- 2022-08-16 08:35:44
- ព័ត៌មាន
លោកគ្រូ ព្រឿង ឈៀង ជាធនធានសិល្បៈក្នុងចំណោម ១០% ដែលរស់រានក្រោយថ្ងៃរំដោះ ៧ មករា
- 2022-08-16 08:35:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកគ្រូ ព្រឿង ឈៀង ជាធនធានសិល្បៈក្នុងចំណោម ១០% ដែលរស់រានក្រោយថ្ងៃរំដោះ ៧ មករា
ចន្លោះមិនឃើញ
មានឈ្មោះដើមថា សេង ឈៀង អតីតសិល្បកររបាំព្រះរាជទ្រព្យ ឯកទេសស្វា ដើរតួហនុមាន បច្ចុប្បន្នលោកគ្រូ ព្រឿង ឈៀង ជាទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបង្រៀននៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ដោយមានជីដូនជាគ្រូធំបង្ហាត់របាំព្រះរាជទ្រព្យ តាមដង្ហែព្រះមហាក្សត្រីយ៉ានី កុសុមៈនារីរ័ត្ន សេរីវឌ្ឍនា ព្រះមាតាសិល្បៈជាតិ លោកសាស្ត្រាចារ្យ ព្រឿង ឈៀង ត្រូវបានជីដូនឧស្សាហ៍នាំទៅមើលគេហាត់សមរបាំ ជាមួយប្អូនឈ្មោះ សេង ស្រីមុំ តាំងពីអាយុ៤ឆ្នាំ ធ្វើឲ្យលោករាំតាមនាដក និងមានចិត្តស្រឡាញ់ដោយមិនដឹងខ្លួន លោកក៏បានចាប់ផ្ដើមចូលសិល្បៈពេញសិទ្ធិនៅអាយុ៨ឆ្នាំ ព្រមទាំងមានឱកាសចេញសម្ដែងនៅអារ៉ាប់រួម និងប្រទេសយូហ្គូស្លាវី នៅអាយុ៩ឆ្នាំទៀតផង។
ក្នុងកិច្ចសម្ភាសពិសេសទោល ក្នុងកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ចាក់ផ្សាយនៅកញ្ចក់ទូរទស្សន៍ BTV លោកគ្រូមានប្រសាសន៍ថា៖ បន្ទាប់ពីថ្ងៃ ៧ មករា គេបានបង្កើតមន្ទីរឃោសនាការ វប្បធម៌គ្រប់ខេត្ត ដើម្បីប្រមូលផ្ដុំអតីតសិល្បករទាំងចាស់ ទាំងថ្មី។ កាលនោះ សាស្ត្រាចារ្យ ឆេង ផុន បានប្រាប់លោក កែវ ចិន្តា រដ្ឋមន្ត្រីក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន ថាគួរបើកមហោស្រពសិល្បៈទូទាំងប្រទេសមួយ ដើម្បីមើលពីសក្ដានុពលថានៅសល់ប៉ុន្មាន។ ជាលទ្ធផល ៩០% បានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងនៅសល់តែ ១០% ប៉ុណ្ណោះ។ សិល្បៈខ្មែរបានចាប់ផ្ដើមរស់ឡើងវិញតាមរយៈការចាំក្បាច់របស់អតីតសិល្បករ ទីពីរគឺឯកសារភាពយន្តរបស់សម្ដេចឪ និងទីបី ឯកសារបរទេស ដែលគេថតពីសម័យអាណានិគម។
សូមបញ្ជាក់ផងដែរថា សាស្ត្រាចារ្យ ព្រឿង ឈៀង គឺជាគណៈកម្មការវាយតម្លៃមួយរូបក្នុងកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ឆ្នាំ២០២២ ក្រោមវិញ្ញាសា ទម្រង់របាំក្បាច់បុរាណខ្មែរ។ លោកគ្រូបានបន្តថា៖ ព្រឹត្តិការណ៍នេះគឺជាសាលារៀន ក្នុងពេលប្រឡងលោកនឹងជួយដុះខាត់ ក៏ដូចជាបញ្ចេញនូវអ្វីទាំងអស់ដើម្បីចែករំលែកដល់បេក្ខជនដែលដាក់ពាក្យចូលរួម ហើយបេក្ខជនចូលរួមដោយសេរី មិនថាសិស្សសាលាមធ្យម ឬសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឬ អ្នកស្នេហាវិស័យសិល្បៈ សមាគមក្ដី អាចដាក់ពាក្យចូលរួមបាន។
សម្រាប់ព័ត៌មានលម្អិតអំពីការប្រកួត សូមទាក់ទងមកតេលេក្រាម ឬទូរសព្ទលេខ 099 914 121។ ផុតកំណត់ទទួលពាក្យថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២២៕