• 2022-07-12 02:55:35
  • ព័ត៌មាន

តារា K-Pop ៩រូប មានប្រវត្តិបរាជ័យ និងសុទ្ធតែត្រូវផលិតកម្ម SM ច្រានចោលទាំងអស់

  • 2022-07-12 02:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្មោះជាក្រុមហ៊ុនកម្សាន្តយក្សប្រចាំប្រទេសកូរ៉េខាងត្បូង ដូច្នេះ​អ្នកដែល​ត្រូវ​បាន​ជ្រើសចូលមក​នៅរួមទ្រនំ ក៏ត្រូវ​តែមាន​សមត្ថភាព​អស្ចារ្យដែរ ប៉ុន្តែពេល​ខ្លះ SM អាច​នឹង​មើលរំលងបុគ្គល​ខាងក្រោម ដែលបច្ចុប្បន្ន ពួកគេ​បាន​វិវត្តខ្លួនអស្ចារ្យ ក្លាយជា​តារាល្បីដែល​ជាធនធានពិសេសៗរបស់ K-Pop។ ដើម្បីជ្រាប​ច្បាស់ថា តើអ្នកណា​ខ្លះ​ដែល​មាន​ប្រវត្តិ ធ្លាប់ត្រូវ​បាន​ SM បដិសេធមិនទទួល?

១. លោក Park Jin Young (J.Y.Park)

អ្នកណា​ក៏ដឹង​ដែរថា លោក Park Jin Young គឺជាអ្នក​បង្កើតផលិតកម្ម JYP ប៉ុន្តែមុនបាន​ឡើងកាន់តំណែង​ធំ​នេះ លោកក៏ធ្លាប់មាន​ប្រវត្តិត្រូវ SM មើលរំលងដែរ។ អំឡុងពេលចូលប្រកួត លោក Lee Soo Man ដែល​កាលនោះជាស្ថាបនិក SM បាន​ឲ្យតម្លៃ​ខ្ពស់ទៅ​លើជំនាញតែងនិពន្ធរបស់ Park Jin Young ជាជាងទេពកោសល្យច្រៀង។ នេះ​ក៏​បាន​នាំឲ្យ Lee Soo Man បដិសេធមិនទទួល​ Park Jin Young តែម្ដង ព្រោះ​កាល​នោះគេ​ត្រូវការតារាចម្រៀងទេ។

២. IU

នាងគឺជា Idol ម្នាក់ទៀត​ដែល​បាន​ឆ្លងកាត់ការប្រកួតជា​ច្រើន​រាប់មិនអស់ ហើយបរាជ័យក៏ច្រើនដែរ។ ក្នុងចំណោម​ការប្រកួតទាំងនោះ ក៏មាន​ SM ដែរ ប៉ុន្តែគួរឲ្យស្ដាយ ការប្រឹងប្រែងរបស់នាងនៅពេល​នោះ ត្រូវ​បរាជ័យ។

៣. Park Bom

តារា​ស្រី​រូបនេះ​បាន​ចូលប្រឡង​ទាំងផលិតកម្ម SM និង YG កាល​ពីមុន។ នាង​ធ្លាប់បាន​ប្រឡងចូល ផលិតកម្ម SM ១ដងដែរ តែត្រូវបានគេ​បដិសេធ។ រហូតក្រោយមកទៀតនាងបន្តការតាំងចិត្ត និងចូលប្រឡងក្នុងកម្មវិធីជ្រើនតារាថ្មីរបស់ YG ដល់ទៅ ៣ ដង រហូត​ចុងក្រោយ នាងត្រូវ​បាន​គេ​ទទួល​យក។

៤. Sunggyu (INFINITE)

ប្រវត្តិនៃការប្រឡងចូលធ្វើជាតារារបស់ Sunggyu ពិតជាមិនសរសើរមិនបាន ដោយសារលោកព្យាយាមច្រើនដងណាស់ ហើយមិនដែល​បាក់ទឹកចិត្តឡើយ។ នៅ​ឆ្នាំ ២០០៧ Sunggyu ប្រឡងចូល ១ដង ហើយត្រូវ​បាន​គេ​បដិសេធ រហូត​ដល់ឆ្នាំ ២០០៨ លោកប្រឡងទៀត តែលទ្ធផល​នៅតែដូចគ្នា។

៥. Zico

តារាទោលជោគជ័យ​រូបនេះ​ ក៏ធ្លាប់មានប្រវត្តិធ្លាក់ការប្រកួតចូល SM ដែរ។ ពេល​នោះ​ដែរ Zico គឺជា Underground Rapper (អ្នករ៉េបនៅក្រៅបែបឯករាជ្យ) ប៉ុន្តែលោកបរាជ័យរហូតពេល​ព្យាយាមប្រឡងចូលផលិតកម្មនេះ។

៦. Xu Jiaqi

បច្ចុប្បន្ននេះ Xu Jiaqi គឺជាតារា​ស្រី​ដែល​កំពុង​សាងភាពល្បីល្បាញ​ខ្លាំង​បំផុតនៅក្នុងប្រទេសចិន ឬទ្វីបអាស៊ី ហើយក៏ជាតារា​ស្រីដែល SM អាច​នឹង​ស្ដាយ​ដែល​ខក​ខាន​មិនបានទទួល​យកនាង​ពីដំបូង។

៧. Choa (អតីតសមាជិក AOA)

សំឡេង​របស់ Choa ពិតជា​មិនអាច​មើលរំលងបាន​ឡើយ ព្រោះនាង​អាចធ្វើឲ្យបទចម្រៀងនីមួយៗមានទម្ងន់ មាន​រសជាតិ និងអន្ទងអ្នកស្ដាប់មិនធម្មតាឡើយ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល នាង​បាន​ដាក់ពាក្យប្រឡងចូលផលិតកម្ម SM ដល់ទៅ ១៥ដង ប៉ុន្តែនាង​ត្រូវគេ​បដិសេធទាំងអស់។

៨. Irene (Red Velvet)

ពិតណាស់ ពេល​នេះ Irene គឺជាតារា​ស្រី​របស់ SM ហើយ ប៉ុន្តែតើអ្នកដឹងទេ មុនបាន​ចូល នាង​ក៏ត្រូវបាន​ផលិតកម្មនេះ​បដិសេធមិនទទួល​យកដែរ។ បន្ទាប់ពីត្រូវបាន​គេ​ ច្រាន​បេក្ខភាព Irene ចោល SM ហាក់ដូចជានៅមិនសុខ ដោយពិចារណាជា​ថ្មី ហើយក៏ប្ដូរចិត្ត ដោយទាក់ទង​មក​នាង​ ព្រម​ទទួលជា Trainee តែម្ដង។

៩. Key (SHINee)

មិនខុសពី Irene ទេ ពេល​នេះ Key ក៏ជា​តារា​របស់ SM ដែរ ប៉ុន្តែទម្រាំបាន​ជាប់ចូលក្រុមហ៊ុននេះ លោកត្រូវព្យាយាម​ច្រើនដងណាស់ ថែមទាំងស្មោះស្ម័គ្រ មិនប្រឡងចូលផលិតកម្មណាទៀតផង។ ប្រឹងដល់ទៅ ៣ ដង ទីបំផុត Key ក៏ត្រូវ​បាន​ SM ទទួលយកជាស្ថាពរ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម