• 2022-07-12 03:04:07
  • ព័ត៌មាន

គន្ធ តារាវណ្ណ ទើបរួចផុតពីគ្រោះធំ តែពោលអស់សង្ឃឹមក្នុងការវិលចូលសិល្បៈវិញ

  • 2022-07-12 03:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងប្រុសដែលប្រឡូកក្នុងវិស័យសិល្បៈតាំងពីទសវត្ស៨០ គន្ធ តារាវណ្ណ បានចេញពីមន្ទីរពេទ្យកាលម៉ែត្រ ទៅសម្រាកនៅផ្ទះ និងបន្ដប្រើថ្នាំតាមវេជ្ជបញ្ជាហើយ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលវះកាត់បញ្ហាស្ទះបំពង់ទងថង់ប្រម៉ាត់រួចរាល់។

លោក គន្ធ តារាវណ្ណ បានប្រាប់ Sabay នៅមុននេះបន្ដិចថា អស់រយៈពេល ១៥ថ្ងៃហើយ ដែលលោកបានវះកាត់ និងសម្រាកនៅមន្ទីរពេទ្យ ដើម្បីព្យាបាល។ ឥឡូវរូបលោកកំពុងឲ្យកូនប្រុសជូនទិញថ្នាំពេទ្យនៅខាងក្រៅបន្ថែមតាមវេជ្ជបញ្ជា ហើយស្ថានភាពសុខភាពមិនទាន់ត្រឡប់មកដូចដើមវិញទេ។

លោក គន្ធ តារាវណ្ណ៖ “ក្រោយវះកាត់…ប៉ានៅវិលៗ មិនទាន់មានកម្លាំងកំហែងអីទេកូនអើយ! ពេទ្យគេថា ស្ទះទងប្រម៉ាត់ ហើយយើងភ្នែកឡើងលឿង នោមមកក៏លឿង ស្បែកឡើងលឿង យើងក៏វះកាត់ ហើយជំងឺលើសឈាមនោះ គេឲ្យលេបថ្នាំបន្ដដែរ”។

លោក គន្ធ តារាវណ្ណ ដែលបច្ចុប្បន្នមានវ័យ ៧១ឆ្នាំ អះអាងថា សព្វថ្ងៃលោកពុំនៅជាប់កុងត្រាថតរឿងឬស្ពតឲ្យផលិតកម្មណាទៀតនោះទេ។ ពីថ្ងៃនេះទៅលោកថាពិបាកនឹងវិលចូលសិល្បៈវិញណាស់ ព្រោះតែស្ថានភាពសុខភាពកាន់តែយ៉ាប់។ លោក គន្ធ តារាវណ្ណ គឺជាតារាសម្ដែងមួយរូប មានភាពល្បីល្បាញតាំងឆ្នាំ១៩៨៦ រហូតដល់បច្ចុប្បន្ន ប៉ុន្ដែទើបថ្មីៗលោកមិនអាចទទួលថតទៀតបានក៏ដោយសារបញ្ហាជំងឺលើសឈាម និងជំងឺប្រម៉ាត់៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី