• 2022-09-15 03:32:00
  • ព័ត៌មាន

ភរិយានាយ ជី វ៉ាន់ស៊ុយ តែលតោលអត់បាយហូប ក្រោយកូនបណ្ដេញចេញពីផ្ទះ

  • 2022-09-15 03:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយារបស់អតីតតារាកំប្លែងជើងចាស់ ជី វ៉ាន់ស៊ុយ ដង្ហើយរកជំនួយសប្បុរសធម៌ ខណៈដែលខ្លួនកំពុងមានជំងឺ គ្មានទីជម្រក និងអាហារហូបចុក បន្ទាប់ពីកូនកាត់កាលចោល។ លោកស្រី ផុន សាវ៉ន ថាកូនស្រីទី៤ របស់គាត់ដែលជាដំណក់ឈាមជាមួយលោក ជី វ៉ាន់ស៊ុយ មិនត្រឹមតែបណ្ដេញគាត់ចេញពីផ្ទះទេ ថែមទាំងជេរប្រមាថគាត់ទៀត។

តាមរយៈបទសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១១ ខែកញ្ញា ឲ្យដឹងថា លោកស្រី ផុន សាវ៉ន មានកូនសរុប ៥នាក់ ក្នុងនោះមាន ៣នាក់ជាអ្នកសិល្បៈ។ កូនទី៤ ដែលជាតារាចម្រៀង និងសម្ដែងល្បីឈ្មោះ ហើយជាកូនដែលលោកស្រីស្រឡាញ់ជាងគេស្ទើរយកជីវិតមកប្ដូរបាននោះ បែរជា រមិលគុណ ជេរប្រមាថ និងបណ្ដេញគាត់ចេញពីផ្ទះដោយគ្រាន់តែគាត់ស្ដីប្រដៅបន្ដិចបន្ដួចប៉ុណ្ណោះ។

លោកស្រី ផុន សាវ៉ន ថាកាលពីប្ដីលោកស្រីនៅរស់ មិនដែលលំបាកខ្លាំងដូចជាពេលនេះឡើយ ប៉ុន្ដែក្រោយប្ដីស្លាប់ទៅ នៅឆ្នាំ២០១២ ជីវិតរបស់គាត់ត្រូវផ្ញើនឹងកូនៗ។ លោកស្រីថា ពេលជីវិតផ្ញើនឹងកូន វាលំបាក ហើយពេលនេះកាន់តែលំបាកដោយក្នុងចំណោមកូនៗទាំង ៥នាក់ គឺមានតែ ២នាក់ ទេដែលនៅស្រឡាញ់ម្ដាយ គឺនាងខ្មឹប និងកូនប្រុសម្នាក់កំពុងធ្វើការងារនៅប្រទេសថៃ។ បើទោះបីជាកូនទាំងពីររកសម្រាប់ហូបចុកខ្លួនឯងស្ទើរមិនគ្រប់ តែពួកគេនៅខ្វល់ និងសួរនាំម្ដាយ។

ទោះជាយ៉ាងណា ភរិយាលោក ជី វ៉ាន់ស៊ុយ មិនបានបង្ហើបឈ្មោះកូនស្រីទី៤ ដែលគាត់នៅជាមួយ ហើយបណ្ដេញគាត់ចេញពីផ្ទះនោះទេ។ ប៉ុន្ដែគាត់ថា កូនស្រីនោះជាតារាចម្រៀង និងសម្ដែង ហើយជាស្ដ្រីមេម៉ាយ បានព្យាយាមប្រាប់គេឯងថាខ្លួនមិនមានម្ដាយទេ ព្រោះម្ដាយខ្លួនបានស្លាប់បាត់ទៅហើយ ទាំងដែលលោកស្រីនៅរស់ជ្រងោរ ហើយកំពុងដង្ហើយរកកូនៗបែបនេះ។

សូមរំលឹកថា នាយជី វ៉ាន់ស៊ុយ គឺជាតារាកំប្លែងជើងចាស់ល្បីឈ្មោះមួយរូបដែលមានស្រុកកំណើតនៅខេត្ដបន្ទាយមានជ័យ។ កេរ្ដិ៍ឈ្មោះរបស់លោកកាន់តែល្បីខ្លាំងនៅអំឡុងឆ្នាំ២០០០ ហើយក្រោយមកទៀតគេក៏ឃើញកូនៗ ៣នាក់ ក្នុងចំណោម ៥នាក់ បានដើរលើវិថីសិល្បៈដូចលោកដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់