• 2022-07-22 03:43:14
  • ព័ត៌មាន

អស្ចារ្យណាស់! អ្នក​ឧកញ៉ា សច្ចា​នាំ Galaxy Navatra ទៅ​ឲ្យ​ដល់​ស្តង់ដារ​ពិភព​លោក​ទាល់​តែ​បាន!

  • 2022-07-22 03:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា វិនិយោគិន​មួយ​រូប​ដែល​មាន​បេះដូង​សិល្បៈ​មុតស្រួច បាន​វិនិយោគ​បង្កើត​ផលិតកម្ម Galaxy Navatra កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ជាមួយ​កូនចិត្ត​ក៏ដូច​ជា​​គោលដៅច្បាស់​លាស់​មួយ នាំ​ផលិតកម្ម​មួយ​នេះ​ឆ្ពោះ​ទៅ​កម្រិត​ស្តង់ដារពិភព​លោក​ឲ្យ​ខាង​តែ​បាន។

ផលិតកម្ម Galaxy Navatra ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ 2016 ដោយ​ដំបូង​ឡើង​វិនិយោគ​ផលិតភាព​យន្ត និង​ក្រោយ​មក​ទៀត​ឈាន​មក​ប្រឡូក​ក្នុង​សិល្បៈ ចម្រៀង​ដោយ​បាន​អូសទាញបាន​​តារាចម្រៀង​ល្បី​ជា​ច្រើន​មាន​ដូច​ជា តន់ ច័ន្ទសីម៉ា ព្រាប សុវត្ថិ ខេម Tempo Tris អ៊ុក សុវណ្ណារី ធឿន បុរី ជា​ដើម​មក​ចូល​រួម។

ក្រោម​ការ​ដឹកនាំ​របស់​លោក យឹម តាស្រង់ និង​វត្តមាន​របស់​តារា​ចម្រៀង​​ល្បី​ៗ​ខាង​លើ Galaxy Navatra បាន​ក្លាយ​ជា​ផលិតកម្ម​ដ៏​ធំ និង​មាន​ប្រជាប្រិយភាព​មួយ​ក្នុង​រយៈ​ពេលយ៉ាង​ខ្លី។ ប៉ុន្តែ​តាម​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជា​ចាងហ្វាង បញ្ជាក់​ថា គោលដៅ​របស់​អ្នក​ឧកញ៉ា មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុក​នោះ​ទេ។

វិនិយោគិន​កំពុង​លេច​ធ្លោ​រូប​នេះ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​នានា ទើប​ជា​គោលដៅ​របស់​អ្នក​ឧកញ៉ា។ "គោលដៅខ្ញុំ និងការសម្លឹងដោយក្ដីរំពឹង Galaxy Navatra នឹងក្លាយជាគូប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាមួយបណ្ដាប្រទេសនៅអាសុី និងអឺរ៉ុបនៅលើវិថីនៃសិល្បៈភាពយន្តរួមទាំងចំរៀងសម័យទំនើប និងបុរាណ"។

ក្នុង​គោលដៅ​នេះ អ្នក​ឧកញ៉ា បាន​បញ្ជូនបុគ្គលិកផ្នែក​សំឡេង(Sound) និងវីដេអូអោយរៀននៅអង់គ្លេស អាមេរិកដើម្បី រៀបចំសោនម៉ាស្ទ័រតាមស្តង់ដារពិភពលោកនៅកម្ពុជា។ ជាមួយ​គ្នា នៅ​ក្នុង​ផែនការ អ្នកឧកញ៉ា ក៏​គ្រោង​បើកសាលាបណ្ដុះបណ្ដាលនៅភ្នំពេញនិងនៅបាត់ដំបង​ថែម​ទៀត​ផង។

ដូច្នេះ​ហើយ អ្នកឧកញ៉ា ប្រកាស​ជ្រើសរើសអ្នកមានសមត្ថភាព និង ឆន្ទៈដោយឱ្យក្រុមការងារផលិតផ្សារភ្ជាប់យ៉ាងយកចិត្តទុកដាក់ រៀនសូត្របន្ថែម ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជំរុញ វប្បធម៌យើងឲ្យកាន់តែអស្ចារ្យក្នុងសម័យ ដែលកម្ពុជា​កំពុងតែអភិវឌ្ឍលើគ្រប់វិស័យ។

"សមិទ្ធផលទាំងអស់នោះនឹងក្លាយជា សមទ្ធិផលរបស់យើងទាំងអស់គ្នា។ សម្រាប់បងប្អូនដែលមានឆន្ទៈចូលរួម ក្រុមការងារអាចសហការណ៍ឬ ផ្លាស់ប្ដូរយោបល់គ្នាបាន។ ឆាប់ៗនេះយើងនឹងរៀបចំកន្លែង សោនម៉ាស្ទ័រ office ស្តង់ដាពិភពលោក ដែលរៀបចំដោយជនជាតិសាំងហ្គាពួរ"។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែង.

ថ្មី​ៗ​នេះ អ្នក​ឧកញ៉ា ទើប​បង្ហាញ​អគារ​ដែល​ជា​កន្លែង​ក្រុម​ការងារ Galaxy Navatra Corp ធ្វើការ ស្ថិត​ក្នុង​អគារ Morgan ដ៏​ស្កឹមស្កៃនាទីក្រុងកោះពេជ្រ។ តាម​ការវាយតម្លៃរបស់​លោក យឹម តាស្រង់ អតីត​នាយកគ្រប់គ្រង ថា អគារ​នេះ មាន​កម្រិត​ស្តង់ដារ​ពិភព​លោក​រួច​ទៅ​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី