• 2022-10-11 09:08:40
  • ព័ត៌មាន

Prank ឬពិតមែន? លោកតាវ៉ិចទ័រ បញ្ជាក់លើពាក្យក្រេវក្រោធចំពោះនាយពាក់មី

  • 2022-10-11 09:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតឃ្លីបវីដេអូខ្លី ក្នុងសាច់រឿងកំប្លែងគ្រប់គ្រងការថតដោយលោកតាវ៉ិចទ័រដែលនាយពាក់មីយកទៅបង្ហោះជាសាធារណៈថ្ងៃមុន ហើយត្រូវមេស្ដីបន្ទោសនោះ ឥឡូវនេះសាច់រឿងទាំងមូលរកកន្លែងដាក់បញ្ចាំងជាផ្លូវការបានហើយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

ក្រោយនាយពាក់មី បញ្ចេញវីដេអូស្ដីបន្ទោសខ្លាំងៗពីសំណាក់លោកតាវ៉ិចទ័រ មានអ្នកគាំទ្រខ្លះនៅតែគិតថា វាជារឿងដែលនាយពាក់មី ឬលោកតាវ៉ិចទ័របង្កើតឡើងដើម្បីទាញចំណាប់អារម្មណ៍មហាជនឲ្យចាប់អារម្មណ៍ទៅលើរឿងថ្មីរបស់ខ្លួន ប៉ុន្ដែអ្នកខ្លះទៀតគិតថា វាជារឿងពិតព្រោះតាវ៉ិចទ័រប្រើសម្ដីធ្ងន់ៗ ហើយអ្វីដែលធ្វើឲ្យគេកាន់តែធ្វើឲ្យគេជឿជាក់ថាវាជារឿងពិត ព្រោះវីដេអូស្ដីបន្ទោសត្រូវបានលុបចោលវិញ។

អ្នកគ្រប់គ្រងក្រុមកំប្លែងនាយពាក់មី គឺលោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានបញ្ជាក់តាមរយៈsabay នៅថ្ងៃនេះថា វាជាការពិតដែលលោកស្ដីឲ្យកូនចៅ ក្នុងពេលដែលស្នាដៃសម្ដែងមិនទាន់ដឹងច្បាស់ថាដាក់កុងត្រាជាមួយក្រុមហ៊ុនមួយណានៅឡើយផង ក៏ស្រាប់តែបញ្ចេញជាសាធារណៈបាត់។ លោកនៅតែយល់ថា វាជាកំហុសមួយរបស់កូនចៅ តែជឿថានឹងពុំមានរឿងដូច្នេះទៀតនៅថ្ងៃក្រោយទេ។

ការបញ្ជាក់នេះ ធ្វើឡើងក្រោយពីកម្មវិធីកម្សាន្ដចំនួន ៣ របស់ផលិតកម្ម 9COLORS ដែលគ្រប់គ្រងដោយលោកតាវ៉ិចទ័រ មានកុងត្រាចាក់បញ្ចាំងជាផ្លូវការជាមួយស្ថានីយទូរទស្សន៍PNN។ កម្មវិធីទាំងបីនោះ គឺមានកម្មវិធី “ល្អមើល ល្អសើច” “ផ្ទះលេខ១ ផ្ទះលេខ២” និងកម្មវិធី “១៦៥យប់”។ នាយពាក់មី បានយកឈុតមួយក្នុងរឿងទាំងនេះទៅបញ្ចេញ ហើយប្រកាសជាមុនថានឹងមានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN ហើយក៏ត្រូវមាត់លោកតាវ៉ិចទ័រ តែម្ដង។

ប៉ុន្ដែបន្ថែមលើពាក្យសោកស្ដាយដែលបញ្ចេញតាមបណ្ដាញសង្គមកាលពីថ្ងៃមុនថា៖ "នៅពីមុខបន្ទោស តែក្រោយខ្នង បងអាណិត" លោកតាវ៉ិចទ័រ និយាយថានាយពាក់មី និងសមាជិកក្រុមកំប្លែងរបស់លោកជាច្រើនទៀតសុទ្ធតែមានសមត្ថភាព និងទេពកោសល្យសម្ដែង។ ចំពោះលោកនៅតែកោតសរសើរ និងឲ្យតម្លៃសមាជិកក្រុមគ្រប់គ្នា តែរឿងខ្លះបញ្ចេញទៅក្រៅលឿនពេកធ្វើឲ្យមានការលំបាកខ្លាំងដល់លោក៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម