• 2022-08-05 09:18:35
  • ព័ត៌មាន

សមាគមផលិតករភាពយន្ដខ្មែរ ប្រកាសបើកជាផ្លូវការនៅថ្ងៃនេះ

  • 2022-08-05 09:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគមផលិតករភាពយន្ដខ្មែរ(Cfa) ត្រូវបានបង្កើតឡើង ហើយប្រកាសបើកជាផ្លូវការនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ នៅចំពោះមុខផលិតករក្នុងស្រុកល្បីៗប្រមាណ ៣០នាក់។ គោលបំណងធំ ក្នុងការបង្កើតសមាគមនេះ គឺដើម្បីកែប្រែវិស័យភាពយន្ដកម្ពុជាឲ្យក្លាយទៅជាឧស្សាហកម្មភាពយន្ដ។

ប្រធានសមាគម និងជាចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា ថ្លែងថា ដើម្បីអាចកែប្រែវិស័យនេះបាន គឺត្រូវស្វែងរកទុនទៅដាក់ជាមួយផលិតករពិតប្រាកដ ឬអ្នកមានជំនាញផលិតភាពយន្ដច្បាស់លាស់។ លោកថាម្ចាស់ទុនដែលមានធនធានខ្លាំង គួរផ្ដល់ឱកាសសម្រាប់ផលិតករភាពយន្ដខ្មែរឲ្យបានច្រើន។

លោក លៀក លីដា៖ “ដូចជាផលិតកម្មខ្ញុំចេញក្នុង១ឆ្នាំ បី ទៅបួនរឿង ហើយផលិតកម្មផ្សេងគេប្រហែលជាគិតថា អូហ៍...ម្ចាស់ផលិតកម្មដឹកទាំងអស់ហើយ តែអត់ទេ ក្រោយពីយើងសន្សំបាន យើងមានធនធាន យើងជឿជាក់លើផលិតករដទៃទៀត ហើយផ្ដល់់ឱកាសឲ្យគាត់ដឹកបានច្រើន"។

នៅក្នុងឱកាសប្រកាសបើកសមាគមថ្មីនេះ លោក លៀក លីដា ក៏បានលើកឡើងនៅលក្ខណ្ឌមួយចំនួនសម្រាប់សមាជិកដែលចូលរួមក្នុងសមាគមដែរ។ លោកថាក្នុងរយៈពេលបីឆ្នាំដំបូង សមាគមមិនត្រូវឲ្យសមាជិកបង់ប្រាក់វិភាគទាននោះទេ តែតម្រូវឲ្យមានការចូលរួមយ៉ាងសកម្មពីសមាជិកគ្រប់រូប ដើម្បីរកយុទ្ធសាស្ដ្រថ្មីរុញឲ្យវិស័យភាពយន្ដដើរលឿនទៅមុខ។

សូមរំលឹកថា សមាគមផលិតករភាពយន្ដខ្មែរ បានធ្វើពិធីប្រកាសបើកជាផ្លូវការនៅសាលប្រជុំតូចមួយ នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលថតភាពយន្ដនៅកម្ពុជា។ ពិធីនេះ គេឃើញមានការអញ្ជើញចូលរួមពីលោក ជៀប សុវិជ្ជា លោក លៀក លីដា លោក ស៊ុំ ភារិន និងផលិតករល្បីៗសរុបប្រមាណ៣០នាក់ផ្សេងទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់