• 2022-09-29 06:15:03
  • ព័ត៌មាន

តារា K-Pop ទាំង ៧ ដែលស័ក្តិសមនឹង​ដល់ពេលចេញ Debut ជាតារាទោល ផ្អែកលើគុណសម្បត្តិជាច្រើន

  • 2022-09-29 06:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពុះពារយ៉ាងពេញទំហឹងលើវិថី K-Pop ពិសេស​បង្ហាញ​ស្នាដៃតាមរយៈក្រុមចម្រៀងរបស់ខ្លួននីមួយៗ តារា K-Pop ជា​ច្រើន​នាក់ បានទទួលឱកាស បង្ហាញ​វត្តមាន​រូបរាងថ្មីជា​ផ្លូវការ ក្នុងនាម​ជាតារា ទោល។ ដោយឡែក​សម្រាប់តារា ខាងក្រោមមិនទាន់បានចេញ SOLO ដូចសមាជិករួមក្រុមទេ ជាហេតុអ្នកគាំទ្រអន្ទះសារក្នុងការសាទរដំណឹង​ល្អ និងការសម្ដែងទោលរបស់ពួកគេជាខ្លាំង។

ទោះយូរយ៉ាងណា គ្រប់គ្នានៅតែចាំ ប៉ុន្តែប្រសិនពេល​វេលាសមគួរនឹង​មកដល់ឆាប់ៗ នោះ Fan នឹងរំភើបខ្លាំង​ជាក់ជាមិនខាន៖

១. Jisoo (BLACKPINK)

នេះគឺជាសមាជិកចេញពីក្រុម​ចម្រៀងនារីដ៏ធំលំដាប់ពិភពលោក BLACKPINK ដែល​បាន​សាងកេរ្តិ៍ឈ្មោះ​ខ្លាំងមិនធម្មតា ផ្អែកលើការបង្ហាញ​សមត្ថភាពច្រៀង រាំ និងសម្ដែង។ Jisoo ក៏ត្រូវបាន​គេ​ស្គាល់ច្បាស់ដែរ ក្នុងនាមជាតារាសម្ដែង​ដ៏ជោគជ័យ ក៏ដូចជាទូតសុឆន្ទៈរបស់ Brand ល្បីៗលំដាប់ពិភពលោក។

អ្វីគ្រប់យ៉ាងដែល​នាង​បាន​បង្ហាញ​ មិនដែលធ្វើឲ្យអ្នកគាំទ្រ ខកបំណងឡើយ ហើយភាពល្អគ្រប់សព្វពេញសមត្ថភាពរបស់នាង ទើប Fan រំពឹង​ថានៅពេលចេញ SOLO Jisoo មុខជាជោគជ័យមិនខាន។

២. Minho (SHINee)

ចាប់តាំងពី Debut (បង្ហាញមុខជាផ្លូវការ) Minho បាន​បង្ហាញ​គ្រប់គ្នា​ឲ្យដឹង​ច្បាស់ថា លោក​មិនមែនចេះតែច្រៀង រ៉េប ឬរាំទេ ប៉ុន្តែលោកក៏ជាកវីបទចម្រៀងលាក់មុខម្នាក់ដែរ។

ជា​ច្រើនឆ្នាំលើវិថី​នេះ តារា​ប្រុសកំពូលសម្រស់រូបនេះ បាន​ចូលរួម​តែងនិពន្ធបទចម្រៀងមិនតិចទេសម្រាប់ក្រុម ដូច្នេះ​ក្នុងនាម​ជា​អ្នកគាំទ្រ តែង​រំពឹង​ដំណឹង​ល្អ សង្ឃឹមថា Minho នឹង​មានឱកាសចេញអាល់ប៊ុមទោលសម្រាប់ខ្លួនឯងឆាប់។

៣. Minnie ((G)I-DLE)

នៅពេល​ដែល Minnie ចេញមុខផ្លូវការ អ្នកគាំទ្រជា​ច្រើនបានលើកនាង​ជា​តារា​ចម្រៀងដែលសមនឹងជោគជ័យនាពេល​អនាគត ផ្អែកលើគុណសម្បត្តិនៃការប្រើបច្ចេកទេសច្រៀង និងការបត់បែនទៅតាមប្រភេទតន្ត្រីថ្មី។

៤. Mark (NCT)

Mark តែង​បង្ហាញ​ច្បាស់ៗថា លោកសម​ជាគ្រាប់ពេជ្ររបស់ SM និងក៏ជាធនធានពិសេស​សម្រាប់វិស័យ K-Pop ដែរ។ ច្រៀង រាំ រ៉េប សុទ្ធតែជាអ្វីដែល Mark អាច​ធ្វើបាន​ក្នុងពេល​តែមួយ ដោយគ្មាន​បញ្ហា។ នេះ​ក៏ជាមូលហេតុដែល អ្នកគាំទ្រសមាជិក NCT រូបនេះ​រំពឹង​ខ្ពស់​ថា Mark នឹង​ធ្វើឲ្យអាជីពរបស់ខ្លួនជោគជ័យ​កាន់តែខ្លាំង​ នៅពេល​ណា​ដែល​លោកទទួល​បាន​ឱកាស ចេញ​មុខជាមួយនឹង​អាល់ប៊ុមទោលផ្ដាច់មុខនាពេល​អនាគត។

៥. Hongjoong (ATEEZ)

ក្នុងចំណោម​ក្រុម K-Pop ទាំងអស់ ATEEZ ក៏ជា​ក្រុម​ចម្រៀង​មួយក្រុម ដែល​គេ​ស្គាល់ច្បាស់ថា អាច​ផលិតបទចម្រៀង​ និងមាន​សមត្ថភាពសាងភាពល្បីល្បាញ​ដោយខ្លួនឯង មិនពឹងអ្នកណាទាំងអស់។ ដោយឡែក ក្នុងចំណោមសមាជិកក្រុម Hong Joong គឺជាអ្នកដែល​បាន​ពលីក្នុងការចាយគំនិតផលិតបទចម្រៀងជា​ច្រើនសម្រាប់ក្រុម។

យោងតាមគុណសម្បត្តិទាំងឡាយ​នេះ​ អ្នកគាំទ្រក៏បានគិតគ្នា​ដែរថា​ សមាជិកក្រុមរូបនេះ​ ប្រាកដជា​នឹង​មិនធ្វើឲ្យគ្រប់គ្នា​ខកចិត្តឡើយ បើថ្ងៃណា​មួយ លោក​បាន​ចេញ​អាល់ប៊ុមទោលខ្លួនឯង។

៦. Jihyo (TWICE)

តាំងពី TWICE ត្រូវ​បាន​បង្កើតឲ្យមាន​រូបរាងលើវិស័យតន្ត្រី Jihyo តែងទទួលបាន​ការចាប់អារម្មណ៍ពីមួយថ្ងៃទៅមួយថ្ងៃ។ វា​មិនមែនជារឿងចៃដន្យ ប៉ុន្តែគ្រប់យ៉ាង​អាស្រ័យ​លើការខិតខំ​ប្រឹង​ប្រែង​របស់នាង មិនថា​ការបង្កើនសមត្ថភាព​ច្រៀង រាំឡើយ សូម្បីតែង​បទចម្រៀង ក៏នាងអាច​ទៅរួចដែរ។

ជាមួយគ្នានោះ ពេល​នេះ តារាស្រីរូបនេះ​ បាន​បន្តកុងត្រាជាមួយនឹង​ JYP ហើយ ដូច្នេះ​ឱកាស​ក្នុង​ការឈាន​ជើងទៅជាតារាចម្រៀងទោល ក៏អាច​នឹង​មាន​ភាគរយខ្ពស់ និងមកដល់ក្នុងពេល​ឆាប់ៗដែរ។ នេះ​បើតាមការសន្និដ្ឋានរបស់អ្នកវិភាគ K-Pop

៧. Jimin (BTS)

ទោះបីជា​ Jimin ធ្លាប់​បាន​ចេញបទ​ចម្រៀងទោល ប៉ុន្តែអ្នកគាំទ្រនៅ​មិនទាន់អស់ចិត្តទេ ព្រោះគ្រប់គ្នា ពិតជា​ចង់ឃើញ Jimin បង្ហាញ​ខ្លួនជា​តារាទោលផ្លូវការ និងមកទាំងព្រមជាមួយនឹង​អាលប៊ុមដ៏អស្ចារ្យមួយ។

ដូចប្រិយមិត្តជ្រាប​ស្រាប់​ថា​ សមាជិក BTS សុទ្ធតែជាអ្នកដែល​មាន​សមត្ថភាព និងគុណសម្បត្តិទាំងព្រម ដូច្នេះ​ម្នាក់ៗ ប្រាកដជានឹង​ធ្វើឲ្យ Fan ភ្ញាក់ផ្អើល។ សម្រាប់ Jimin តារា​ដែល​ឆ្លងកាត់​បទពិសោធច្រើន​លើសិល្បៈ ត្រូវ​បាន​គ្រប់គ្នា​ស្គាល់ច្បាស់ទៅហើយពី​សមត្ថភាព​ក្នុងការ​ច្រៀងជាមួយនឹង​ Style ប្លែក​គេ ឬ Unique មាន​តែមួយលើលោក ហើយគ្រប់គ្នា​ក៏ប្រាកដជា​ដឹងថា ទេពកោសល្យរាំរបស់ Jimin អស្ចារ្យកម្រិតណាដែរ។ ស្របពេលក្រុម ដកឃ្លាចេញ​បទរួមគ្នាមួយរយៈ ដោយផ្ដោតលើការងារទោល ដូច្នេះ Jimin គឺជាសមាជិកម្នាក់ដែល ARMY ទន្ទឹង​យ៉ាងអន្ទះសារសម្រាប់ការវិវត្តខ្លួនថ្មីរបស់លោកនាពេល​ឆាប់ នាមជាតារាទោលអាជីពផ្លូវការ៕

ប្រភព៖ kpopstarz អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម