- 2022-07-11 05:56:10
- ព័ត៌មាន
ពិចារណាឲ្យដល់ ទើបដឹងថារឿង «ឈីងចាំង» មិនមែនតុក្កតាធម្មតា តែក៏បង្កប់ទស្សនៈជីវិតដែរ
- 2022-07-11 05:56:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិចារណាឲ្យដល់ ទើបដឹងថារឿង «ឈីងចាំង» មិនមែនតុក្កតាធម្មតា តែក៏បង្កប់ទស្សនៈជីវិតដែរ
ចន្លោះមិនឃើញ
ភាពយន្តគំនូរជីវចលជប៉ុនដ៏ល្បី «ឈីងចាំង» ឬ «Crayon Shin Chan» ជារឿងដែលផ្ដល់នូវការសប្បាយ រំសាយការអផ្សុកដល់អ្នកទស្សនាជាច្រើនលាននាក់ជុំវិញពិភពលោក សូម្បីនៅប្រទេសកម្ពុជា ក៏មានអ្នកគាំទ្រច្រើនលើសលុបដែរ។ ដ្បិតគំនូរជីវចលមួយនេះ បង្ហាញចេញបែបកំប្លែង ពីជីវិតប្រចាំថ្ងៃដែលកើតឡើងក្នុងគ្រួសារ ប៉ុន្តែជាការពិត វាក៏បានបង្កប់នូវទស្សនៈអប់រំជាច្រើន ដែលមិនគួរមើលរំលងដែរ។
ជាការបញ្ជាក់ ខាងក្រោមនេះ គឺជាសម្រង់ឃ្លា ដែលអាចលួងលោមអារម្មណ៍មនុស្សគ្រប់គ្នា ឲ្យមានក្ដីសង្ឃឹម និងគិតអ្វីក្នុងផ្លូវវិជ្ជមាន៖
១. «បើអ្នកចូលចិត្តរស់នៅជាមួយជីវិតធម្មតាៗបាន នោះវាជារឿងសប្បាយទៅវិញទេ»
គ្មានអ្វីសប្បាយជាងជីវិតសាមញ្ញទេ មិនចាំបាច់ខ្វល់នឹងរឿងល្អក់កករក្នុងសង្គម មិនបាច់លោភលន់ មិនបាច់ចង់ឈ្នះចង់ចាញ់នឹងអ្នកណាឡើយ។
២. «អ័ព្ទក្រាស់ នឹងរលាយបាត់អស់ ហើយអ្នកនឹងអាចមើលឃើញផ្លូវត្រង់យ៉ាងច្បាស់»
មេឃខ្មៅងងឹត គង់មានពេលវានឹងស្រឡះវិញ មិនខុសអ្វីនឹងជីវិតមនុស្សយើងដែលជួបបញ្ហា ហើយជួបរឿងល្អវិញទេ។ ត្រូវចាំថា រឿងមិនល្អទាំងនោះ នឹងបញ្ចប់ទៅវិញនៅពេលណាមួយ វាមិននៅជាមួយយើងជាប់អស់មួយជីវិតទេ។
៣. «ទោះអ្នកប្រឈមនឹងជញ្ជាំងខ្ពស់ដែលពិបាកឆ្លងកាត់ក៏ដោយ ក៏អ្នកមិនត្រូវបោះបង់ការព្យាយាមដែរ»
បើយើងចង់ជោគជ័យ យើងមិនត្រូវបោះបង់ការតាំងចិត្តចោលទេ ហើយមិនថាមានអ្វីកើតឡើង យើងត្រូវរកផ្លូវជម្នះវាឲ្យបាន។
៤. «កុំស្ទាក់ស្ទើរពេក ខំប្រឹងឲ្យខ្លាំងនូវអ្វីដែលអ្នកអាចធ្វើបានទៅបានហើយ»
សម្ដីរបស់ប៉ា ឈីងចាំង គឺ "ធ្វើអ្វីដែលកូនអាចធ្វើបានទៅ!” គឺមានន័យថាពេលខ្លះយើងចង់ធ្វើអ្វីមួយឲ្យបានល្អ បន្ថែមដោយការតាំងចិត្ត និងស៊ូដល់ទីបញ្ចប់។ ប៉ុន្តែយើងក៏ត្រូវមានសមត្ថភាពពីក្នុងដែរ ដើម្បីកំណត់គោលដៅ កុំឲ្យចាញ់ចិត្តខ្លួនឯងនៅចុងបញ្ចប់។
៥. «រឿងសំខាន់ គឺចេះព្យាយាមម្ដងហើយម្ដងទៀត កុំបាក់ទឹកចិត្តឲ្យសោះ»
ដរាបណា អ្នកនៅមានដង្ហើម អ្នកត្រូវព្យាយាមចាប់យកឱកាស និងប្រឹងសម្រេចវាឲ្យបាន រហូតដល់ទទួលលទ្ធផលជាទីគាប់ចិត្ត។
៦. «ដោយសារអ្នកមិនហ្មត់ចត់ ដូច្នេះចុងក្រោយអ្នកអាចនឹងខ្មាសគេ»
ត្រូវខំធ្វើអ្វីដែលត្រូវធ្វើឲ្យអស់ពីចិត្ត ដោយភាពច្បាស់លាស់ ហើយបើទោះលទ្ធផលបានមក យ៉ាងណា ក៏មិនមែនជាបញ្ហាដែរ ហើយក៏គ្មានអ្វីត្រូវខ្មាសដែរ។ ប៉ុន្តែការដែលគួរឲ្យខ្មាស គឺការរំពឹងខ្ពស់ពេក ដោយមិនបានខំប្រឹង។
៧. «ខ្ញុំខ្វល់តែបច្ចុប្បន្នកាលទេ»
ឃ្លានេះ មានន័យថា ជំនួសដោយការស្ដាយក្រោយនូវអ្វីដែលបានកើតឡើងពីអតីតកាល និងបារម្ភជ្រុលចំពោះអនាគត យើងគួរយកពេលមកគិតពេលបច្ចុប្បន្ន និងពេញចិត្តនូវអ្វីដែលយើងមានទៅ គឺជារឿងល្អបំផុតហើយ។
៨. «ក្ដីសុខមិនមែន រកបានដោយងាយៗទេ»
លើលោកនេះ គ្មានរបស់ល្អណា បានមកងាយៗ ដោយគ្មានការប្រឹងប្រែងនោះទេ ហើយសុភមង្គលក៏ដូចគ្នា។ យើងត្រូវតស៊ូ ជម្នះសម្រាប់ខ្លួនយើង និងព្យាយាមធ្វើការ រៀនសូត្រ ដើម្បីមានសំណាងរស់នៅជាមួយនឹងជីវិតដែលពេញទៅដោយក្ដីសុខ។
៩. «បន្ទាប់ពីជួបរឿងស៊យ សំណាងល្អ និងរឿងល្អនឹងមករកអ្នក»
កុំបាក់ទឹកចិត្ត កុំបន្ទុកសម្ពាធលើខ្លួនឯងជ្រុល រយៈពេលយូរពេក! គ្រប់បញ្ហា សុទ្ធតែមានដំណោះស្រាយទាំងអស់ គ្រាន់តែពេលខ្លះយើងចាយពេលដោះស្រាយលឿន ស្របពេលរឿងខ្លះអាចនឹងមានរយៈពេលវែង។ ប៉ុន្តែត្រូវចាំថា គ្រប់យ៉ាងនឹងប្រែជាល្អនៅថ្ងៃណាមួយ។
១០. «រឿងសំខាន់បំផុតក្នុងជីវិតមនុស្សម្នាក់ នោះគឺចេះទទួលស្គាល់ការពិត»
ពេលខ្លះមនុស្សយើងចូលចិត្តខ្ជះខ្ជាយពេលវេលាច្រើនពេកទៅលើអ្វីដែលមិនអាចទៅរួច ហើយលទ្ធផលមិនគាប់ចិត្តបែរមកគេងខកចិត្ត ទាំងដែលមិនបានគិតពីអ្វីដែលល្អៗផ្សេងទៀត ដែលកំពុងកើតមាននៅជុំវិញខ្លួន។ ចាប់ពីពេលនេះទៅ ត្រូវរៀនស្គាល់ការពិត ហើយរស់នៅជាមួយវា ដោយពេញចិត្ត។
១១. «ជីវិត គឺពេញទៅដោយរសជាតិប្រៃល្វីងជូរចត់ ប៉ុន្តែក៏មានពេលរីករាយដែរ»
ជីវិតមិនរលូនទៅរហូតទេ ព្រោះមានឡើង មានចុះ មានពេលខ្លះសប្បាយ ពេលខ្លះកើតទុក្ខ។ ប៉ុន្តែគ្រប់យ៉ាងដែលកើតឡើង សុទ្ធតែអាចធ្វើឲ្យជីវិតមានន័យ។
១២. «កុំបោះបង់ក្ដីសង្ឃឹមចោលឲ្យសោះ»
ជាការពិត មនុស្សម្នាក់ៗ ចៀសមិនផុតឡើយ នូវឧបសគ្គនានា ក្នុងដំណើរទៅចាប់យកក្ដីសុបិន ប៉ុន្តែមិនថាមានរឿងអ្វីកើតឡើង សូមកុំបាក់ទឹកចិត្ត និងកុំបោះបង់ក្ដីសង្ឃឹមចោល ព្រោះឱកាសពិសេស ត្រូវបានត្រៀមទុកសម្រាប់អ្នករួចហើយ ដូច្នេះគ្រប់យ៉ាងគឺអាស្រ័យលើអ្នកទាំងអស់។
១៣. «កុំខឹងច្រើនពេក អ្នកនឹងឆាប់ចាស់»
បន្ធូរចិត្តឲ្យបានល្អ ចំពោះអ្វីដែលកើតឡើង ហើយកុំចូលចិត្តច្រឡោត។ កាលណាដែលអ្នកខឹង អ្នកនឹងធ្វើឲ្យមុខអ្នកកាន់តែជ្រួញ ឆាប់ចាស់ និងអាក្រក់មើលណាស់។ សូមមើលថែចិត្តអ្នកឲ្យបានល្អ កុំខឹងប្រកាន់ច្រើន។
១៤. «ជីវិតមានរឿងពិបាកជាងអ្នកគិតច្រើន ដូច្នេះកុំយំដោយសាររឿងតូវតាច»
នៅមានរឿងច្រើនណាស់ដែលនឹងកើតឡើងក្នុងជីវិតនេះ។ បើគ្រាន់តែរឿងតូចតាច អ្នកមិនអាចទប់ចិត្តបាន ហើយចូលចិត្តយំ ដូច្នេះនៅពេលមានរឿងធំ តើអ្នកនឹងតទល់យ៉ាងណា? ជាការពិត ការយំ មិនមែនជាកំហុស តែពេលខ្លះការពិបាកចិត្តសំងំ ក៏មិនអាចដោះស្រាយបញ្ហាបានដែរ មានតែប្រមូលកម្លាំងចិត្តឲ្យក្លាហាន ក្នុងការប្រឈមនឹងបញ្ហាទាំងនោះ ទើបជាការល្អ។
១៥. «ជីវិតគួរតែជួបរឿងសប្បាយៗ គ្មានកើតទុក្ខ»
រស់នៅដោយរីករាយ និងមានសេរីភាព ដោយមិនរំខានទៅអ្នកដទៃ។ ជីវិតមានការលំបាកគ្រប់គ្រាន់ល្មម ធ្វើឱ្យមនុស្សពិបាកហើយ ហេតុអ្វីបានជាត្រូវយកពេលរំខានចិត្តខ្លួនឯង?