• 2022-09-09 03:03:35
  • ព័ត៌មាន

វត្តមាន ថន លក្ខិណា ក្នុង Cambodian Idol កាន់តែធ្វើឲ្យមហាជនស្ងើចនឹងគុណសម្បត្តិទាំងព្រម

  • 2022-09-09 03:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីអាជីពជាពិធីការិនី កញ្ញា ថន លក្ខិណា បាន​ចូល​ប្រឡូកយូរឆ្នាំមកហើយ ប៉ុន្តែប៉ុន្មាន​ឆ្នាំចុងក្រោយ ការងារមួយនេះ​កាន់តែធ្វើឲ្យនាងមមាញឹក និងអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរ។ ទោះជាយ៉ាងណា ឱកាសពិសេសចេះតែរត់មករកឥតឈប់ ហើយពេល​នោះហើយដែលធ្វើឲ្យ លក្ខិណា មាន​អ្នកទទួល​ស្គាល់ និងសាទរពេញទំហឹង។

ដ្បិត Cambodian Idol ឈានដល់រដូវកាលទី ៤ ប៉ុន្តែសម្រាប់ លក្ខិណា នេះគឺជារដូវកាលដំបូង ហើយនាង​ពិតជាប្រឹងប្រែង ពុះពារពិតមែន ដើម្បីការងារនេះ​បញ្ចប់​ដោយរលូន។ ផ្សំនឹង​ការណែនាំ បង្រៀនពីរៀមច្បង ជា វិបុល ផង ធ្វើឲ្យបេសសកម្មរបស់ លក្ខិណា ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ មានភាពជោគជ័យបំផុត។

ពេលនេះ Sabay សូមលើកយក គុណសម្បត្តិ ៣ យ៉ាង ដែល​មហាជនសរសើរមិនដាច់ពីមាត់ចំពោះ ពិធីការិនី ថន លក្ខិណា គឺ៖

១. ការអធិប្បាយដ៏ចំណាប់

ទោះកាន់តំណែងពិធីការិនីរបស់ Cambodian Idol ជា​លើកដំបូង ប៉ុន្តែ​លក្ខិណា បាន​បង្ហាញ​ថា ខ្លួនពិតជាអាច​ធ្វើបាន ដោយភាព​ម៉ឺងម៉ាត់ និយាយលះច្បាស់ៗ មានក្រមសីលធម៌ថ្លៃថ្នូរ និងចំណេះដឹងគួរគោរព សមនឹងឲ្យតម្លៃពិតៗ។

២. ការរៀបចំខ្លួន

បង្ហាញ​វត្តមាន​រៀងរាល់សប្ដាហ៍ លក្ខិណា មិនដែលឲ្យជាន់គ្នាទេ ព្រោះ​ឈុតដែលនាងស្លៀក​ម៉ូដសក់ដែលនាងតុបតែង ពិតជា​សមសួន មិនមានអ្វីគួរឲ្យទើសភ្នែក។ ទោះមិនមែនជាបេក្ខជនដែល​ត្រូវឡើងប្រកួត ឬជាគណៈកម្មការ ប៉ុន្តែនាង​ឲ្យតម្លៃខ្ពស់ក្នុងការរៀបចំខ្លួនឲ្យត្រូវនឹង Concept វិញ្ញាសា ដើម្បីញ៉ាំងកម្មវិធីកាន់តែលម្អដោយភាពស្រស់បំព្រង។

៣. ទឹកចិត្តជាមួយអ្នកគ្រប់គ្នា

ជាមួយលោក ជា វិបុល ដែលជាពិធីករដៃគូនៅលើឆាក លក្ខិណា ឆ្លើយឆ្លងស៊ីសង្វាក់ ហើយក្រោយឆាក គឺនាង​តែងត្រង់ត្រាប់តាមការណែនាំពីរៀមច្បងម្នាក់នេះ នូវចំណុចខ្វះខាត ដើម្បីធ្វើឲ្យមានភាពកាន់តែប្រសើរ ពោលគឺនាងមិនដែលតាំងខ្លួនឯង Perfect រហូតឡើយ។

ជាមួយនឹង​គណៈកម្មការ លក្ខិណា តែងសម្ដែងនូវការគោរពអ្នកទាំង ៤ នាម​ជារៀមច្បងសិល្បៈ ពុំដែលលេងសើចបែប​លើសលស់ម្ដងណាទេ។

ជាមួយបេក្ខជនប្រកួត លក្ខិណា តែងអង្អែលស្មា ឬលួងលោម ពេល​ពួកគេ​ណាម្នាក់មានអារម្មណ៍ក្តុកក្ដួលពេល​ប្រកួត។ នាង​ចាត់ទុកបេក្ខជន​ដូចជាបងប្អូន ហើយផ្ដល់ភាពកក់ក្ដៅ និងសាទរជានិច្ច ដែលនេះគឺជារូបភាពដែលសូម្បីអ្នកទស្សនាក៏រំភើបដែរ។

ជាមួយនឹង​អ្នកទស្សនា ពិសេសអ្នកអ្នកទស្សនាផ្ទាល់នៅកន្លែងកម្មវិធី លក្ខិណា ត្រូវ​បាន​គេ​លាន់មាត់ថា ជាតារាស្រីដែលរួសរាយរាក់ទាក់ និងចិត្តល្អបំផុត។ នេះ​បើតាមសម្ដីអ្នកគាំទ្រ ឬអ្នកដែលបាន​ទៅទស្សនាកម្មវិធីប្រកួតផ្ទាល់។ ប្រការនេះ កាន់តែធ្វើឲ្យគ្រប់គ្នាផ្ដោតការចាប់អារម្មណ៍ និងអត់ទ្រាំមិនសរសើរមិនបាននូវចរិតពិតរបស់ ពិធីការិនីឆ្នើមថ្មីមួយរូបទៀតប្រចាំវិស័យសិល្បៈ ថន លក្ខិណា

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម