• 2022-10-19 07:50:28
  • ព័ត៌មាន

ផ្ទុះពាក្យចម្រូងចម្រាសគ្នា ពេល ប៊ុត សីហា គ្រងឈុតមង្គលការប្រើពាក្យផ្អែមល្ហែមដាក់នារីម្នាក់

  • 2022-10-19 07:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងលោក ប៊ុត សីហា ដែលទើបរលាស់ខ្លួនចេញពីភក់ជ្រាំ ហើយទទួលបានការជ្រោមជ្រែងពីថៅកែហាងពេជ្រ ទ្រី ដាណា បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកស្គាល់លោកនៅក្នុងរង្វង់សិល្បៈភ្ញាក់ផ្អើល ក្រោយពីលោកបញ្ចេញរូបថតមួយជំហរខ្លួនកំពុងស្លៀកឈុតមង្គលការជាមួយនារីម្នាក់ដោយក្លែមពាក្យស្នេហាដ៏គួរឪ្យចាប់អារម្មណ៍។

អ្វីដែលអតីតម្ចាស់ពាន Cambodian Idol ប៊ុត សីហា បញ្ចេញតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែសីហា ពិត ឬមិនពិតនោះទេ ប៉ុន្ដែមានមនុស្សភាគច្រើនចាប់អារម្មណ៍ទៅលើសាររបស់លោកដែលដាក់ថា គេគ្រប់គ្នាច្បាស់លាស់អស់ហើយ អីចឹងលោកច្បាស់លាស់ដែរសិន ហើយអ្វីដែលគេកាន់តែចាប់អារម្មណ៍៍នោះ គឺពាក្យសន្យាថា នឹងធ្វើឲ្យដៃគូជីវិតញញឹមច្រើនជាងយំ។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ប៊ុត សីហា បញ្ជាក់ថា លោកសុំច្បាស់លាស់ដែរ ព្រោះអាយុកាន់តែច្រើនហើយ។ លោកថា មនុស្សដែលព្រមទទួលយកលោកទាំងដែលឮថាប្រវត្ដិលោកយ៉ាងណា លោកក៏អាចសន្យានិងនាងយ៉ាងខ្លីថា៖ “នឹងធ្វើឲ្យអូនសើច ញញឹម ឲ្យច្រើនជាងយំ”។

មិនទាន់វែកញែកថា រឿងជ្រើសរើសដៃគូជីវិតរបស់តារាចម្រៀងរូបនេះពិត ឬមិនពិតកម្រិតណាផង ក៏មានអ្នកចូលទៅស្ដីបន្ទោសថា មិនទាន់ងើបខ្លួនឯងស្រួលបួល និងរកប្រាក់ចិញ្ចឹមម្ដាយឲ្យបានរស់នៅស្រួលតាមការសន្យារផង ក៏ចង់បានប្រពន្ធបាត់។ អ្នកខ្លះលើកឡើងថា មិនបាច់សន្យារ មើលតែទង្វើក៏ដឹងថា ប៊ុត សីហា យ៉ាងណា ហើយខ្លះទៀតនិយាយថា ពាក្យ"ធ្វើឲ្យអូនសើច ច្រើនជាងយំ” ធ្លាប់ឮច្រើនមកហើយ ថែមទាំងតារាមួយចំនួនសន្យាទៀតផង តែចុងក្រោយខាងស្រីក៏ទឹកភ្នែកយំតាមផ្លូវម្នាក់ឯង។

សូមរំលឹកថា ប៊ុត សីហា ធ្លាប់ខ្លួនក្នុងបញ្ហាគ្រឿងញៀន ហើយមានការរិះគន់ជាច្រើនពីទម្លាប់មិនល្អក្នុងការបំពេញការងារសិល្បៈរបស់លោក។ ប៉ុន្ដែថ្មីៗនេះ លោកប្រកាសកែខ្លួន ហើយសុំឱកាសពីមហាជន ទើបធ្លាយដំណឹងដល់ថ្នាក់ដឹកនាំ និងម្ចាស់ផលិតកម្មធំៗផ្ដល់ឱកាសឲ្យលោក តែលោកសុំតែការគាំទ្រពីមហាជន ហើយធ្វើជាតារាចម្រៀងឯករាជ្យ ដោយមានការជ្រោមជ្រែងពីអ្នកស្រី ទ្រី ដាណា។ ក្រោយមកលោកបានចេញចម្រៀងជាបន្ដបន្ទាប់ មុនធ្លាយដល់រឿងចង់បានប្រពន្ធនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម