល​គឺ​គិត​ថា អ្នក​ទាំង​ពីរ​គ្រាន់​តែ​សម្ដែង​ដើម្បី​ប្រយោជន៍​ខាង​ប្រជាប្រិយភាព​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ៗ​ខុស​ការ​គិត​ទាំង​ស្រុង បន្ទាប់​ពី​ការ​ពិត​អំពី​បុរស​អាថ៌កំបាំង​នោះ គឺ​ជា​តារា​ប្រុស​ម្នាក់​ប៉ុណ្ណោះ។

នៅ​ក្នុង​សន្និសីទសារព័ត៌មាន រសៀល​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា បុរស​អាថ៌កំបាំង​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​នោះ គឺ​ជាលោក សេង មង្គល ដែល​ជា​តារា​ប្រុស​រូប​សង្ហា​មួយ​រូប​សោះ។ តាម​ឧកញ៉ា ទ្រី ដាណា អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ​ក្នុង​វីដេអូ​ខ្លី​ដែល​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម​ប្រមាណ ១​សប្ដាហ៍​មុន​នោះ គឺ​ជា​សកម្មភាព​អ្នក​ទាំង​ពីរ​បាន​ចូល​រួម​ថត MV ជាមួយ​គ្នា។

មិន​ត្រឹម​ប៉ុណ្ណឹង លោក សេង មង្គល ក៏​ត្រូវ​បាន​​ឧកញ៉ា​ស្រី ជ្រើស​រើស​ធ្វើ​ជា​តារា​តំណាង​ផលិតផល(Brand Ambassador) សម្រាប់​ផលិតផល​ថ្មី​របស់​ខ្លួន​ថែម​ទៀត​ផង គឺ​ផលិតផល Collagen CQ10 ដែល​បាន​ប្រកាស​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​សន្និសីទ​សារព័ត៌មាន។

ជំទាវ ទ្រី ដាណា បាន​ពន្យល់​ថា ជំទាវ​រើស​យក​លោក សេង មង្គល ជា​តារា​តំណាង​ផលិតផល ដោយ​សារ​តារា​ប្រុស​រូប​សង្ហា ស្បែក​ស្អាត និង​ក៏​ជា​អតិថិជន CQ10 របស់​ជំទាវ​ផង​ដែល​តារា​ប្រុស​បាន​ប្រើ​ខ្លួន​ឯង​ជាង​១ខែ​ហើយ។ ពិសេស​ជាង​នេះ ជំទាវ បញ្ជាក់​ថា ការ​មាន​ទំនាក់ទំនង​ស្គាល់​គ្នា ក៏​ជា​ហេតុផល​មួយ​ដែរ ដែល​សម្រេច​រើស​យក​លោក មង្គល ធ្វើ​ជា BA ព្រម​ទាំង​ថត MV មួយ​បទ​ជាមួយ​ថែម​ទៀត។

ពាក់​ព័ន្ធ​នឹង​វីដេអូ​ចម្រៀង​រួម​គ្នា​ជាមួយ​លោក សេង មង្គល ជំទាវ​ឧកញ៉ា ទី្រ ដាណា មិន​បាន​ប្រាប់​លម្អិត​ឡើយ គ្រាន់​តែ​បង្ហើប​ថា នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ជំទាវ​ឧកញ៉ា ទី្រ ដាណា បាន​ធ្វើ​កម្មវិធី​ដ៏​កក្រើក បើក​បង្ហាញ​ពី​ភាព​ពាក់ព័ន្ធ​របស់​លោក សេង មង្គល ដោយ​មាន​ភ្ញៀវ​កិត្តិយស​រាប់​រយ​ពាន់​នាក់ រួម​ទាំង​តារា Tiktok និង​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ទៀត មាន​ដូច​ជា នាយ ចឺម រ៉ាប៊ី ពេជ្រ សោភា និង​នីកូ​ជា​ដើម៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី