• 2022-08-25 04:57:31
  • ព័ត៌មាន

ស៊ូតែឯងមកច្រើនរឿងហើយ ដូច្នេះ​ទោះព្យុះភ្លៀង ឬឧបសគ្គប៉ុនភ្នំ ក៏ ស៊ឹម ច័ន្ទពន្លឺ ប្រឹងញញឹម និងដើរទៅមុខ

  • 2022-08-25 04:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ចូល​វគ្គប្រកួត​កាន់តែសំខាន់ បេក្ខភាពសល់កាន់តែតិច សន្ធឹកនៃការគាំទ្រកាន់តែផ្ទុះឡើងកាន់តែច្រើនគួរភ្ញាក់ផ្អើល។ ជាក់ស្ដែង​ស្ថិតក្នុង​ រដូវកាលទី ៤ នៃកម្មវិធី Cambodian Idol នេះ សង្កេតឃើញថាចំនួនអ្នកគាំទ្រ​កម្មវិធី ពិតជា​មាន​ទំហំ​ធំធេង គគ្រឹកគគ្រេងខ្លាំង​បំផុត។ ក្នុងចំណោមបេក្ខភាពទាំងអស់ ក៏មាន ស៊ឹម ច័ន្ទពន្លឺ ដែរ បើទោះបីជាមានអ្នករិះគន់ តែលោកក៏មិនខ្វះអ្នកគាំទ្រ។

សមត្ថភាពលើឆាករបស់ បេក្ខភាពមកពីខេត្តតាកែវរូបនេះ ក៏មិនអន់ដែរ ព្រោះក្រៅពីច្រៀង លោកក៏ពូកែទាញចំណាប់អារម្មណ៍ប្រិយមិត្ត ឬអ្នកទស្សនា តាមរយៈការបង្កើតទស្សនីយភាពប្លែក ញ៉ាំងការសម្ដែងកាន់តែពិសេស។

ទោះជាយ៉ាងណា ពេល​ខិតជិតដល់វគ្គផ្ដាច់ព្រ័ត្រ លោកពិតជាបានជួប​នូវព្យុះភ្លៀងនៃការរិះគន់ជា​ច្រើន ដោយមតិខ្លះលើកថា លោកច្រៀងមិនកើត ឬឡើងតាមខ្សែ និងមើលងាយសមត្ថភាពដោយលើកអតីតកាលមកឡូកឡំ ដោយសារលោកធ្លាប់ទៅរស់នៅប្រទេសវៀតណាម ហើយប្រលងកម្មវិធីសិល្បៈផ្សេងៗ។

ពន្លឺ និងឪពុកម្ដាយ
កាដូបានពី Fan

ទាក់ទងនឹងបញ្ហា​នេះ​ ពន្លឺដែលជា​សាមីខ្លួន ក៏បាន​ចេញមុខបកស្រាយ និងចោទសួរទៅអ្នកដែលចោទលោកទាំងអស់ដែរថា តើពួកគេមានអ្វីសម្អាងទេដែលថាលោកឡើងតាមខ្សែ ឬមានអ្នកនៅពីក្រោយ? មួយវិញទៀតទាក់ទងនឹង​ការទៅរស់នៅវៀតណាម ក៏ដោយសារលោកត្រូវទៅបំពេញវិជ្ជាជំនាញវេជ្ជសាស្ត្រផង ហើយដោយចិត្តស្រឡាញ់វិស័យចម្រៀង លោកក៏ចូលប្រលងនឹងគេ ហើយក៏តែងប្រកាសប្រាប់អន្តរជាតិ ថាខ្លួនជាកូនខ្មែរដែរ។

Credit រូបភាព: P-HENG

មកដល់ដំណាក់កាលនេះ បេក្ខភាពវគ្គ ផ្ដាច់ព្រ័ត្រ ស៊ឹម ច័ន្ទពន្លឺ ប្រទះនឹងឧបសគ្គច្រើនណាស់ ប៉ុន្តែលោកនៅតែស៊ូដើរទៅមុខ ប្រឹងញញឹម សង្រួមអារម្មណ៍ធ្វើឲ្យបាន​ល្អលើឆាកប្រកួត។

Credit រូបភាព: P-HENG

ចំណែកទំនាក់ទំនងជាមួយនឹង​មិត្តរួមសមរភូមិប្រកួត ក៏ជាចំណុចដែលអ្នកគាំទ្រ​លោកភាគច្រើនរំភើបដែរ ព្រោះ​គ្រប់ពេល​អ្នកណាម្នាក់ឡើងបញ្ចេញសមត្ថភាពលោកតែងទះដៃសាទរពេញទំហឹង ពេលខ្លះឱប និងអង្អែលខ្នងផ្ដល់ភាពកក់ក្ដៅដល់គ្រប់គ្នា មិនបានគិតប្រកាន់ថាជាដៃគូប្រកួតឡើយ៕

Credit រូបភាព: Mrr Phing
Credit រូបភាព: Mrr Phing
Credit រូបភាព: SOTHUN H.

អត្ថបទ៖ ធារី

មតិយោបល់